ក្រុមការងារចំពោះកិច្ច ក.គ.ម.៖ ផ្លូវក្រវាត់ព្រំដែនសម្រេចបានជិត៤០ភាគរយ
- ថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១០:២៦ នាទី ព្រឹក

ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើ ការកសាងផ្លូវក្រវាត់ព្រំដែន (ក.គ.ម.) កាលពីថ្ងៃទី១ ខែមេសា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

ការកសាងផ្លូវក្រវាត់ព្រំដែនដោយគិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ ដល់បំណាច់ខែមីនា ឆ្នាំ២០២៥នេះ ត្រូវបាន ក.គ.ម. អះអាងក្នុងរបាយការណ៍ថា ទទួលបានលទ្ធផលជាច្រើន ហើយការប្រើប្រាស់ថវិកា មានភាពត្រឹមត្រូវ ធានាបាននូវតម្លាភាព គណនេយ្យភាព និងក្នុងស្មារតីសន្សំសំចៃខ្ពស់។
របាយការណ៍បានបង្ហាញពីវឌ្ឍនភាពនៃការងារកសាងផ្លូវ ការងាររាវរកគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ ការកសាងសម្រេចជាស្ថាពរសំណង់សិល្បការ រួមមានលូប្រអប់ លូមូលបេតុង និងថ្នល់បេតុងបង្ហៀរទឹក ជាដើម។
ចំពោះវឌ្ឍនភាពនៃដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ៥ខែ កន្លងមកនេះ ក.គ.ម បានបង្ហាញពីការងារឈូសព្រៃទទឹកសម្រាប់រកផ្លូវខ្សែដំបូង, ការឈូសផ្លូវទទឹងសម្រាប់រកអ័ក្សផ្លូវ, ការលុបជ្រលង-អូរ ការបន្ទាបចំណោតភ្នំ និងការធ្វើប្រឡាយ រួមទាំងការកសាងតួផ្លូវ និងចិតជញ្ជាំងភ្នំ ក្រាលល្បាយ កម្ទេចថ្ម ជាដើម។
«ជាលទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន នេះ គឺសម្រេចបានប្រមាណ ៣៩,៩២% នៃផែនការ ក្នុងនោះ ខេត្តមណ្ឌលគីរី បានប្រវែង ៤៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤២,៤៥% និងខេត្តរតនគិរី បានប្រវែង ៣០,៣០ ០,៣០ គីឡូម៉ែត្រ ស្មើនឹង ស្មើនឹង ៣៤,២៦%»។ នេះបើតាមរបាយការណ៍ របស់ក្រុមការងារចំពោះកិច្ច ក.គ.ម.។
នៅចំពោះមុខ ក្រុមការងារអះអាងថា កំពុងបន្តជំរុញការងារបោសសម្អាតមីនយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀត, បន្តជំរុញល្បឿនកសាងផ្លូវក្នុងរដូវប្រាំង ដោយធានាឱ្យបានតាមបទដ្ឋានលក្ខណៈបច្ចេកទេស មានគុណភាព និង ភាពធន់នឹងអាកាសធាតុ, បន្តជំរុញល្បឿននៃការកសាងសំណង់សិល្បការ្យធ្វើយ៉ាងណាឱ្យសម្រេចជាស្ថាពរ នៅមុនពេលភ្លៀងធ្លាក់ជោគជាំនារដូវវស្សាដ៏ឆាប់ខាងមុខនេះ។
ក.គ.ម. ត្រូវបានបង្កើតឡើងតាមរយៈសេចក្តីសម្រេចដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ ក.គ.ម ដឹកនាំដោយលោក គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក ខ្វាន់ ស៊ាម អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការវិស្វកម្ម ទទួលបន្ទុកជាអនុប្រធាន៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com