- ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៣:២០ នាទី រសៀល

ភ្នំពេញ៖ សមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ ខណៈម្នាក់ទៀតរត់គេចខ្លួន លើករណីឆក់នៅផ្លូវជាតិលេខ៤ និងភ្ជង់អាវុធលើអ្នកដំណើរនៅផ្លូវល្បឿនលឿន។ នេះបើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនៅថ្ងៃទី២៩ ខែមីនា។
មុនមានករណីភ្ជង់យករថយន្តលើផ្លូវល្បឿនលឿន ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពឆក់នៅលើផ្លូវជាតិលេខ៤។ បើតាមស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នេះជាករណីឆក់ ដោយមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់ ទៅលើជនរងគ្រោះ ដែលកំពុងជិះម៉ូតូ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនទៅផ្លូវល្បឿនលឿន។
ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានរៀបរាប់ដូច្នេះ៖ «ក្នុងពេលនោះ សមត្ថកិច្ចបានដេញតាមជនសង្ស័យពេលកិច្ចប្រតិបត្តិការដែលសមត្ថកិច្ចដេញតាមជនសង្ស័យរត់គេចខ្លួននេះ ។ ជនសង្ស័យបានផ្ទុះអាវុធមកលើកម្លាំងសមត្ថកិច្ចយើង ហើយកម្លាំងសមត្ថកិច្ចបានស្ទាក់និងបានដេញមុខសញ្ញានេះត្រឡប់មកខាងផ្លូវជាតិលេខ៥១ វិញ»។
ជនសង្ស័យដែលបានរត់គេចនេះ បានទៅភ្ជង់យករថយន្តជនរងគ្រោះដែលកំពុងធ្វើដំណើរលើផ្លូវល្បឿនលឿន ដើម្បីជិះគេចខ្លួន។ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបញ្ជាក់ថា មកដល់ពេលនេះ កម្លាំងជំនាញពាក់ព័ន្ធកំពុងតាមស្វែងរកជនសង្ស័យដែលរត់គេចខ្លួន៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ុត រស្មី (Uth Raksmey) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ក្នុងឆ្នាំ២០១៩ ក៏ជាឆ្នាំដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មាន និងគមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជាដែរ ។ បច្ចុប្បន្ន រស្មី ជានិពន្ធនាយិការងនៃ ThmeyThmey25។
