
ភ្នំពេញ៖ ជារឿយៗ រាល់ពេលភិក្ខុសង្ឃអង្គណា ដែលមានកិត្តិនាមល្បីល្បាញ បានលាចាកសិក្ខាបទនោះ គេសង្កេតឃើញមានពុទ្ធបរិស័ទមួយចំនួនតូច តែងតែនាំគ្នារិះគន់ ឬតិះដៀលដល់ព្រះអង្គ ក្រោមរូបភាពផ្សេងៗ។ ហេតុអ្វីពុទ្ធបរិស័ទ កាន់សាសនាព្រះពុទ្ធ នាំគ្នាតិះដៀលព្រះសង្ឃ? វាជារឿងគួរសមដែរទេ?
ជាធម្មតា ដំណើរជីវិតសត្វលោក រមែងតែងតែមិនទៀងទាត់ និងអាចប្រែប្រួលគ្រប់ស្ថានភាព ឬកាលៈទេសៈជាក់ស្ដែង។ ម្ល៉ោះហើយ យើងមិនអាចទៅហាមឃាត់មនោអារម្មណ៍របស់បុគ្គលណាម្នាក់បានឡើយ។ ងាកមកតួនាទីរបស់សាមណសង្ឃ ក្នុងវិស័យព្រះពុទ្ធសាសនាវិញ ការបួស សាងផ្នួស គឺកើតចេញពីឧបនិស្ស័យ ឬអជ្ឈាស័យនៅក្នុងកាលៈទេសៈណាមួយ។ ប៉ុន្តែការសាងផ្នួសនេះ មិនមែនដើម្បីប្រមូលលាភសក្ការ សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
នៅក្នុងជំនឿរបស់ពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនា ការសាងផ្នួស គឺជាការបួសរៀន ដើម្បីសងគុណឪពុកម្តាយ និងដើម្បីបម្រើវិស័យសាសនា។ ដំណាក់កាលទី១ នៃការសាងផ្នួសនេះ គឺបួសជាសាមណេរ ដើម្បីសងគុណម្តាយ ។ ដំណាក់កាលទី២ បួសជាភិក្ខុ ដើម្បីសងគុណឪពុក។ ចំណែកគោលបំណងនៃការសាងផ្នួស ដើម្បីទទួលការអប់រំពីចៅអធិការវត្ត ជាគ្រូអាចារ្យខាងផ្លូវលោក និងខាងផ្លូវធម៌។ ការបួសដើម្បីមានចំណេះដឹងទូទៅ បំនិន ឥរិយាបថ ជាពិសេសមានចំណេះដឹងផ្នែកសីលធម៌ គុណធម៌ ទំនៀមទំលាប់ប្រពៃណី និងចំណេះវិជ្ជាផ្សេងៗ។
បើនិយាយមួយបែបទៀត ការសាងផ្នួស ជាការបំពេញនូវវិបស្សនា ធ្វើសមាធិ ដើម្បីដុតកិលេស កម្ចាត់លោភៈ ទោសៈ មោហៈ ដែលស្ថិតនៅក្នុងខ្លួន។ មិនតែប៉ុណ្ណោះទទួលបាននូវការសិក្សារៀនសូត្រ តាមព្រះត្រៃបិដក ធម៌វិន័យ ភាសាបាលី-សំស្ក្រឹត និងវិជ្ជាផ្សេងៗ ដើម្បីយកទៅផ្សព្វផ្សាយដល់ប្រជាពុទ្ធបរិស័ទ ឱ្យយល់ពីព្រះពុទ្ធឱវាទ និងខ្លឹមសារជីវិត ដែលនាំឱ្យពួកគេដើរលើមាគ៌ាត្រឹមត្រូវ ឆ្ពោះទៅកាន់សុភមង្គល។
សាងផ្នួស គឺកើតចេញពីឧបនិស្ស័យ ហើយការលាចាកសិក្ខាបទ ដោយសារអស់អនិសង្ស នៅក្នុងវិស័យព្រះពុទ្ធសាសនា។ បុព្វជិតខ្លះ បានលះបង់កម្លាំងកាយពលបម្រើព្រះពុទ្ធសាសនា រហូតរលត់សង្ខារ។ ចំណែកបុព្វជិតខ្លះទៀត បានសម្រេចលាចាកសិក្ខាបទវិញ ក្រោយសាងផ្នួសបាន១០ ទៅ២០ព្រះវស្សា ឬលើសនេះ ក៏មាន។
ដូច្នេះសំណួរសួរថា តើការលាចាកសិក្ខាបទ ក្រោយបួសអស់ច្រើនព្រះវស្សានេះ ខុសឆ្គងដែរទេ? ទេ គឺមិនខុសឆ្គងទេ។ ការលាចាកសិក្ខាបទ គឺជាការសម្រេចចិត្តរបស់បុព្វជិតទាំងឡាយ ដែលមានចែងនៅក្នុងសៀវភៅ វិន័យសាមណេរ។ ក្នុងសៀវភៅនេះ បានចែងថា បើភិក្ខុ សាមណេរ អ្នកនឿយណាយក្នុងការប្រព្រឹត្តព្រហ្មចរិយធម៌ មានប្រាថ្នានឹងត្រឡប់មកកាន់ភេទជាគ្រហស្ថ រមែងធ្វើបានដោយការលាចាកសិក្ខាបទ។ ឯការលាចាកសិក្ខាបទនេះ ក្នុងគម្ពីរកង្ខារវិតរណីបឋមបារាជិក សម្ដែងថា ត្រូវប្រកបអង្គ៦យ៉ាង គឺ ចិត្ត ខេត្ត កាល បយោគ បុគ្គល វិជាននៈ។ ខ្ញុំសូមមិនលម្អិតពីអង្គទាំង៦យ៉ាងនេះទេ។
