- ថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៣:៣៩ នាទី រសៀល

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីការកែប្រែ និងដំឡើងបៀវត្សប្រចាំខែ និងការឧបត្ថម្ភផ្សេងៗសម្រាប់មន្ត្រីរាជការ និងបុគ្គលិកបំពេញភារកិច្ចតាមស្ថានតំណាងកម្ពុជានៅបរទេស។ ប្រភេទចំណាត់ថ្នាក់ប្រទេសដែលមានស្ថានតំណាងកម្ពុជា ក៏ត្រូវបានកែប្រែផងដែរ ដោយមានត្រឹមប្រភេទប្រទេស «ក» និង «ខ» ប៉ុណ្ណោះ ខណៈអនុក្រឹត្យកាលពីឆ្នាំ២០១៧ និងអនុក្រឹត្យឆ្នាំ២០២០ មានដល់ប្រទេសប្រភេទ «គ»។
ឧបនាយករដ្ឋមន្ត្រី៣រូប និងជារដ្ឋមន្ត្រីនៃក្រសួងពាក់ព័ន្ធ រួមមាន លោក អូន ព័ន្ធមុនីរ័ត្ន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ប្រាក់ សុខុន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ហ៊ុន ម៉ានី នៃក្រសួងមុខងារសាធារណៈ បានដាក់សំណើទៅប្រមុខរដ្ឋាភិបាល ដើម្បីចុះហត្ថលេខាលើអនុក្រឹត្យសំដៅដល់ការកែប្រែ និងដំឡើងបៀវត្សប្រចាំខែ និងការឧបត្ថម្ភផ្សេងៗសម្រាប់មន្ត្រីរាជការ និងបុគ្គលិកបំពេញភារកិច្ចតាមស្ថានតំណាងកម្ពុជានៅបរទេស។
អនុក្រឹត្យដែលចុះហត្ថលេខាកាលពីថ្ងៃទី១ ខែមេសា បង្ហាញថា ប្រភេទចំណាត់ថ្នាក់ប្រទេស «ក» ដែលមានស្ថានតំណាងកម្ពុជា រួមមាន អូស្ត្រាលី និងនូវែលសេឡង់ (ក្រុងកង់បេរ៉ា), បែលហ្ស៊ិក (ក្រុងព្រុចសែល រួមទាំងបេសកកម្មអចិន្ត្រៃយ៍អមសហគមន៍អឺរ៉ុប), ប្រេស៊ីល (ក្រុងប្រាស៊ីលីយ៉ា), កាណាដា (ក្រុងអូតាវ៉ា), ចិន (នៅប៉េកាំង, អគ្គកុងស៊ុលនៅហុងកុង និងម៉ាកាវ, សៀងហៃ), បារាំង (ក្រុងប៉ារីស រួមទាំងស្ថានគណៈប្រតិភូអចិន្ត្រៃយ៍ប្រចាំអង្គការយូណេស្កូ), អាល្លឺម៉ង់ (ប៊ែរឡាំង), ជប៉ុន (តូក្យូ), កូរ៉េខាងត្បូង (សេអ៊ូល), រុស្ស៊ី (ក្រុងមូស្គូ), ស្វីស (ស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ, អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិនានានៅហ្សឺណែវ), ចក្រភពអង់គ្លេស (ក្រុងឡុងដ៍), សហរដ្ឋអាម៉េរិក (ក្រុងវ៉ាស៊ីនតោន និងស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិនៅញូវយ៉ក), អេហ្ស៊ីប (ក្រុងគែរ), កូវ៉ែត, សិង្ហបុរី, ប៊ុលហ្គារី (ក្រុងសូហ្វីយ៉ា), ស៊ែប៊ី (ក្រុងប៊ែលក្រាត), តួកគី (ក្រុងអង់ការ៉ា), ឆែក (ក្រុងប្រាក), ហុងគ្រី (ក្រុងប៊ុយដាប៉ែស)។
