- ថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៣:១០ នាទី រសៀល

ភ្នំពេញ៖ មន្រ្តីនៃគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានចូលរួមពិធីបុណ្យសពលោក ហ៊ុន សាន ដែលត្រូវជាបងប្រុសរបស់សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣០ ខែមីនានេះ ។
លោក គង់ មុនីកា សមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ បានលើកឡើងថា ការចូលរួមគោរពវិញ្ញាណក្ខន្ធ បងប្រុសរបស់សម្ដេច ហ៊ុន សែន របស់គណបក្សប្រឆាំង គឺជាកាយវិការគោរព និងការលើកទឹកចិត្តគ្នាក្នុងគ្រាលំបាកក្នុងនាមជាពលរដ្ឋដោយមិនប្រកាន់ទិន្នាការនយោបាយ។
លោក គង់ មុនីកា បញ្ជាក់ដូច្នេះ៖ «ក្នុងនាមជាអ្នកនយោបាយទោះបីជាយើងមានទិន្នាការផ្សេងគ្នាក៏ដោយ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ មិនបានយកខ្មែរណាជាសត្រូវទេ។ យើងប្រកួតប្រជែងគ្នាតាមបែបប្រជាធិបតេយ្យសេរីពិតប្រាកដ ដូច្នេះហើយការជួបទុក្ខលំបាក របស់អ្នកនយោបាយបើទោះបីជាដៃគូប្រជែងយ៉ាងណាក៏ដោយ ក៏យើងតែងតែបង្ហាញនូវសមាចិត្ត ក្នុងការគោរព និងផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក»។
សូមជម្រាបថា លោក ហ៊ុន សាន ដែលជាបងប្រុសច្បងរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលមរណភាព ក្នុងអាយុ៧៨ឆ្នាំ ដោយរោគាពាធ នាវេលាម៉ោង២ និង២៧នាទី ព្រឹកឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥៕



អ្នកសរសេរអត្ថបទ
កញ្ញា អ៊ុត រស្មី (Uth Raksmey) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ក្នុងឆ្នាំ២០១៩ ក៏ជាឆ្នាំដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មាន និងគមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជាដែរ ។ បច្ចុប្បន្ន រស្មី ជានិពន្ធនាយិការងនៃ ThmeyThmey25។