ងាកមកសង្គមបច្ចុប្បន្ន រាល់ពេលភិក្ខុសង្ឃអង្គណា ដែលមានកិត្តិនាមល្បីល្បាញ បានលាចាកសិក្ខាបទនោះ គេសង្កេតឃើញមានពុទ្ធបរិស័ទមួយចំនួនតូច តែងតែនាំគ្នារិះគន់ ឬតិះដៀលដល់ព្រះអង្គ ក្រោមរូបភាពផ្សេងៗ។ ពួកគេទាំងនោះ តែងតែកើតការសង្ស័យថា ព្រះសង្ឃ បួសដើម្បីសន្សំទ្រព្យសម្បត្តិ ហើយលាចាកសិក្ខាបទនេះ ដើម្បីទទួលបានលាភសក្ការនានា ឬទទួលបានមុខតំណែង តួនាទី បុណ្យសក្តិ នៅក្នុងក្រសួងស្ថាប័ន អង្គភាពណាមួយ។ អ្នកខ្លះ សង្ស័យថា ព្រះសង្ឃសឹកព្រោះស្នេហាជាដើម។
ការសង្ស័យ ឬរិះគន់បែបនេះ វាកើតចេញមកពីអារម្មណ៍ខឹង មិនពេញចិត្ត ឬប្រមាថមកលើព្រះសង្ឃ ដែលជារឿងមិនគួរសមមកលើវិស័យព្រះពុទ្ធសាសនា។ ដូចបានជម្រាបខាងលើហើយថា ការលាចាកសិក្ខា ជាការសម្រេចចិត្តរបស់បុព្វជិតទាំងឡាយ មិនខុសឆ្គងនោះទេ ព្រោះស្របតាមវិន័យសាមណេរ។ ដូច្នេះប្រសិនព្រះសង្ឃ អង្គណា បានលាចាកសិក្ខាបទ ដោយសារអស់អនិសង្ស និងស្របតាមវិន័យសង្ឃនោះ ជារឿងគួរឱ្យគោរពបំផុត លើកលែងតែប្រព្រឹត្តខុសធម៌វិន័យ ឬចាប់ផ្សឹកនោះទេ។
ត្រឡប់មកវិញ ពុទ្ធបរិស័ទ ឬគ្រហស្ថទាំងឡាយ មិនគួរទោមនស្សជាមួយព្រះសង្ឃ ដែលបានលាចាកសិក្ខាបទនោះឡើយ។ ហើយទោះបីក្រោយលាចាកសិក្ខាបទទៅ អតីតសង្ឃអង្គនោះ ទទួលបានមុខតំណែង តួនាទី បុណ្យសក្តិ នៅក្នុងក្រសួង ស្ថាប័ន អង្គភាពណាមួយ ក៏មិនគួររិះគន់ដែរ។ នោះក៏ព្រោះតែព្រះសង្ឃបួសរៀន ដើម្បីបម្រើវិស័យពុទ្ធចក្រ ហើយក្រោយសឹកមកវិញ ក៏យកចំណេះដឹងពីការបួស មកបម្រើវិស័យអាណាចក្រវិញម្ដង។ ការយកចំណេះដឹងមកបម្រើជាតិ ជារឿងគាប់ប្រសើរ និងចម្រើនដល់ប្រទេសជាតិ ដែលត្រូវការធនធានមនុស្ស បញ្ញវន្ត ដែលជាសសរស្ដម្ភដ៏រឹងមាំ។
សរុបមក ទីអារាម គឺជាឃ្លាំងចំណេះដឹង សម្រាប់កុមារ នៅក្នុងគ្រួសារក្រីក្រ ឬខ្សត់ខ្សោយជីវភាព។ ការបួសរៀន ដើម្បីសន្សំចំណេះវិជ្ជា គឺវិធីសាស្រ្តមួយ សម្រាប់ជួយកុមារក្រីក្រ និងកំព្រាឪពុកម្ដាយឱ្យទទួលបានការអប់រំ មានចំណេះដឹងជ្រៅជ្រះ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ដូច្នេះការបួសរៀន ក្រេបជញ្ជក់ចំណេះដឹង ដើម្បីបម្រើពុទ្ធចក្រ និងអាណាចក្រ មិនមែនជារឿងខុសទាស់ឡើយ៕
អ្នកសរសេរអត្ថបទ
រំដួល ចិត្រា (Romdoul Chetra) បានចូលបម្រើការងារជាអ្នកសារព័ត៌មាន នៅក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៤ ។ ចិត្រា មានជំនាញសរសេរព័ត៌មានជាតិ ដែលតាមដានព្រឹត្តិការណ៍នយោបាយ សន្តិសុខសង្គម និងបទយកការណ៍។...
