- ថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៤:២៩ នាទី រសៀល

ភ្នំពេញ៖ អ្នកស្រី ពុំ ស្រីភា គឺជាគ្រូបង្រៀនកុមារអូទីស្សឹម ដោនស៊ីនដ្រូម និងកុមារខ្សោយសតិបញ្ញា នៅអង្គការសាលាទន្សាយ(Rabbit School Organization)។ អ្នកគ្រូ ស្រីភា ចាត់ទុកការបង្រៀនកុមារពិសេស ជាការងារដ៏មានតម្លៃ ព្រោះជួយឱ្យកុមារទាំងនេះ ទទួលបានការអប់រំពេញលេញដូចកុមារទូទៅដែរ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
អ្នកគ្រូ ស្រីភា បានឱ្យដឹងថា ការបង្រៀនកុមារអូទីស្សឹម និងកុមារពិសេស គឺត្រូវការគ្រូដែលមានភាពអត់ធ្មត់ខ្ពស់ និងមានក្ដីស្រលាញ់ខ្លាំង។ អ្នកគ្រូ ស្រីភា បានរៀបរាប់ដូច្នេះ៖ «ការបង្រៀននេះ មានការលំបាកទៅលើការគ្រប់គ្រង់ឥរិយាបទ អាកប្បកិរិយារបស់សិស្ស ដោយសារសិស្សម្នាក់គាត់មានឥរិយាបថមួយ អ៊ីចឹងសិស្ស១២នាក់ គឺគាត់មាន ១២អាកប្បកិរិយា។ ដូចនេះយើងពិបាកគ្រប់គ្រង់គាត់បន្តិចដែរ»។
ថ្វីដ្បិតតែការបង្រៀនកុមារពិសេស មានភាពលំបាកជាងកុមារទូទៅ ប៉ុន្តែអ្នកគ្រូ ស្រីភា ពេញចិត្តនឹងការងារនេះយ៉ងខ្លាំង ព្រោះអ្នកស្រីយល់ថា ការងារជាគ្រូបង្រៀននេះ បានជួយដល់កុមារអូទីស្សឹម និងកុមារពិសេសឱ្យទទួលបានការអប់រំដូចកុមារទូទៅ។ «ការអប់រំ គឺជាផ្នែកមួយនៃសង្គម អ៊ីចឹងការបង្រៀនកុមារដែលមានបញ្ហាពិសេស គឺជាផ្នែកមួយក្នុងការជួយសង្គមផងដែរ»។ នេះជាការបញ្ជាក់របស់អ្នកស្រី ពុំ ស្រីភា។
គ្រូបង្រៀនវ័យ២៩ឆ្នាំរូបនេះ តែងតែសង្វាតអភិវឌ្ឍសមត្ថភាពខ្លួនបន្ថែម តាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាលទាំងនៅក្នុងនិងក្រៅសាលា។ មានបទពិសោធន៍បង្រៀនរយៈពេល៥ឆ្នាំ អ្នកគ្រូ ស្រីភា បន្ថែមថា ការបង្រៀនកុមារអូទីស្សឹម និងកុមារពិសេស ត្រូវប្រើប្រាស់ចិត្តសាស្រ្ត ច្រើន និងទាមទារឱ្យគ្រូមានសុខភាពផ្លូវចិត្តរឹងមាំ។ ជាមួយគ្នានេះ គ្រូបង្រៀនអ្នកស្រី ភា ប្ដេជ្ញាថា នឹងប្រឹងប្រែងផ្ដល់ការអប់រំយ៉ាងល្អដល់កុមារអូទីស្សឹម និងកុមារពិសេស ដើម្បីឱ្យពួកគេក្លាយជាបុគ្គលដ៏ល្អក្នុងសង្គម៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ុត រស្មី (Uth Raksmey) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ក្នុងឆ្នាំ២០១៩ ក៏ជាឆ្នាំដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មាន និងគមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជាដែរ ។ បច្ចុប្បន្ន រស្មី ជានិពន្ធនាយិការងនៃ ThmeyThmey25។
