- ថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:១០ នាទី ព្រឹក

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក លោក ថោ ជេដ្ឋា បញ្ជាឱ្យមន្ទីរធនធានទឹករាជធានី-ខេត្ត ត្រួតពិនិត្យមើលផលប៉ះពាល់សំណង់អាងទឹក និងសំណង់ធារាសាស្ត្រធំៗទាំងអស់ រួចធ្វើរបាយការណ៍មកក្រសួង ក្រោយមានបាតុភូតរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា និងថៃ ។
នៅថ្ងៃ៣០ ខែមីនានេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក បានចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ស្ថិតក្នុងឃុំតាសាល ស្រុកឱរាល់ ខេត្តកំពង់ស្ពឺ ក្រោយមានបាតុភូតរញ្ជួយដី នៅប្រទេសថៃ និងមីយ៉ាន់ម៉ា។ ក្នុងពេលនោះ លោកក៏បានណែនាំឱ្យមន្ទីររាជធានី-ខេត្ត ពិនិត្យមើលសំណង់អាងទឹក និងសំណង់ធារាសាស្ត្រធំៗ ដោយចាត់ក្រុមការងារបច្ចេកទេស ដើម្បីចុះត្រួតពិនិត្យផលប៉ះពាល់លើសំណង់ទាំងអស់ ហើយរបាយការណ៍មកក្រសួង។
គួរជម្រាបថា មីយ៉ាន់ម៉ា បានជួបគ្រោះរញ្ជួយដីកម្រិត ៧,៧រិចទ័រ ដោយមានជម្រៅ១០គីឡូម៉ែត្រ នៅក្នុងក្រុង Sagaing ដោយមានមនុស្សយ៉ាងហោចណាស់ ៦៩៤នាក់ បានបាត់បង់ជីវិត របួសជាច្រើននាក់ និងអ្នកស្លាប់អាចបន្តកើនឡើង។ រីឯប្រទេសថៃ បានរង រំញ័រកើតចេញពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាកម្រិត ៧,៧រិចទ័រ បានធ្វើឱ្យបាក់រលំអគារ៣០ជាន់ ដែលមានមនុស្សចំនួន ៨១នាក់ជាប់ក្នុងអគារ និងមកទល់ពេលនេះ មនុស្ស ១៧នាក់ បានបាត់បង់ជីវិត៕
អ្នកសរសេរអត្ថបទ
កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២ កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។ បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥ ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។
