បន្ទាយមានជ័យ ជាខេត្តទី១៨ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
  • ថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
បន្ទាយមានជ័យ ជាខេត្តទី១៨ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ភ្នំពេញ៖ បន្ទាយមានជ័យ ជាខេត្តទី១៨ ដែលបានប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ជាផ្លូវការ ជាមួយអត្រាពលរដ្ឋមានបង្គន់ប្រើប្រាស់១០០ភាគរយ។ ការប្រកាសនេះ ត្រូវបានទទួលស្គាល់ និងផ្ដល់ជ័យលាភីដោយក្រសួងក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១ ខែមេសា។

TTN-Free-Banner-In-Article-PC

តាមរយៈរបាយការណ៍​ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បញ្ជាក់ថា ខេត្តបន្ទាយមានជ័យ មានពលរដ្ឋប្រមាណ ២០១ ៣៨១គ្រួសារ និងមានបង្គន់សរុប ១៧០ ២៩៩ខ្នងផ្ទះ ឬស្មើ១០០ភាគរយ។  ក្នុងចំណោមនោះ ផ្ទះដែលប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនមានចំនួន ១៦៣ ០៤៩ខ្នង ឬស្មើ ៩៥,៧៤ភាគរយ ឯផ្ទះដែលប្រើបង្គន់រួមមានចំនួន ៧ ២៥០ខ្នង ឬស្មើ ៤,២៦ភាគរយ។ 

ចំពោះ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ការផ្លាស់ប្តូរទម្លាប់បន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ បានបង្ហាញថា ពលរដ្ឋខេត្តបន្ទាយមានជ័យកំពុងរស់ក្នុងភាពស៊ីវិល័យ។​ យ៉ាងណា រដ្ឋមន្ត្រីរូបនេះ ក៏អំពាវនាវឱ្យរដ្ឋបាលខេត្ត ក៏ដូចជាភាគីពាក់ព័ន្ធបន្តការចូលរួមលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេស ជួយខេត្តភាគពាយ័ព្យមួយនេះឈានទៅសម្រេចបាន ODF Plus នាពេលមុខ។ 

សូមជម្រាបថា បច្ចុប្បន្ន មានខេត្តចំនួន ១៨ហើយ ដែលបានប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាស (ODF និង ODF+) ក្នុងនោះមាន រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគិរី សៀមរាប ត្បូងឃ្មុំ តាកែវ ស្ទឹងត្រែង កំពង់ធំ ប៉ៃលិ​ន បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលជាខេត្តទី១៨៕  


អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា