ប្រាសាទភ្នំបូក ឈរលើកំពូលភ្នំស្ងាត់ទេសចរជាងប្រាសាទភ្នំក្រោម និងមិនល្បីដូចប្រាសាទភ្នំបាខែង
  • ថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:០០ នាទី ព្រឹក
ប្រាសាទភ្នំបូក ឈរលើកំពូលភ្នំស្ងាត់ទេសចរជាងប្រាសាទភ្នំក្រោម និងមិនល្បីដូចប្រាសាទភ្នំបាខែង

សៀមរាប៖ ប្រាសាទភ្នំបូក ជាស្នាព្រះហស្តរបស់ព្រះបាទយសោវរ្ម័នទី១ នាចុងសតវត្សរ៍ទី៩។ ប្រាសាទភ្នំក្រោម និងប្រាសាទភ្នំបាខែង ក៏ត្រូវបានកសាងក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ ប៉ុន្តែប្រាសាទទាំងពីរនេះ ល្បីល្បាញនិងទទួលបានការចាប់អារម្មណ៍ពីប្រជាជនខ្មែរច្រើនជាងប្រាសាទភ្នំបូក។ មូលហេតុមួយសំខាន់បំផុតនោះ គឺប្រាសាទភ្នំបូកនៅឆ្ងាយជាងគេបន្តិច។

TTN-Free-Banner-In-Article-PC




ប្រវត្តិសង្ខេបរបស់ព្រះបាទយសោវរ្ម័នទី១ 

ព្រះបាទយសោវរ្ម័នទី១ បានកសាងប្រាសាទលលៃ ដែលជាប្រាសាទឥដ្ឋដ៏ប្រណីតមួយនៅកណ្ដាលបារាយណ៍ «ឥន្ទ្រតដាក»។ ដោយសារកំណើនប្រជាជន ការពង្រីកក្រុងទៅខាងត្បូង ទល់ទន្លេសាប និងកត្តាសំខាន់ៗជាច្រើនទៀត ព្រះបាទយសោវរ្ម័នទី១ បានសម្រេចប្ដូររាជធានីពី ហរិហរាល័យ មកកាន់តំបន់ភ្នំបាខែង និងដោយយកភ្នំបាខែងជាផ្ចិតរាជធានីយសោធរបុរៈ ឬយសោធរ។ ក្រុងអង្គរធំ និងប្រាសាទអង្គរវត្ត នាពេលបច្ចុប្បន្ននេះ ក៏ស្ថិតនៅក្នុងកំពែងរាជធានីយសោធរ របស់ព្រះបាទយសោវរ្ម័នទី១ផងដែរ។



ព្រះបាទយសោវរ្ម័នទី១ បានកសាងប្រាសាទភ្នំបាខែង ប្រាសាទភ្នំក្រោម និងប្រាសាទភ្នំបូក ក្រោយបានប្ដូររាជធានីពីហរិហរាល័យ មកកាន់យសោធរ។ ប្រាសាទទាំងបីនេះ មានទំហំធំៗ និងត្រូវបានសង់លើកំពូលភ្នំខ្ពស់ៗតែម្ដង។ ព្រះបាទយសោវរ្ម័នទី១ បានសង់ប្រាសាទភ្នំបាខែង ដោយដាប់ថ្មភ្នំធ្វើជាខឿនប្រាសាទចំនួន៥ថ្នាក់។ 

ប្រាសាទភ្នំបូក សំណង់បុរាណលើកំពូលភ្នំដ៏អស្ចារ្យ

ប្រាសាទភ្នំបូក ស្ថិតនៅលើកំពូលភ្នំខ្ពស់ជាងភ្នំបាខែង និងភ្នំក្រោម។ ប្រាសាទភ្នំក្រោម មានឈ្មោះដើមតាមភាសាខ្មែរបុរាណថា «វ្នំករោម» ដែលស្ថិតនៅខាងក្រោមគេ បើយើងរាប់ពីភ្នំគូលែនមក។ ប្រាសាទភ្នំបាខែង មានឈ្មោះថា «វ្នំកន្ដាល» ដែលស្ថិតនៅកណ្ដាលគេ បើយើងរាប់ពីភ្នំបូកមក។ បុរាណវិទូ មិនអាចបញ្ជាក់បានទេថា ប្រាសាទភ្នំបូក មានឈ្មោះដើមអ្វី ដោយសារមិនមានចារច្បាស់ៗនៅក្នុងសិលាចារឹក។ ប៉ុន្តែការហៅប្រាសាទភ្នំបូក អាចដោយសារប្រាសាទនេះ ស្ថិតនៅលើភ្នំខ្ពស់ជាងប្រាសាទភ្នំបាខែង និងប្រាសាទភ្នំក្រោម។

លោក ហួរ សុធន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានផ្ដល់បទសម្ភាសដល់សារព័ត៌មានឌីជីថលថ្មីៗនៅប្រាសាទភ្នំបូក។ រូបថត៖ ឡាយ ឡុង


