បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ភាសាវិទូដែល​មាន​ស្នាដៃជា​ច្រើនទាំងនៅកម្ពុជា បារាំង និងកូតឌីវ័រ
  • ថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១២:៥៩ នាទី រសៀល
បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ភាសាវិទូដែល​មាន​ស្នាដៃជា​ច្រើនទាំងនៅកម្ពុជា បារាំង និងកូតឌីវ័រ

បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ សមាជិក​ពេញសិទ្ធិនៃរាជបណ្ឌិត្យ​សភាកម្ពុជា ទីប្រឹក្សារដ្ឋាភិបាល និងជាអតីតប្រធាន​ក្រុម​ប្រឹក្សាជាតិភាសាខ្មែរ បានទទួលមរណភាព​កាលពី​យប់ថ្ងៃទី​២៩ ខែមីនា ដោយរោគាពាធ​ក្នុងអាយុ​៩២​ឆ្នាំ។ ​បញ្ញវន្ត​ជំនាញអក្សរសាស្ត្រ ដែលជាធន​ធាន​ដ៏កម្រ​មួយ​រូប​របស់​កម្ពុជារូបនេះ មិន​ត្រឹម​តែសាង​ស្នាដៃ​ដ៏ច្រើនមហិមា​​សម្រាប់ប្រជាជាតិ​របស់ខ្លួននោះ​ឡើយ ប៉ុន្តែលោក​ក៏បាន​ចែក​រំលែក​ពុទ្ធិ​ចំណេះដឹង​ផ្នែកភាសាវិទ្យា​នៅ​សង្គមបារាំង និងបណ្តា​ប្រទេសអាហ្វ្រិកមួយចំនួន​ផងដែរ ដូចជាកូតឌីវ័រ, ម៉ាដាហ្កាស្កា និងហ្កាបុងជាដើម។

TTN-Free-Banner-In-Article-PC

លោក ព្រុំ ម៉ល់ (Prum Moal) កើតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៣៧ នៅភូមិធ្នង់ ឃុំស្វាយធំ​ ស្រុកស្វាយ​រៀង ខេត្តស្វាយរៀង។ លោកមានកូន៤នាក់។ លោកទទួលបាន​សញ្ញាបត្របរិញ្ញាអក្សរសាស្ត្របារាំងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​នា​ឆ្នាំ១៩៦៥ និង​បានសញ្ញាបត្រថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ​ Rennes I ក្រុង Renne ប្រទេសបារាំង នា​ឆ្នាំ​១៩៧៦។

ក្នុងវិស័យអប់រំ ពីមុន​ និងក្រោយសង្គ្រាម

ទាំងមុន និងក្រោយសង្គ្រាម លោក ព្រុំ ម៉ល់ ដើរតួនាទី​យ៉ាងសំខាន់ក្នុងវិស័យអប់រំនៅ​កម្ពុជា ដោយ​លោក​បង្រៀនអក្សរសាស្ត្របារាំងនៅវិទ្យាល័យព្រះយុគន្ធរភ្នំពេញ ក្នុង​ឆ្នាំសិក្សា១៩៦២-៦៣, បន្ត​ធ្វើ​ជានាយក​សិក្សា​នៅ​វិទ្យាស្ថានជាតិគរុកោសល្យឆ្នាំ​១៩៦៣-៦៤ មុននឹង​ក្លាយជា​អគ្គលេខាធិការ​នៅមហាវិទ្យាសាស្ត្រ និងមនុស្ស​សាស្ត្រ ឆ្នាំ១៩៦៤-១៩៦៧។

ក្នុងឆ្នាំ១៩៦៧ លោក​ធ្លាប់ទទួលបន្ទុកបេសកកម្មពិសេសនៅខុទ្ទកាល័យ​រដ្ឋមន្ត្រីអប់រំ ហើយ​បន្តធ្វើជាព្រឹទ្ធបុរស​នៃមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧១។ ពីចុង​ឆ្នាំ១៩៧១ ដល់​ខែកញ្ញា ឆ្នាំ១៩៧២ លោក​បម្រើ​ផ្នែកកិច្ចការនៅ​ការិយាល័យ​ភាសាបារាំងនៅនាយកដ្ឋាននៃកិច្ចការគរុកោសល្យ។

