- ថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៥:២០ នាទី ល្ងាច

ទន្ទឹមនឹងជួយក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹក នៅកម្ពុជាតាមរយៈការបំពាក់នាវា និងហ្វឹកហ្វឺន សម្តេច ហ៊ុន ម៉ាណែត ចង់ឱ្យមិត្តចិនបន្តជួយបង្កើនសមត្ថភាពកម្លាំងបញ្ជាការដ្ឋានកោះឆ្នេរនៃកងទ័ពជើងទឹក ជាពិសេសការបំពាក់គ្រឿងអាវុធការពារ ដែលឧបករណ៍នេះ គឺសំខាន់។ ប្រមុខរដ្ឋាភិបាល ស្នើបែបនេះ នាពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។
សម្តេច ហ៊ុន ម៉ាណែត លើកឡើងថា យើងត្រូវការពារ រៀបចំទីតាំងភូមិសាស្រ្ត រៀបចំផែនការការពារ កន្លែងណាដែលត្រូវបម្រុងការពារជាតិ ត្រូវរៀបចំប្រព័ន្ធហ្វឹកហ្វឺន ជាពិសេសប្រព័ន្ធគ្រឿងអាវុធការពារកោះឆ្នេរ ទាំងការពារអាកាស ប្រព័ន្ធរ៉ាដា និងប្រព័ន្ធប្រឆាំងនាវាផ្សេងៗទៀត។ មិនត្រឹមតែសន្តិសុខរឿងសង្រ្គាមនោះឡើយ សូម្បីសន្តិសុខជាប្រចាំ ព្រមទាំងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក៏ត្រូវការកម្លាំងឈរជើងជាប្រចាំ។ ដូច្នេះយើង ត្រូវការបង្កើនសមត្ថភាពកងទ័ពជើងទឹករបស់យើង។
«ប្រសិនបើយើងមានភ្នែកលើទឹក លើអាកាស នោះប្រព័ន្ធការពារយើងច្បាស់។ យើងអាចក្តាប់សភាពការរយៈចម្ងាយបាន មានសភាពអ្វីប្រែប្រួលយើងដឹង។ កន្លែងជួរមុខបោះមក យើងជួយភ្លាម។ រញ្ជួយដី ព្យុះស៊ូណាមិ កប៉ាលលិច ឬបុក យើងអាចដឹង ហើយចល័តទៅជួយភ្លាម នេះជាការពង្រឹងសមត្ថភាព។»
ប្រមុខរដ្ឋាភិបាល បានបញ្ជូនសំណើរនេះ តាមរយៈលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៅកាន់ភាគីចិន។ ការស្នើនេះ គឺស្ថិតក្នុងកញ្ចប់តែមួយ ក្នុងការការពារផែនសមុទ្ររបស់កម្ពុជា ទៅតាមយុទ្ធសាស្រ្ត និងយុទ្ធវិធីការពារជាតិផងដែរ៕
អ្នកសរសេរអត្ថបទ
កញ្ញា ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។
