- ថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៥:៥៩ នាទី ល្ងាច

អ្នករត់ប្រណាំងស្ម័គ្រចិត្តបរទេសម្នាក់ នៅថ្ងៃទី៣ ខែមេសាយបានចាកចេញពីក្រុងប៉េកាំងទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីចូលរួមរត់ម៉ារ៉ាតុង ក្នុងកម្មវិធី Pyongyang Marathon។ បើតាមភ្នាក់ងារទេសចរណ៍ Koryo Tours កម្មវិធី Pyongyang Marathon ជាកម្មវិធីម៉ារ៉ាតុងលើកដំបូងក្រោយខនខាន៥ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
កម្មវិធី Pyongyang Marathon ចាប់ផ្តើមដំបូងនៅឆ្នាំ ១៩៨១ ជាការរត់ម៉ារ៉ាតុងដើម្បីប្រារព្ធពិធីរំលឹកដល់កំណើតរបស់មេដឹកនាំស្ថាបនិកកូរ៉េខាងជើង គីម អ៊ីលស៊ុង ក្នុងឆ្នាំ ១៩១២ និងជាព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។
គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២៥ Pyongyang Marathon នឹងបើកឱកាសដ៏កម្រមួយដោយអនុញ្ញាតឱ្យអ្នកចូលរួមរត់កាត់ផ្លូវនានាក្នុងរដ្ឋធានីព្យុងយ៉ាង ដែលជាតំបន់គ្រប់គ្រងយ៉ាងតឹងរ៉ឹងក្រោមការដឹកនាំរបស់លោក គឹម ជុងអ៊ុន ចៅប្រុសរបស់លោក គីម អ៊ីលស៊ុង។
ព្យុងយ៉ាងម៉ារ៉ាតុង ធ្វើឡើងលើកចុងក្រោយក្នុងឆ្នាំ ២០១៩ មុនពេលត្រូវបានផ្អាករហូតមកដោយសារតែជំងឺរាតត្បាតកូវីដ-១៩។
ដោយលឺដំណឹងពីការបើកដំណើរការឡើងវិញ អ្នកចូលរួមជាជនបរទេសបានធ្វើដំណើរពីក្រុងប៉េកាំង ប្រទេសចិន ទៅកាន់កូរ៉េខាងត្បូង ក្នុងដំណើរទស្សនកិច្ចរយៈ ៦ថ្ងៃ ដែលរៀបចំដោយក្រុមហ៊ុនទេសចរណ៍ Koryo Tours។ Koryo Tours ត្រូវបានគេទទួលស្គាល់ថាមានឯកទេសក្នុងការនាំទេសចរទៅកាន់ប្រទេសកូរ៉េខាងជើង និងជាដៃគូទេសចរណ៍ផ្តាច់មុខ សម្រាប់ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងក្នុងប្រទេសផ្តាច់ការមួយនេះ។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អ្នកទេសចរបរទេសដែលមានបំណងចូលរួមម៉ារ៉ាតុងព្យុងយ៉ាង បានចាកចេញពីថ្ងៃទី៣ ខែមេសាហើយ។ «ជនបរទេសមួយក្រុម ឡើងជើងហោះហើរពាណិជ្ជកម្ម Air Koryo ពីក្រុងប៉េកាំងទៅកាន់ទីក្រុងព្យុងយ៉ាង»។ នេះបើតាមការបង្ហោះនៅលើគណនី Instagram របស់ក្រុមហ៊ុន Koryo Tours។
ដើម្បីចូលរួមរត់ម៉ារ៉ាតុងកម្មវិធី Pyongyang Marathon អ្នកចូលរួមត្រូវចុះឈ្មោះក្នុងគេហទំព័ររបស់ស្ថាប័នគ្រប់គ្រងកីឡាអត្តពលកម្មពិភពលោក World Athletics៕
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។
