- ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:០០ នាទី ល្ងាច

ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផា បានជួយសង្រ្គោះកុមារីម្នាក់ មកពីខេត្តត្បូងឃ្មុំ ដែលត្រូវបានរានទេវតាសង្កត់លើក្បាលរងរបួសធ្ងន់ធ្ងរ ក្រោយព្យាបាលអស់រយៈពេល១សប្ដាហ៍។ នេះបើតាមការផ្សាយហ្វេសប៊ុករបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ។
មន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា រានទេវតាបានរលំសង្កត់លើក្បាលកុមារីអាយុ៥ឆ្នាំនេះ ដែលបណ្ដាលឱ្យបែកលលាដ៍ក្បាល ឆ្អឹងភ្នែកទាំងសងខាង និងសន្លប់ខ្សោយដង្ហើម ដោយសារហើមខួរក្បាលធ្ងន់ធ្ងរ។ មន្ទីរពេទ្យគន្ធបុប្ផា បានជួយសង្រ្គោះ និងព្យាបាលកុមារីរូបនេះ ដោយម៉ាស៊ីនសប់ដង្ហើម និងព្យាបាលហើមខួរក្បាល អស់រយៈពេល៧ថ្ងៃ ទើបដឹងខ្លួន។
ជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផា បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ដំឡើងរានទេវតាឱ្យបានរឹងមាំចៀសវាងការរលំសង្កត់លើក្មេងពេលតោងលេងដោយជាយថាហេតុ។
គួរជម្រាបថា រាល់ការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាគឺឥតគិតថ្លៃ។ ក្នុងឆមាសទី១នៃឆ្នាំ២០២៤នេះ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យនិងព្យាបាលជំងឺកុមារ និងស្រ្តីមានផ្ទៃពោះ បានជាង៥៨ម៉ឺននាក់ និងចំណាយថវិកាជាង២០លានដុល្លារ៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ុត រស្មី (Uth Raksmey) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ក្នុងឆ្នាំ២០១៩ ក៏ជាឆ្នាំដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មាន និងគមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជាដែរ ។ បច្ចុប្បន្ន រស្មី ជានិពន្ធនាយិការងនៃ ThmeyThmey25។
