កម្ពុជា បន្ត​ធ្លាក់​១លេខ ស្របពេលមីយ៉ាន់ម៉ា ឡើង៧លេខ ក្នុងតារាង FIFA Ranking
  • ថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី យប់
កម្ពុជា បន្ត​ធ្លាក់​១លេខ ស្របពេលមីយ៉ាន់ម៉ា ឡើង៧លេខ ក្នុងតារាង FIFA Ranking

ក្រុម​កីឡាបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បន្តធ្លាក់ចំណាត់ថ្នាក់ពី​លេខរៀង​ទី​១៨០ ទៅ១៨១ ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក ​(FIFA Ranking)​ ប្រចាំខែ​មេសា ឆ្នាំ​២០២៥​។ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឡាវ ថៃ ព្រុយណេ សិង្ហបុរី សុទ្ធតែធ្លាក់ចំណាត់ថ្នាក់ ស្របពេល វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងមីយ៉ាន់ម៉ា ឡើងលេខរៀងខ្លួន។ អាហ្សង់ទីនរក្សាចំណាត់ថ្នាក់លេខ១ដដែល។

TTN-Free-Banner-In-Article-PC

គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២៥ ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បានចេញ​តារាង​ចំណាត់ថ្នាក់​ចុងក្រោយ ដោយ​ក្រុមគោព្រៃ​កម្ពុជា បាន​ធ្លាក់​១​ចំណាត់ថ្នាក់​បើ​ប្រៀបធៀប​ទៅនឹង​តារាង​កាលពី​ខែធ្នូ ឆ្នាំ២០២៤ ពោលគឺស្ថិតនៅ​លេខ​ទី១៨១ ក្នុងចំណោម ​២០២ ប្រទេស ក្រោម​សហព័ន្ធ​កីឡាបាល់ទាត់​លើ​លោក​។​

ក្នុងតំបន់អាស៊ីអាគ្នេយ៍ មីយ៉ាន់ម៉ា លេចធ្លោជាងគេ ដោយកើនចំណាត់ថ្នាក់ដល់ទៅ៧លេខ ពោលពីលេខ១៦៩ ទៅ ១៦២ពិភពលោកវិញ។ វៀតណាម ម្ចាស់ជើងឯក AFF Cup កើន៥ចំណាត់ថ្នាក់ ទៅកាន់លេខ១០៩វិញ។ ឥណ្ឌូណេស៊ី កើន៤លេខ ទៅកាន់លេខ១២៣ ស្របពេលហ្វីលីពីន កើន៤លេខ ទៅលេខ១៤៦។ ម៉ាឡេស៊ី កើន១លេខ ឡើងទៅឈរលេខ១៣១។

ក្រៅពីកម្ពុជា ក្រុមជម្រើសជាតិឡាវ ធ្លាក់ដល់ទៅ៤លេខ ទៅកាន់លេខរៀងទី១៩០ ស្របពេលថៃ ធ្លាក់២លេខ ទៅលេខ៩៩។ សិង្ហបុរី ធ្លាក់ពីលេខ១៦០ ទៅលេខ១៦១ ឯព្រុយណេ ធ្លាក់១លេខ ទៅលេខ១៨៥ ខណៈទីម័រខាងកើត នៅរក្សាចំណាត់ថ្នាក់ទី១៩៧ ពិភពលោកដដែល។

ជប៉ុន នៅតែឈរចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី (១៥ពិភពលោក)ដដែល តាមពីក្រោយដោយអ៊ីរ៉ង់ (១៨) និងកូរ៉េខាងត្បូង (២៣)។

អាហ្សង់ទីន នៅរក្សាចំណាត់ថ្នាក់កំពូលតារាង FIFA Ranking ក្រោយឈរកំពូលពេញមួយឆ្នាំ២០២៤ ខណៈបារាំងធ្លាក់ទៅលេខ៣វិញ។ អេស្ប៉ាញ ឡើងឈរលេខ២ វិញ ស្របពេលអង់គ្លេសរក្សាលេខ៤ និងប្រេស៊ីល រក្សាលេខ៥។ ព័រទុយហ្កាល់ ធ្លាក់ទៅលេខ៧ ស្របពេលហូឡង់ឡើងលេខ៦។ បែលហ្ស៊ិក អ៊ីតាលី និង អាល្លឺម៉ង់ នៅរក្សាលេខ៨ លេខ៩ និងលេខ១០ ដដែល៕


អ្នកសរសេរអត្ថបទ

មុំ ពិទូរ្យ ការីនិពន្ធព័ត៌មាន​កីឡា​។​ ​ ​​​

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

មុំ ពិទូរ្យ