ក្រោយ​របបខ្មែរ​ក្រហម លោក​ ព្រុំ ម៉ល់ បន្ត​កិច្ចការ និងមុខ​ងារ​ផ្នែកបង្រៀន​ភាសាវិទ្យា និងដឹកនាំការស្រាវជ្រាវធ្វើ​សារណា និងនិក្ខេបបទនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីឆ្នាំ២០០០ដល់ឆ្នាំ​២០១៣។ លោកធ្លាប់​បង្រៀន​សង្គម​ភាសាវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យ​ខេមរៈ។ លោកក៏បាន​បង្រៀន​វចនវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង​បង្រៀនន័យកម្ម​វិទ្យានៅវិទ្យាស្ថាន​វិទ្យាសាស្ត្រ​សង្គម និង​បច្ចេកវិទ្យាក្នុងខេត្ត​ស្វាយរៀងផងដែរ។ 

ពីខែមីនា ឆ្នាំ២០០៧ ដល់ខែសីហា ឆ្នាំ២០១១ លោកទទួលបន្ទុកបន្ទុកដឹកនាំគណៈកម្មាធិការជាតិភាសាខ្មែរ (គ.ជ.ភ.ខ.) ក្នុងឋានៈជាអនុប្រធានអចិន្ត្រៃយ៍ ហើយក្លាយជាប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១១ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦។

បេសកកម្ម​អប់រំភាសាវិទ្យានៅបារាំង និង​បណ្តាប្រទេសអាហ្វ្រិក ជាពិសេសកូតឌីវ័រ

ឯកសារប្រវត្តិរូប បង្ហាញឱ្យឃើញថា លោក ព្រុំ ម៉ល់ មាន​បេសកកម្មដ៏មមាញឹកនៅបរទេសចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩៨ ដែលមានន័យថា លោក​បាន​រួចផុតពីរបបប្រល័យពូជសាសន៍។ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៧ លោក​បង្រៀនសូរវិទ្យានិងសទ្ទតាវិទ្យាខ្មែរ នៅសាកលវិទ្យាល័យរ៉ែនទី២ ក្រុងរ៉ែន (ប្រទេសបារាំង)។

ពីឆ្នាំ១៩៧៧ដល់ឆ្នាំ១៩៧៩ លោកជានាយកសិក្សា នៅវិទ្យាល័យអេស្សេឡេ និង បង្រៀនភាសាវិទ្យា នៅមហាវិទ្យាល័យអក្សរសាស្ត្រនិងមនុស្ស-សាស្ត្រនៅរដ្ឋធានីលីប្រឺវិល (ប្រទេសហ្គាបុង) មុនចូល​បម្រើក្នុងក្របខណ្ឌទំនាក់ទំនង​រវាងក្រសួងការបរទេសបារាំង និងប្រទេសនានា។

ក្នុងមុខងារនៅក្រៅប្រទេសនេះ លោក ព្រុំ ម៉ល់ បង្រៀនភាសាវិទ្យា នៅសាលាគរុកោសល្យជាន់ខ្ពស់ នៅរដ្ឋធានីអាប៊ីហ្សង់ (ប្រទេសកូតឌីវ័រ) ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៦ ហើយបន្តបង្រៀនភាសាវិទ្យា និង ដឹកនាំការស្រាវជ្រាវធ្វើនិក្ខេបបទនៅមហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្សសាស្ត្រនៃសាកលវិទ្យាល័យទូឡេអា (ប្រទេសម៉ាដាហ្គាស្ការ) ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩២។

