មានគម្រោងមកលេងសៀមរាប? ជិះឡានក្រុងដោយឥតគិតថ្លៃ នៅថ្ងៃទី១២ ដល់១៧មេសា
  • ថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី យប់
មានគម្រោងមកលេងសៀមរាប? ជិះឡានក្រុងដោយឥតគិតថ្លៃ នៅថ្ងៃទី១២ ដល់១៧មេសា
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

សៀមរាប៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ នឹងត្រៀមឡាន ១១២គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋេរវាងរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយឥតគិតថ្លៃ នាឱកាសចូលឆ្នាំប្រពៃណីខ្មែរខាងមុន។ បើតាមសេចក្ដីជូនដំណឹងពីរដ្ឋបាលខេត្តសៀមរាប សាធារណជនទាំងអស់អាចជិះរថយន្តទាំងនោះបាន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។

TTN-Free-Banner-In-Article-PC

ទីតាំងចេញធ្វើដំណើររបស់រថយន្តឥតគិតថ្លៃនេះ គឺនៅចំណតដីឡូតំបន់អូស៊ីអាយស៊ី (OCIC) ជ្រោយចង្វារ ត្រង់រង្វង់មូលទេពមច្ឆា រាជធានីភ្នំពេញ ចាប់ពីម៉ោង៦ និង៣០នាទីព្រឹកតទៅ។  សម្រាប់ឡានចេញពីទិសដៅពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប នឹងឈប់ចំណតនៅមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប (បុរីរដ្ឋបាល) ដែលស្ថិតនៅបណ្ដោយវិថីសម្ដេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) ក្រុងសៀមរាប។ 

ដោយឡែកសម្រាប់អ្នកដំណើរដែលមានទិសដៅចេញខេត្តពីសៀមរាប ទៅរាជធានីភ្នំពេញវិញ គឺត្រូវឡើងឡានចំណតនៅមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាបខាងលើ និងគោលដៅចុះ នៅចំណតដីឡូតំបន់ OCIC ជ្រោយចង្វារដដែល។ 

ចំពោះកាលវិភាគចេញដំណើរវិញ សម្រាប់អ្នកដំណើរ ដែលធ្វើដំណើរនៅថ្ងៃទី១២ មេសា គឺឡាននឹងចេញនៅម៉ោង ២ និង៣០នាទីរសៀល។ ចំណែកអ្នកដំណើរចេញនៅថ្ងៃទី១៣ ដល់ទី១៧ ឡាននឹងចេញដំណើរនៅម៉ោង ៦កន្លះព្រឹក៕ 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី