«AWA Charity Food Day» នាំកុមារមានពិការភាព បង្ហាញវត្តមានក្នុងសង្គម
  • ថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១២:៣៩ នាទី រសៀល
«AWA Charity Food Day» នាំកុមារមានពិការភាព បង្ហាញវត្តមានក្នុងសង្គម
កម្មវិធីសប្បុរសធម៌ «កម្មវិធីចែកអំណោយសប្បុរសធម៌នៅអង្គរវ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម» ឬ«AWA Charity Food Day» ដល់កុមារមានពិការភាព កុមារកំព្រា និងកុមារមកពីគ្រួសារខ្វះខាត ក្នុងខេត្តសៀមរាប ចំនួន១៦០នាក់។

សៀមរាប៖ អង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០១ ខែមេសា បានរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ «កម្មវិធីចែកអំណោយសប្បុរសធម៌នៅអង្គរវ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម» ឬ«AWA Charity Food Day» ដល់កុមារមានពិការភាព កុមារកំព្រា និងកុមារមកពីគ្រួសារខ្វះខាត ក្នុងខេត្តសៀមរាប ចំនួន១៦០នាក់។

TTN-Free-Banner-In-Article-PC

ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក ម៉េង ហៀង ប្រធានក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម បានលើកឡើងថា កម្មវិធីនេះជាកម្មវិធីសប្បុរសធម៌ដំបូងបំផុតដែលស្ថាប័នខ្លួនរៀបចំឡើង ដើម្បីផ្ដល់ស្នាមញញឹម ចែករំលែកសេចក្ដីស្រឡាញ់ដល់កុមារកំព្រា កុមារមកពីគ្រួសារខ្វះខាត និងកុមារមានពិការភាព ឱ្យទទួលបានឱកាសសិក្សា និងកម្សាន្តនៅអាងពិព័រណ៍ត្រី និងសត្វព្រៃ នៅ អង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម ខេត្តសៀមរាប និងជិះកន្ត្រក អង្គរ អាយ ព្រមទាំងទទួលការទទួលទានអាហារសាមគ្គីពីម្ចាស់ជំនួយជាច្រើនដទៃទៀត។ 

លោកបន្ថែមទៀតថា កម្មវិធីនេះក៏ជាឱកាសបង្ហាញពីការយកចិត្តទុកដាក់ និងការបំផុសគំនិតនៃការចែករំលែក និងជួយដល់ជនទន់ខ្សោយ ឬជនងាយរងគ្រោះ ដោយផ្ដល់អ្វីទៅកាន់ពួកគេ នូវអ្វីដែលពួកគេមិនទាន់មានលទ្ធភាពទទួលបានវា។ 

កុមារមានពិការភាព មកពីអង្គការ Safe Heaven Medical Outreach ក្នុងកម្មវិធីសុប្បុរសធម៌ «AWA Charity Food Day»។ 

កម្មវិធីសប្បុរសធម៌នេះ ធ្វើឡើងរយៈពេល៦ថ្ងៃ ដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥នេះ។ នេះបើតាមលោក ម៉េង ហៀង ដោយបន្ថែមថា នាអំឡុង៦ថ្ងៃនេះ ក៏មានការបញ្ចុះតម្លៃការចូលទស្សនា អង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម ត្រឹមតែ ៥,៥០ដុល្លារប៉ុណ្ណោះ ហើយក្នុងនោះថវិកាដែលបានពីលក់សំបុត្រនឹងដក ០,៥០ដុល្លារ ក្នុងមួយសំបុត្រ ចូលជាកញ្ចប់សប្បុរសធម៌ សម្រាប់កុមារទាំង១៦០នាក់។ 

កម្មវិធីសប្បុរសនេះ ក៏មានការសហការចូលរួម ដោយអង្គរអាយ (Angkor Eye)ផងដែរ។ ដើម្បីចូលរួមសកម្មភាពសប្បុរសធម៌នេះ អង្គរអាយ ក៏បញ្ចុះតម្លៃសំបុត្រចូលជិះកន្ត្រកតម្លៃត្រឹមតែ ៣,៥០ដុល្លារប៉ុណ្ណោះ ក្នុងនោះថវិកាដែលបានពីលក់សំបុត្រនឹងត្រូវដក ០,៥០ដុល្លារ ក្នុងមួយសំបុត្រចូលទៅក្នុងកញ្ចប់សប្បុរសធម៌។ 

លោក ម៉េង ហៀង ប្រធានក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម។

ជាជនជាតិជប៉ុន និងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Koei លោក Sekiguchi Noriaki បង្ហាញពីការអារម្មណ៍សប្បាយរីករាយរបស់ខ្លួន ដែលបានចូលរួមក្នុងសកម្មភាពសប្បុរសធម៌ ជួយទៅដល់ជនងាយរងគ្រោះក្នុងខេត្តសៀមរាប ដែលជាកុមារកំព្រា​ កុមារមកពីគ្រួសារខ្វះខាត ជាពិសេសកុមារមានពិការភាព។ 

លោកបន្ថែមទៀតថាកម្មវិធីសប្បុរសធម៌នេះ ជាឱកាសដែលអាចឱ្យកុមារ និងក្រុមគ្រួសារពួកគេបានបង្ហាញវត្តមានពួកគេក្នុងសង្គម ដោយមិនមានភាពខ្មាសអៀន និងទទួលបានបទពិសោធនៃការជិះកន្ត្រក។ លោកបន្ថែមទៀតថា តាមរយៈសកម្មភាពនេះក៏ជាឱកាសបង្ហាញថា ពួកគេមិនត្រូវបានសង្គមបំភ្លេចពួកគេឡើយ។ 

លោក Sekiguchi Noriaki ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Koei ។

លោកសង្កត់ធ្ងន់ដូច្នេះ៖ «ចំពោះកុមារដែលបានមកនៅថ្ងៃនេះ ខ្ញុំចង់ឱ្យពួកគេបង្ហាញនូវភាពក្លាហាន ទៅកាន់ពិភពលោក ហើយយើងតែងតែរង់ចាំគាំទ្រពួកគេជានិច្ច»។ 

ក្នុងចំណោមកុមារទាំង១៦០នាក់ ក្នុងកម្មវិធីសប្បុរសធម៌ទាំងនោះក្នុងនោះ ៦០នាក់ជាសិស្សមកពីសាលាកម្រងមួយចំនួនក្នុងស្រុកសូត្រនិគម និងកុមារ៣០នាក់ ពីសាលាចក្ខុវិស័យកម្ពុជាថ្មជ្រួញ នៃសហគមន៍ភ្នំគូលែន ជាកុមារកំព្រា និងមកពីគ្រួសារខ្វះខាត។ ដោយឡែកកុមារ៧០នាក់ទៀត ជាកុមារមានពិការភាព មកពីអង្គការ Safe Heaven Medical Outreach ខេត្តសៀមរាប។ 


លោកស្រី ជន លក្ខណា ប្រធានអង្គការ Safe Heaven Medical Outreach ។

លោកស្រី ជន លក្ខណា ប្រធានអង្គការ Safe Heaven Medical Outreach មើលឃើញថាកម្មវិធីសប្បុរសធម៌នេះ ជាព្រឹត្តិការណ៍ដំបូងបំផុត និងអស្ចារ្យមួយសម្រាប់កុមារមានពិការភាពពីអង្គការខ្លួន។ អ្នកស្រីថា ព្រឹត្តិការណ៍នេះ គឺអស្ចារ្យ ព្រោះវាជាឱកាសឱ្យកុមារទាំងនោះបានបង្ហាញវត្តមានរបស់ពួកគេទៅកាន់សង្គមខាងក្រៅ និងបង្ហាញពីអត្តសញ្ញាណពិតរបស់ខ្លួន ដោយលែងលាក់លៀម និងខ្មាសអៀនទៀត របស់គ្រួសារនៃកុមារមានពិការភាព។ 

អ្នកស្រីជឿថាព្រឹត្តិការណ៍មួយនេះ នឹងក្លាយជាការចងចាំដ៏ល្អមួយសម្រាប់គ្រួសារ និងកុមារដែលមានពិការភាព។ អ្នកស្រីក៏រំពឹងដែរថា នឹងមានកម្មវិធីសប្បុរសធម៌នានាបន្ថែមទៀត ដើម្បីឱ្យកុមារមានពិការភាព មានឱកាសបង្ហាញពីវត្តមាន និងអត្តសញ្ញាណរបស់ពួកគេមកកាន់សង្គមខាងក្រៅ ដូចទៅនឹងកុមារដទៃទៀត៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី