- ថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី ព្រឹក

ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល នឹងរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តខេត្តកណ្ដាល»រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។ ព្រឹត្តិការណ៍ដ៏រីករាយនេះ នឹងមានការប្រគុំតន្ត្រីសម័យ ការលេងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្ត ការបាញ់ទឹក បាញ់កាំស្រួច និងកម្មវិធីសប្បាយៗជាច្រើនទៀត។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខេត្តកណ្ដាល នឹងបង្កបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ តាមរយៈព្រឹត្តិការណ៍ «សង្ក្រាន្តខេត្តកណ្ដាល»។ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាលឆ្នាំនេះ រដ្ឋបាលខេត្តកណ្ដាល នឹងរៀបចំស្ដង់ពិព័រណ៍ទំនិញជាច្រើនមុខ រួមទាំងការប្រគំតន្ត្រីសម័យ ការលេងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្ត ការបាញ់ទឹក បាញ់កាំស្រួច និងកម្មវិធីសប្បាយៗជាច្រើនទៀត។
គិតមកដល់ដើមខែមេសានេះ អាជ្ញាធរខេត្តកណ្ដាល កំពុងតែមមាញឹកក្នុងការរៀបចំនៅក្លោងទ្វារសង្ក្រាន្តឆ្នាំថ្មី រួមទាំងតុបតែងគ្រឿងលម្អផ្សេងៗ មានដូចជា ភ្លើងពណ៌ចម្រុះ ការតាំងឧបករណ៍នេសាទបុរាណខ្មែរ តាមដងផ្លូវ ដើម្បីឱ្យមានសោភ័ណភាពស្រស់បំព្រង។
លោក តាំង ម៉េងលាន អភិបាលខេត្តកណ្ដាល បានជំរុញដល់ក្រុមការងារគ្រប់ផ្នែក ត្រូវពន្លឿនការរៀបចំតុបតែងភ្លើងលម្អ រុំ និងចងអំពូលតាមដើមឈើ នៅទីតាំងប្រារព្ធពិធីផ្សេងៗ និងនៅសាលាខេត្ត ឱ្យមានសោភ័ណភាពស្រស់បំព្រង។ លើសពីនេះ ត្រូវគិតគូរចំពោះការរៀបចំផ្គត់ផ្គង់អគ្គិសនី ម៉ាស៊ីនភ្លើង កង្ហារក្នុងកម្មវិធីនានាផងដែរ។
ជាមួយគ្នានេះ អាជ្ញាធរខេត្ត ក៏សំណូមពរទៅដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមតុបតែងលម្អនៅតាមលំនៅដ្ឋាន និងនៅតាមដងផ្លូវមុខផ្ទះរបស់ខ្លួនឱ្យបានស្អាត នៅចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។ ទន្ទឹមនឹងនេះ សូមកុំចោលសំរាមពាសវាសៗកាលត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មានអនាម័យបរិស្ថានល្អ។ នេះបើតាមរដ្ឋបាលខេត្តកណ្ដាល៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