«អ្នកជំនាញនានា ធ្វើការស្រាវជ្រាវច្រើនអំពីឈ្មោះដើមប្រាសាទភ្នំបូកនេះ ប៉ុន្តែនៅមានភាពស្រពេចស្រពិលនៅឡើយ។ សិលាចារឹកស្តុកកក់ធំ K.235 ផ្ទាំងD ១១បន្ទាត់ខាងលើ និយាយអំពី សិវកៃវល្យ ប្អូនរបស់គាត់បានមកសិក្សានៅម្ដុំក្ដីសូរ ហើយហៅថា វិស័យជើងភ្នំថ្កោ។ គាត់បានមកបួសរៀននៅទីនេះ ហើយបានដាក់ឈ្មោះតំបន់នេះជាឈ្មោះផ្សេងទៀតថា ភទ្រគិរី។» នេះបើតាមលោក ហួរ សុធន។ 

ប្រាសាទភ្នំបូក ប្រាសាទភ្នំបាខែង និងប្រាសាទភ្នំក្រោម មានរាងជា ត្រីកោណ ដែលមានប្រាសាទភ្នំបាខែង ស្ថិតនៅកណ្ដាល។ ខ្ញុំបានចាក់ចម្ងាយ google earth ពីប្រាសាទភ្នំបាខែង ទៅកាន់ប្រាសាទភ្នំបូក ដែលមានចម្ងាយ ១៤ ៥៤១ម៉ែត្រ។ ចម្ងាយត្រង់ពីប្រាសាទភ្នំបាខែង មកកាន់ប្រាសាទភ្នំក្រោម មានប្រវែង ១៦ ០២៣ ម៉ែត្រ។ ចម្ងាយត្រង់ពីប្រាសាទភ្នំក្រោម ទៅកាន់ប្រាសាទភ្នំបូក មានប្រវែង ២៧ ២៤៣ម៉ែត្រ។ 

នៅក្បែរប្រាសាទភ្នំបូកនេះ មានសិវលិង្គធំជាងគេនៅសម័យអង្គរ។ ចម្លាក់សិវលិង្គនៅលើប្រាសាទភ្នំបូក មានទំហំធំជាងគេ ក្នុងចំណោមចម្លាក់សិវលិង្គនានាក្នុងសម័យអង្គរ។ លោក ហួរ សុធន បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ចម្លាក់សិវលិង្គនេះ មានទម្ងន់ប្រមាណ ១៤តោន។ 



«លិង្គនេះ មានកម្ពស់ប្រមាណ ៤.៣ម៉ែត្រ និងមានអង្កត់ផ្ចិត១.២០ម៉ែត្រ។ …លិង្គនេះ អាចមានទម្ងន់ថ្ម ប្រមាណ ១៤តោន។» លោក ហួរ សុធន ថ្លែងដូច្នេះ។ 
 
សិវលិង្គនេះ បានបែកបាក់ និងខូចខាតខ្លាំង។ ដើម្បីរក្សាតម្លៃជាសកល អាជ្ញាធរជាតិអប្សរា បានធ្វើកំណាយ និងជួសជុលចម្លាក់សិវលិង្គនេះឡើងវិញ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា ក៏បានធ្វើរោង ដើម្បីការពារទឹកភ្លៀង ដែលអាចធ្វើឱ្យខូចរចនាសម្ព័ន្ធខឿន និងចម្លាក់សិវលិង្គនេះ។ 
 


លើកំពូលភ្នំបូកនេះ ទេសចរ អាចទស្សនាចម្លាក់ក្បូរក្បាច់តាមតាមជញ្ជាំងប្រាសាទ និងអាចលម្ហែអារម្មណ៍ជាមួយធម្មជាតិលើកំពូលភ្នំ ដែលមានកម្ពស់ប្រមាណ ២២០ម៉ែត្រ។ បើទេសចរឈរលើកំពូលភ្នំនោះ អ្នកនឹងអាចមើលឃើញវាលស្រែដាច់កន្ទុយភ្នែក បូករួមជាមួយការរស់នៅរបស់ពលរដ្ឋនៅភ្នំគូលែន ភ្នំក្រោម ទន្លេសាប និងឧទ្យានជាតិអង្គរ ដែលមានភ្នំបាខែងនៅកណ្តាល៕


អ្នកសរសេរអត្ថបទ

ជម្រាបសួរមិត្តអ្នកអាន! នៅឆ្នាំ២០១៩ ខ្ញុំ សែម វណ្ណា (Sem Vanna) មានឱកាសចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ ផ្នែកផលិតវីដេអូ និងបទយកការណ៍។ បច្ចុប្បន្ន ខ្ញុំ ផ្ដោតលើព័ត៌មានបេតិកភណ្ឌ វប្បធម៌ និងសង្គម។ ក្រៅពីសរសេរព័ត៌មានសង្គមទូទៅ ខ្ញុំ ក៏បានចូលរួមផលិតវីដេអូឯកសារអំពីរមណីយដ្ឋានអង្គរផងដែរ៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម វណ្ណា