រដ្ឋមន្រ្តីសុខាភិបាល ៖ ការបង្ការជំងឺមិនឆ្លងត្រូវធ្វើឡើងតាំងពីនៅក្មេង
- ថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ល្ងាច

ភ្នំពេញ៖ ជំងឺមិនឆ្លង គឺជាឃាតករលាក់មុខដ៏កាចសាហាវ ដែលបានសម្លាប់មនុស្សដោយស្ងៀមស្ងាត់។ ទោះបីជាជំងឺមិនឆ្លងជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភ ប៉ុន្តែលោក ឈាង រ៉ា រដ្ឋមន្តី្រក្រសួងសុខាភិបាល បានអះអាងថាជំងឺមិនឆ្លងមួយចំនួនអាចបង្ការបាន ជាពិសេសត្រូវបង្ការជំងឺនេះតាំងពីវ័យក្មេង។

ជំងឺមិនឆ្លងបានបណ្ដាលឱ្យមនុស្សស្លាប់ប្រមាណ៦៤ភាគរយនៅកម្ពុជា ខណៈឆ្នាំ២០១៤ មានត្រឹមតែ៥២ភាគរយប៉ុណ្ណោះ។ ជំងឺរ៉ាំរ៉ៃនេះ មានជំងឺ៤ចម្បង គឺជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម មហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលបណ្ដាលឱ្យស្លាប់ ៤០ភាគរយ ។ នេះបើតាមការលើកឡើងរបស់ លោក ឈាង រ៉ា រដ្ឋមន្តី្រក្រសួងសុខាភិបាល ក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង» នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែមីនា។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនេះ បានបន្ថែមថា ជំងឺបេះដូងដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែមប្រភេទទី២ អាចបង្ការបាន៨០ភាគរយ និងជំងឺមហារីក អាចបង្ការបានលើស៣០ភាគរយ ដោយការឈប់ពិសាបារី គ្រឿងស្រវឹង និងការបរិភោគអាហារដែលមានសុខភាពល្អ រួមទាំងការធ្វើលំហាត់ប្រាណ។ លោក ឈាង រ៉ា បានសង្កត់ធ្ងន់ថា ការបង្ការជំងឺមិនឆ្លង ត្រូវធ្វើឡើងតាំងពីនៅក្មេង ដើម្បីផ្ដល់ឱ្យកុមារ និងក្មេងជំទង់នូវការយល់ដឹង និងទម្លាប់ល្អ។ លោក ឈាង រ៉ា បានអះអាងដូច្នេះ៖ «កុមារមានសុខភាពល្អ យើងរៀបចំមនុស្សពេញវ័យឱ្យមានសុខភាពល្អដែរ ហើយរាងកាយរបស់ពួកគេក៏អាចទប់ទល់នឹងផលប៉ះពាល់នៃភាពចាស់បានកាន់តែប្រសើរ»។
តាមការសិក្សារបស់អង្គការសុខភាពពិភពលោក ជំងឺមិនឆ្លងមានតម្លៃស្មើនឹង ៦,៦ភាគរយ នៃផលិតផល ក្នុងស្រុកសរុបរបស់កម្ពុជា និងបណ្តាលឱ្យខាតបង់ថវិកា ១,៥ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ុត រស្មី (Uth Raksmey) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ក្នុងឆ្នាំ២០១៩ ក៏ជាឆ្នាំដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មាន និងគមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជាដែរ ។ បច្ចុប្បន្ន រស្មី ជានិពន្ធនាយិការងនៃ ThmeyThmey25។

© រក្សាសិទ្ធិដោយ thmeythmey.com