លោកបាន​វិល​ទៅកាន់​ប្រទេសកូតឌីវ័រ​សារជាថ្មី ដើម្បី​បង្រៀនភាសាវិទ្យា និងដឹកនាំការ​ស្រាវជ្រាវ​ធ្វើនិក្ខេបបទ និនៅមហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្សសាស្ត្រនៃសាកលវិទ្យាល័យអាប៊ីហ្សង់ ពីឆ្នាំ១៩៩២ដល់ឆ្នាំ១៩៩៨។

ចំពោះ​កម្មសិក្សាសុក្រិតកម្ម លោក​បាន​ធ្វើ​កម្មសិក្សា​ BLACT (Bureau de Liaison des Agents de Coopération Technique) នៅសាកលវិទ្យាល័យម៉ារសី (Marseille) ខែកក្កដា ឆ្នា១៩៨៣ ដើម្បីពង្រីកនិងពង្រឹងចំណេះក្នុងការបណ្ដុះបណ្ដាលអ្នកបណ្ដុះបណ្ដាល (គរុនិស្សិត) ដែល​រៀបចំដោយក្រសួងការបរទេសបារាំង។

បន្ទាប់​មក​ លោក​ធ្វើ​កម្មសិក្សា CRÉDIF (Centre de Recherche et d’Étude pour la Diffusion du Français) នៅសាកលវិទ្យាល័យរូអង់ (Rouen) នា​ខែកក្កដា ឆ្នាំ១៩៨៥ ដើម្បីបង្កើនឧបទេស (didadiqe) ក្នុងការបង្រៀនភាសាបរទេស និង ភាសាទី២ (ភាសាដែលមិនមែនមាតុភាសា ហើយ ក៏មិនមែនជាភាសាបរទេសដែរ គឺភាសាដែលគេប្រើតាំងពីកុមារភាពមក ដូចភាសាបារាំងក្នុងប្រទេសមួយចំនួន នៅទ្វីបអាហ្វ្រិក) រៀបចំដោយសាលាគរុកោសល្យជាន់ខ្ពស់សាំងគ្លូ (Saint-Cloud)។

បណ្ឌិតសភាចារ្យ​ស្ថាបនិក

ចំពោះ​ឋានៈវិញ លោក ព្រុំ ម៉ល់ ត្រូវបានទទួលស្គាល់​ជាបណ្ឌិតសភាចារ្យ​ស្ថាបនិក តាមរយៈព្រះរាជក្រឹត្យ​ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ បើតាម​គេហទំព័ររាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិតសភាចារ្យ​ស្ថាបនិក​ផ្សេងទៀត​រួមមាន សម្តេច ហ៊ុន សែន, សម្តេច សុខ អាន, លោកស្រី ខ្លូត ធីតា, លោក ស៊ន សំណាង, លោក ស៊ុំ ឈុំប៊ុន, លោក រស់ ចន្ត្រាបុត្រ, លោក តិច សំណាង, លោក ជា ណេង, លោក សំ សោភាន់, លោក សោម សុមុនី, លោក ខៀវ ថវិកា, លោក ឆយ អូន, លោក ឃីង ហុកឌី, លោក ម៉ក់ ភឺន និង​លោក ថោង ធែល។

លោកក្លាយជាសមាជិក​ពេញសិទ្ធិរាជបណ្ឌិតសភាកម្ពុជា តាមអនុក្រឹត្យ​ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០២ បន្ទាប់មក​ក្លាយជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី ដែលមាន​ឋានៈស្មើអនុរដ្ឋលេខាធិការនៅឆ្នាំ២០០៦ ហើយ​ឡើងឋានៈស្មើរដ្ឋលេខាធិការនៅ​ឆ្នាំ២០០៨។

នៅឆ្នាំ២០១១ លោកត្រូវបាន​តែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលទទួលបន្ទុកផ្នែកភាសាវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានឋានៈស្មើ​រដ្ឋមន្ត្រី។ ឈាន​ដល់​រដ្ឋាភិបាលអាណត្តិទី៧ក្រោម​ការដឹកនាំរបស់​សម្តេច ហ៊ុន ម៉ាណែត បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ដែលជាអតីតប្រធានក្រុម​ការងារគម្រោង​នៃបច្ចុប្បន្ន​កម្ម​វចនានុក្រម​ខ្មែរផងដែរនោះ បន្ត​តួនាទីជាទីប្រឹក្សា​រដ្ឋាភិបាល ហើយមាន​ឋានៈស្មើទេសរដ្ឋមន្ត្រី។