រីឯប្រភេទប្រទេស «ខ» មាន ឥណ្ឌា (ក្រុងញូវដែលី), ព្រុយណេ (ក្រុងបានដាស៊េរីបេហ្គាវ៉ាន់), គុយបា (ក្រុងឡាហាវ៉ាន), ឥណ្ឌូណេស៊ី (ក្រុងហ្សាការតា រួមទាំងស្ថានតំណាងអចិន្ត្រៃយ៍អមលេខាធិការដ្ឋានអាស៊ាន), ចិន (អគ្គកុងស៊ុលប្រចាំក្រុងឆុងឈីង, គុនមិញ, ណាននីង, ស៊ីអាន, ហៃគូ, ជីណាន, ក្វាងចូវ), កូរ៉េខាងជើង (ព្យុងយ៉ាង), ឡាវ (ក្រុងវៀងចន្ទន៍ និងស្ថានអគ្គកុងស៊ុលប្រចាំក្រុងប៉ាក់សេ), ម៉ាឡេស៊ី (គូឡាឡាំពួ), មីយ៉ាន់ម៉ា (យ៉ាងហ្គូន), ទីម័រឡេស្តេ (ក្រុងឌីលី), ថៃ (ក្រុងបាងកក, ស្ថានអគ្គកុងស៊ុលប្រចាំខេត្តស្រះកែវ និងក្រុងសុងក្លា), សេណេហ្គាល់ (ក្រុងដាកា), វៀតណាម (ក្រុងហាណូយ និងស្ថានអគ្គកុងស៊ុលប្រចាំក្រុងហូជីមិញ), ហ្វីលីពីន (ម៉ានីល)។
ប្រៀបធៀបទៅនឹងអនុក្រឹត្យចុះកាលពីថ្ងៃទី៤ ខែមិនា ឆ្នាំ២០២០ មន្ត្រីរាជការ និងបុគ្គលិកបំពេញភារកិច្ចតាមស្ថានតំណាងកម្ពុជានៅប្រទេស ទាំងអស់សុទ្ធតែទទួលបាននូវការដំឡើងបន្ថែមទៀតនៅឆ្នាំ២០២៥នេះ។ មុខតំណែងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៅប្រទេសប្រភេទ «ក» ទទួលបាន ៣៨០០ដុល្លារក្នុង១ខែ រីឯប្រទេសប្រភេទ «ខ» បាន៣២០០ដុល្លារ។
តំណាងអចិន្ត្រៃយ៍រង (ឋានៈជាឯកអគ្គរាជទូត) បានបៀវត្ស ៣៦០០ដុល្លារ (ប្រទេសប្រភទ «ក») និង៣២០០ដុល្លារ (ប្រទេសប្រភេទ «ខ»)។ មុខតំណែងផ្សេងទៀតរួមមាន អគ្គរាជទូត («ក» ៣៣០០ដុល្លារ, «ខ» ២៨០០ដុល្លារ), អគ្គទីប្រឹក្សា («ក» ៣៣០០ដុល្លារ, «ខ» ២៦០០ដុល្លារ), ទីប្រឹក្សា, អគ្គកុងស៊ុល («ក» ២៨០០ដុល្លារ, «ខ» ២៤០០ដុល្លារ)។
លេខាធិការទី១ និងអនុព័ន្ធជំនាញ («ក» ២៧០០ដុល្លារ, «ខ» ២២០០ដុល្លារ), លេខាធិការទី២, កុងស៊ុល, អនុព័ន្ធជំនាញរង («ក» ២៥០០ដុល្លារ, «ខ» ២០០០ដុល្លារ), លេខាធិការទី៣, អនុព័ន្ធ, អនុកុងស៊ុល/ភ្នាក់ងារកុងស៊ុល («ក» ២៤០០ដុល្លារ, «ខ» ១៩០០ដុល្លារ)។
គណនេយ្យករ, បុគ្គលិករដ្ឋបាល និងបច្ចេកទេស («ក» ១៨០០ដុល្លារ, «ខ» ១៥០០ដុល្លារ)។ ជាមួយគ្នានេះ បុគ្គលិកសេវា ដែលរួមមាន អ្នកបើកបរ និងអ្នកដាំស្ល ក៏បានឡើងបៀវត្សដល់១៦០០ដុល្លារសម្រាប់ប្រទេសប្រភេទ «ក» និង ១៣០០ដុល្លារ សម្រាប់ប្រទេសប្រភេទ «ខ» ផងដែរ។
ចំពោះប្រាក់ឈ្នួលផ្ទះ មន្ត្រីមុខតំណែងចាប់ពីថ្នាក់តំណាងអចិន្ត្រៃយ៍រងដល់ថ្នាក់លេខាធិការទី១ និងថ្នាក់ប្រហាក់ប្រហែល ទទួល ១៩០០ដុល្លារ សម្រាប់ប្រទេសប្រភេទ «ក» និង១៤០០ដុល្លារ សម្រាប់ប្រទេសប្រភេទ «ខ»។ ចាប់ពីថ្នាក់លេខាធិការទី២ ដល់ថ្នាក់អនុព័ន្ធ និងថ្នាក់ប្រហាក់ប្រហែល «ក» បាន១៦០០ដុល្លារ និង «ខ» បាន១៣០០ដុល្លារ រីឯបុគ្គលិករដ្ឋបាល និងបច្ចេកទេស និងថ្នាក់ប្រហាក់ប្រហែល បាន១៥០០ដុល្លារសម្រាប់ប្រភេទ «ក» និង១២០០ដុល្លារសម្រាប់ «ខ»។
តាមអនុក្រឹត្យ ប្រាក់ឧបត្ថម្ភឈ្នួលផ្ទះ ត្រូវបានផ្តល់ជូនចំពោះមន្ត្រី បុគ្គលិករដ្ឋបាល និងបច្ចេកទេស ដែលមិនមានអគារស្នាក់នៅ តែមិនអនុវត្តចំពោះបុគ្គលិកសេវាឡើយ។
អនុក្រឹត្យដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា តទៅនេះ ក៏មានការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែជូនសហព័ទ្ធ និងកូនក្នុងបន្ទុករបស់មន្ត្រី និងបុគ្គលិក ដែលបំពេញភារកិច្ច ផងដែរដោយលើកលែងបុគ្គលិកសេវា។ សហព័ទ្ធ ទទួលបានប្រាក់ឧបត្ថម្ភ៤០០ដុល្លារក្នុង១ខែ រីឯកូនក្នុងបន្ទុកអាយុក្រោម១៨ឆ្នាំ ទទួលបាន៣០០ដុល្លារក្នុង១ខែ។
ចំពោះសោហ៊ុយធ្វើដំណើរទៅកាន់តំណែងដំបូងនៅបរទេស និងត្រលប់ចូលប្រទេសពេលចប់អាណត្តិ សំបុត្រយន្តហោះថ្នាក់ជំនួញ (Business Class) នឹងត្រូវជូនឯកអគ្គរាជទូត និងសហព័ទ្ធ ព្រមទាំងកូន ក្នុងបន្ទុកដែលមានអាយុក្រោម១៨ឆ្នាំ ខណៈមន្ត្រី និងបុគ្គលិកផ្សេងទៀត ទទួលបានសំបុត្រយន្តហោះថ្នាក់ធម្មតា (Economy Class)។
មន្ត្រីរាជការ និងបុគ្គលិករដ្ឋបាលនិងបច្ចេកទេស ដែលបំពេញការងារនៅតាមស្ថានតំណាងនៅបរទេស ត្រូវចាត់ចែងទិញសេវាធានារ៉ាប់រងថែទាំសុខភាព ដោយត្រូវជ្រើសរើសយកក្រុមហ៊ុនធានារ៉ាប់រងក្នុងប្រទេស ដែលខ្លួនតាំងនៅក្នុងរង្វង់ខែមករា រៀងរាល់ឆ្នាំ។ ប្រាក់ធានារ៉ាប់រងសុខភាពជូនមន្ត្រីរាជការ និងបុគ្គលិករដ្ឋបាលនិងបច្ចេកទេសត្រូវបានកំណត់ ដោយប្រទេសប្រភេទ «ក» ទទួលបាន៨០០ដុល្លារ និង «ខ» បាន៧០០ដុល្លារ ក្នុង១នាក់ ក្នុង១ឆ្នាំ៕
អ្នកសរសេរអត្ថបទ
