មនុស្ស១០ម៉ឺននាក់ បានស្ម័គ្រចិត្តប្រមូលសំរាមតាមដងទន្លេ ដើម្បីកាត់បន្ថយការបំពុលទឹកពីប្លាស្ទិក
  • ថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី ព្រឹក
មនុស្ស១០ម៉ឺននាក់ បានស្ម័គ្រចិត្តប្រមូលសំរាមតាមដងទន្លេ ដើម្បីកាត់បន្ថយការបំពុលទឹកពីប្លាស្ទិក

ភ្នំពេញ៖ «ទិវាអំពើល្អ» ឆ្នាំ២០២៥ អង្គការសម្អាតទន្លេ សមុទ្រ បានសហការជាមួយរដ្ឋបាលខេត្តកណ្ដាល បន្តជំរុញ ពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេចតុមុខ ចូលរួមស្រឡាញ់បរិស្ថាន ទុកសំរាមឱ្យបានត្រឹមត្រូវ ជាពិសេសកាត់បន្ថយការបំពុលទឹកពីប្លាស្ទិក។ «ទិវាអំពើល្អ» នឹងធ្វើឡើងនៅថ្ងៃទី ៣-៤ ខែមេសា ២០២៥ នៅខេត្តកណ្តាល ដោយមានមនុស្សប្រមាណ១០ម៉ឺននាក់ ស្ម័គ្រចិត្តប្រមូលសំរាមតាមដងទន្លេ។

TTN-Free-Banner-In-Article-PC

«ទិវាអំពើល្អ» ធ្វើឡើងក្នុងគោលបំណងអភិរក្សបរិស្ថាន និងដោះស្រាយបញ្ហាសំរាម ជាពិសេសសំរាមប្លាស្ទីក និងផលប៉ះពាល់នានាដែលនាំឱ្យបំពុលទឹកទន្លេ។ ក្នុងព្រឹត្តិការណ៍នេះ នឹងមានសកម្មភាព ដូចជា សម្អាតទន្លេ, ប្រលែងត្រី​, ដាំចែកដើមឈ និងរុក្ខជាតិជាដើម។ 

ជាមួយគ្នានេះ ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ២០២៥នេះ អង្គការសំអាតទន្លេ សមុទ្រ បានប្រមូល សំរាមប្លាស្ទិកជាង ២ ០០០ តោននៅតាមដងទន្លេធំៗរបស់កម្ពុជា ដូចជា ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ជាដើម។ ដោយឡែក «ទិវាអំពើល្អឆ្នាំ ២០២៥» អង្គការសំអាតទន្លេ សមុទ្រ បន្តលើកទឹកចិត្តពលរដ្ឋគ្រប់គ្រងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ដើម្បីអភិរក្សធនធានធម្មជាតិ។

ជាមួយគ្នានេះ  លោក សុវណ្ណ នូ នាយកប្រតិបត្តិនៃ River Ocean Cleanup (ROC) លើកឡើងថា ព្រឹត្តិការណ៍នេះ ជាការរំលឹកដ៏មានអត្ថន័យ ពីសារៈសំខាន់នៃការចូលរួមសហគមន៍ក្នុងការបញ្ចៀសបញ្ហាប្លាស្ទិកក្នុងបរិស្ថានក្នុងទឹក លោក សុវណ្ណ នូ ស្នើរដល់សិស្សានុសិស្ស អាជីវកម្ម មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រមូលសំរាម ដើម្បី បង្កើតអនាគតកម្ពុជាស្អាតស្រស់បំព្រង គ្មានការបំពុល ជាពិសេសការបំពុលដោយប្លាស្ទិកទៅក្នុងទន្លេ។ 

សូមរំលឹកថា «ទិវាអំពើល្អ» បានចាប់ផ្តើមនៅឆ្នាំ២០២០មកម្ល៉េះ។ ក្រៅពីនេះ ទិវាអំពើល្អ (Good Deeds Day) ធ្វើជារៀងរាល់ឆ្នាំ និងមានអ្នកស្ម័គ្រចិត្តជាច្រើន ចូលរួមធ្វើអំពើល្អ តាមរយៈប្រមូលសំរាមតាមដងទន្លេនេះ៕


អ្នកសរសេរអត្ថបទ

កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២  កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។  បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥  ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។ 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម ប្រាក់ដាវ