ស្នាដៃភាសាជាតិ

បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ មាន​ស្នាដៃបោះពុម្ពផ្សាយជាច្រើនទាំងភាសាខ្មែរ និងភាសាបារាំង។ ស្នាដៃជាភាសាខ្មែរ មាន​ដូចជា «លទ្ធភាពបង្កើតពាក្យនិងការបង្កើតពាក្យ ក្នុងភាសាខ្មែរ» ក្នុង​បទអន្តរាគមន៍ក្នុងសមាជជាតិ ស្ដីពីការស្រាវជ្រាវក្នុងភាសាខ្មែរ រៀបចំដោយវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា, «អំពីលក្ខណៈវិនិច្ឆ័យរូបនិយម»។

មូលដ្ឋាននៃសង្គមភាសាវិទ្យា, មូលដ្ឋាននៃន័យកម្មវិទ្យាទូទៅ, មូលដ្ឋាន សូរវិទ្យា សទ្ទតាវិទ្យា និង វិជ្ជាសន្ដាន ដែល​សង្ខេបសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា, «ចំណុចគួរកត់សម្គាល់ក្នុងភាសាខ្មែរបច្ចុប្បន្ន», បទអន្តរាគមន៍ស្តីពី «ការប្រើប្រាស់សញ្ញាប្រយោគមួយចំនួនក្នុងភាសាខ្មែរបច្ចុប្បន្ន», បឋកថា អំពី «លក្ខណៈពិសេសរបស់គុណនាមខ្មែរ», «ពាក្យ កន្សោមពាក្យ និង ល្បះ ដែលបញ្ជាក់លក្ខណៈឱ្យនាមសព្ទ», «ការសម្របសូរនិងទំនាញសូរ», «គម្លាតរវាងចំនួនសូរស្រៈនិងសញ្ញាស្រៈ និង គម្លាតរវាងសូរព្យញ្ជនៈនិងសញ្ញាព្យញ្ជនៈ», «វិធីកម្លាយក្នុងភាសាខ្មែរ : បញ្ហាកង្វះផ្នត់សម្រាប់ធ្វើវិធីកម្លាយឱ្យមានសម្បូរណ៍បែប, បញ្ហាវិសាលភាពតូចចង្អៀតនៃផ្នត់មួយចំនួន និង បញ្ហាសទិសសូរវេយ្យាករណ៍វិស័យ» ។

បណ្ឌិត​សភាចារ្យ ព្រុំ ម៉ល់ មាន​​កិច្ច​ការ​ស្រាវជ្រាវរួមផ្សេងទៀត ដូចជា​ «ពណ៌នាសង្ខេបអំពីភាសាស្អូច», វេយ្យាកណ៍ទម្រង់និយមនៃភាសាខ្មែរទំនើប :§  ភាគទី១ សូរ សទ្ទតា អក្ខរាវិរុទ្ធ», ដោយមានជំនួយពីលោក ជុំ ស៊ុនណាង, លោក ប៊ី សុខគង់, លោក វ៉ាន់ ម៉ូន, ភាគទី២ វចនវិទ្យា និង ប្រភេទពាក្យ ដោយមានជំនួយពីលោក កែវ លីណែត និង លោក វ៉ាន់ ម៉ូន។

«អំពីគុណនាមក្នុងភាសាខ្មែរបច្ចុប្បន្ន» ជាកិច្ចការស្រាវជ្រាវរួមជាមួយលោក ប៊ី សុខគង់, អំពីភាសាជនជាតិដើមភាគតិចចំនួនពីរនៅផ្នែកខាងលិចនៃប្រទេសកម្ពុជា: ភាសាស្អូចនិងភាសាសួយ ក្រោមការដឹកនាំរួមជាមួយ​បណ្ឌិត Jacques RONGIER។

ស្នាដៃជាភាសាបារាំង

ស្នាដៃជាភាសាបារាំង មានដូចជា​ «វិភាគសង្ខេប អំពីទម្រង់ភាសាខ្មែរ», «សញ្ញាណលិង្គ និង សញ្ញាណវចនៈ ក្នុងភាសាខ្មែរ», «អាទ្យាចរិយកម្ម (INITIATION) ខាងភាសាវិទ្យា» «សង្គមភាសាវិទ្យា», កម្រងអត្ថបទសិក្សា និង ការណែនាំក្នុងវិធីស្រាវជ្រាវ នា១៩៩១ សម្រាប់​មហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្សសាស្ត្រ សាកលវិទ្យាល័យទូឡេអារ (ប្រទេសម៉ាដាហ្គាស្ការ)។

«ការវិភាគរកការឆ្លងគ្នារវាងភាសានិងភាសា និង រវាងវប្បធម៌និងវប្បធម៌» (substrats linguistique et extralinguistique en didactique des langues) ក្នុងសៀវភៅបង្រៀនភាសាបារាំង ដែលបោះពុម្ពផ្សាយ ដោយសាកលវិទ្យាល័យគ្រឺណូបល៍ទី៣, «អភិក្រមសង្គមភាសាវិទ្យា (Processus sociolinguistique) ក្នុងការវិវឌ្ឍន៍ប្រព័ន្ធវចនវិទ្យានៃភាសាខ្មែរ» ផ្សាយ​ក្នុងទស្សនាវដ្ដី «Tétralogiques» នៃសាកលវិទ្យាល័យរ៉ែនទី២, ក្រុងរ៉ែន។

ក្រៅពីនេះ មាន​ស្នាដៃ​ផ្សេងទៀតត្រូវបាន​បោះពុម្ពផ្សាយ​ដោយទស្សនាវដ្តី​ នៃសាកលវិទ្យាល័យអាប៊ីហ្សង់ ប្រទេសកូតឌីវ័រ រួមមាន «ភាសាវិទ្យាអនុវត្តន៍ក្នុងការបង្រៀនភាសា», «ផលវិភាគភាសា និង ការសិក្សាអំពីកំហុសក្នុងការប្រើប្រាស់ភាសា», «វិធីបង្រៀនភាសាដោយយកសមត្ថភាពទំនាក់ទំនងជាមូលដ្ឋាន» (Approche communicative en didactique des langes), «គ្រឹះទ្រឹស្ដី ដើម្បីសង្គមភាសាវិទ្យាជាប្រព័ន្ធ», ។ «ការរួមចំណែក ដើម្បីឱ្យយល់កាន់តែច្បាស់អំពីភាសាល្បាយ ហៅថា «ពីតឈីន» (pidgin)» ដែលជាការដឹកនាំ​កិច្ច​ការស្រាវជ្រាវរួម​សម្រាប់​បទអន្តរាគមន៍​ក្នុង​សមាជទី២១ នៃ «សហគមន៍ភាសាវិទូ​នៅ​ទ្វីបអាហ្វ្រិកខាងលិច» នៅក្រុងអាប៊ីហ្សង់ កាលពី​ខែ​កក្កដា ឆ្នាំ១៩៩៨។

អ្នក​ប្រាជ្ញ​ខ្មែរមួយរូបដ៏គួរឱ្យគោរពបំផុត

ក្នុងសាររំលែកទុក្ខ ជូនចំពោះភរិយា​លោក ព្រុំ ម៉ល់ គឺ​លោកស្រី ស៊ី សុភី លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​សម្តែងការសោកស្តាយចំពោះ​ការបាត់បង់ធនធាន​មនុស្ស​ដ៏កម្រមួយរូប ដែលតែងតែ​ចូលរួម​យ៉ាងសកម្មអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការស្រាវជ្រាវ ជ្រោមជ្រែងនិង ការដឹកនាំវិស័យអក្សរសាស្ត្រជាតិឱ្យមានភាពរីកចម្រើន។

«គុណបំណាច់ដ៏ធំធេងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ យើងខ្ញុំទាំងអស់គ្នាក៏ដូចជាប្រជា ជាតិខ្មែរទាំងមូលនឹងចងចាំជានិច្ច ដោយចារឹកទុកក្នុងចិត្ត ក្នុងប្រវត្តិសាស្ត្រ និងរៀនសូត្រតាមគំរូវីរភាពដ៏ ឧដុង្គឧត្តមរបស់ឯកឧត្តមបណ្ឌិត្យសភាចារ្យ»។ នេះជាការលើកឡើងរបស់បណ្ឌិតសភាចារ្យ សុខ ទូច។

ដូចគ្នា​ផងដែរ ​បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ចាត់ទុក​បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ជាអ្នក​ប្រាជ្ញ​ខ្មែរ​មួយរូបដ៏គួរឱ្យគោរពបំផុត ដោយ​លោក​បានខិតខំប្រឹងប្រែងពេញមួយជីវិត ដើម្បីបុព្វហេតុភាសានិងអក្សរសាស្ត្រជាតិ។

លោក គិន ភា លើកឡើង​ថា ស្នាដៃចុងក្រោយរបស់លោក ព្រុំ ម៉ល់ មុនទទួលមរណភាព គឺ «វចនានុក្រមភាសាខ្មែរបច្ចុប្បន្ម ភាគទី១ ក-ន ចេញផ្សាយគ្រាទី២ ឆ្នាំ២០២២»។ លោក​បន្ថែមថា ទោះបីជាមានវ័យជរាណាស់ទៅហើយក្តី លោកនៅតែខិតខំរៀបចំបន្ត «វចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ភាគទី២» ទៀត ហើយ​មុនពេលទទួលមរណភាព លោកមិនបានដេកដួលចូលព្យាបាលជំងឺនៅមន្ទីរពេទ្យណាមួយឡើយ។ លោកនៅតែអង្គុយធ្វើការជាមួយសិស្សគណរបស់លោករហូតដល់ថ្ងៃផុតដង្ហើម។ 

«ក្នុងវិស័យភាសានិងអក្សរសាស្ត្រជាតិ រូបលោកប្រៀបដូចជាគ្រឹះផ្ទះដែលនៅកប់យ៉ាងជ្រៅនៅក្នុងដី សម្រាប់ទ្រទ្រង់តួផ្ទះដែលកំបាំងពីភ្នែកអ្នកផង ម្ល៉ោះហើយគ្រឹះដ៏រឹងមាំនេះ មិនបានបញ្ចេញសម្រស់ដូចហោជាងឬក្បាច់រចនាលម្អខាងក្រៅទេ។ នៅពេលមនុស្សភាគច្រើនចាប់អារម្មណ៍តែទៅលើទម្រង់ខាងក្រៅ គេនឹងភ្លេចគិតដល់ខ្លឹមសារខាងក្នុង ដូចគ្នានឹងការណ៍ដែលមនុស្សសរសើរតែរសផ្អែមនៃនំ ភ្លេចនឹកដល់គុណស្ករ»៕ 



អ្នកសរសេរអត្ថបទ

លោក អ៊ឹង ចំរើន  (Ung Chamroeun) មានកំណើតនៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប  ខ្ញុំចូល​​ប្រឡូក​ក្នុងវិស័យ​សារព័ត៌មាន​ចាប់តាំងពី​ឆ្នាំ​២០០៣មក នៅពេល​ដែល​ខ្ញុំ​រៀន​ឆ្នាំ​ទី​៤នៅ​វិទ្យាស្ថានភាសាបរទេសផ្នែក​ភាសា​បារាំង នៃ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើជំនាញ​សារព័ត៌មាន និងទេសចរណ៍។...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុឹង ចំរើន