- ថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:១០ នាទី ល្ងាច

ភ្នំពេញ៖ ទេសចរជាង១០០នាក់ នឹងឡើងភ្នំឱរ៉ាល់ នៅថ្ងៃចូលឆ្នាំថ្មី។ បើតាម លោក ឈឺន ឆីម ប្រធានសហគមន៍ភ្នំឱរ៉ាល់ រៀងរាល់ចុងសប្តាហ៍ តែងតែមានទេសចរ ១-២ក្រុម មកទទួលបទពិសោធឡើងភ្នំ ដែលមានកម្ពស់ ១ ៨១៣ម៉ែត្រនេះ។
ក្រុមទេសចរទាំងនោះ បានកក់ផ្ទះស្នាក់នៅ និងតង់ហើយ សម្រាប់ដំណើរឡើងភ្នំឱរ៉ាល់នេះ។ ជាមួយគ្នានេះ ការឡើងភ្នំឪរ៉ាល់ ត្រូវប្រើពេល៨ ទៅ៩ ម៉ោង ទើបអាចដល់កំពូលភ្នំ។ ប៉ុន្តែបើទេសចរ មិនមានកម្លាំងគ្រប់គ្រាន់នោះ គឺត្រូវសម្រាកនៅត្រឹមចង្កេះភ្នំមួយយប់ ហើយសឹមពេលព្រឹកព្រលឹម បន្តដំណើរឡើងកំពូលភ្នំ។
លោក ឈឺន ឆីម ប្រធានសហគមន៍ភ្នំឱរ៉ាល់ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា៖ «ឈប់សម្រាក៣ថ្ងៃ នៅថ្ងៃទី១៤-១៦មេសា ខាងមុខនេះ មានទេសចរពីរក្រុមកក់ឡើងកំពូលភ្នំឱរ៉ាល់ ដោយសារសម្រស់ភ្នំឱរ៉ាល់ហាក់បីស្រស់ស្អាតខ្លាំងជាទីទស្សនា ដែលទេសចរអាចរំសាយអារម្មណ៍បានយ៉ាងល្អ»។
ប្រធានសហគមន៍ភ្នំឱរ៉ាល់រូបនេះ បានអះអាងថា ទេសចរ ដែលបានឡើងដល់កំពូលភ្នំពិតជាមិនខកបំណងឡើយ ព្រោះពួកគេអាចគយគន់ទេសភាពដ៏ស្រស់ស្អាតជាច្រើនកន្លែង ទស្សនាទឹកធ្លាក់ បោះតង់សម្រាក ជាពិសេសទទួលបានបទពិសោធន៍ថ្មីពីការឡើងភ្នំ។
បន្ថែមពីនេះ ១ត្រីមាសនៃឆ្នាំ២០២៥នេះ ទេសចរបានឡើងភ្នំឪរ៉ាល់ចំនួន ៤៣៣នាក់ ក្នុងនោះមានទេសចរអន្តរជាតិ ១០ភាគរយផងដែរ។ សម្រាប់ភ្ញៀវទេសចរដែលចង់ទៅឡើងភ្នំឱរ៉ាល់ គួរទៅនៅចន្លោះចាប់ខែមករា ដល់ខែមីនា ព្រោះអាកាសធាតុមិនសូវត្រជាក់ខ្លាំងនៅលើកំពូលភ្នំ។ ចំណែកឯចន្លោះពីខែមេសា ដល់ខែមិថុនា ជារដូវភ្លៀង ដូច្នេះពិបាកក្នុងការធ្វើដំណើរឡើងភ្នំបន្តិច។ រីឯចន្លោះពីខែកក្កដា ដល់ខែតុលា ក៏ជារដូវកាលសមស្របសម្រាប់ទេសចរផងដែរ។
ដោយឡែកសម្រាប់វិច្ឆិកា និងខែធ្នូ អាកាសធាតុត្រជាក់ខ្លាំង អាចពិបាកបន្តិចនៅពេលទៅដល់កំពូលភ្នំ។ លោក ឈីម លើកទឹកចិត្តទេសចរឱ្យចំណាយពេលយ៉ាងហោចណាស់៣-៤ថ្ងៃ ដើម្បីកម្សាន្តនៅភ្នំឱរ៉ាល់ ព្រោះមានកន្លែងជាច្រើននៅទីនោះដែលទេសចរមិនគួររំលង៕
អ្នកសរសេរអត្ថបទ
កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២ កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។ បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥ ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។
