- ថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៨:៣០ នាទី ព្រឹក

ភ្នំពេញ៖ អង្គភាពអាជ្ញាសាលានៅតាមសាលាដំបូង រាជធានី-ខេត្ត ចំនួន៨ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល សៀមរាប បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ កំពង់ចាម និងកំពង់ស្ពឺ នឹងដំណើរការ ចាប់ពីថ្ងៃទី២ឧសភា តាមការសម្រេចរបស់ក្រសួងយុត្តិធម៌។ នេះបើតាម ប្រកាសស្ដីពីការដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលានៅតាមសាលាដំបូងរាជធានី ខេត្ត ចេញថ្ងៃទី៣មេសា ដោយលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
អង្គភាពសាលា ត្រូវបង្កើតឡើងតាមសាលាដំបូងរាជធានី-ខេត្ត ដែលស្ថិតក្រោមរដ្ឋបាលកណ្ដាលរបស់ក្រសួងយុត្តិធម៌ ដោយមានអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការជាសេនាធិការ ជាអ្នកដឹកនាំនិងសម្រួលការអនុវត្តរបស់មន្ត្រីអាជ្ញាសាលា។
អង្គភាពសាលា ត្រូវបង្កើតឡើងតាមសាលាដំបូងរាជធានី-ខេត្ត ដែលស្ថិតក្រោមរដ្ឋបាលកណ្ដាលរបស់ក្រសួងយុត្តិធម៌ ដោយមានអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការជាសេនាធិការ និងសម្រួលការអនុវត្តរបស់មន្ត្រីអាជ្ញាសាលា។
អង្គភាពអាជ្ញាសាលា មានតួនាទី ទទួលនិងចាត់ចែងពាក្យសុំអនុវត្តដោយបង្ខំ និងពាក្យសុំអនុវត្តរក្សាការពារ ស្របតាមការកំណត់របស់ក្រមនីតិវិធីរដ្ឋប្បវេណី និងច្បាប់ជាធរមានផ្សេងទៀត។ អង្គភាពអាជ្ញាសាលា ក៏ជាអ្នកសម្របសម្រួលជាមួយចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ ក្នុងកិច្ចដំណើរការអនុវត្តសេចក្ដីសម្រេចរបស់តុលាការ។ នេះបើយោងតាម ប្រកាសស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពអាជ្ញាសាលា នៅតាមសាលាដំបូងរាជធានី ខេត្ត ដែលមានទាំងអស់១៤ប្រការ។
អង្គភាពអាជ្ញាសាលា ត្រូវធ្វើរបាយការណ៍ ពីសកម្មភាពប្រចាំខែ ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តាមរយៈប្រធានសាលាដំបូងរាជធានី ខេត្ត ដែលអង្គភាពអាជ្ញាសាលាស្ថិតនៅ ហើយ អង្គភាពអាជ្ញាសាលា ត្រូវអនុវត្តភារកិច្ចផ្សេងទៀត ដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រគង់ឱ្យ។
ចំណែក ប្រធានសាលាដំបូងរាជធានី ខេត្ត មានភារកិច្ចជួយសម្របសម្រួល រាល់កិច្ចការរដ្ឋបាលរបស់អង្គភាពអាជ្ញាសាលា ព្រមទាំងផ្ដល់ការគាំទ្រចាំបាច់នានា សម្រាប់ធានាដល់កិច្ចដំណើរការរបស់អង្គភាពអាជ្ញាសាលានៅតាមសាលាដំបូងរបស់ខ្លួន៕
អ្នកសរសេរអត្ថបទ
