អបអរសាទរ! កម្ពុជាទទួលបានកូនផ្សោត១ទៀត នៅខេត្តក្រចេះ
  • ថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៣០ នាទី ល្ងាច
អបអរសាទរ! កម្ពុជាទទួលបានកូនផ្សោត១ទៀត នៅខេត្តក្រចេះ
រូបភាព៖ AFP

ភ្នំពេញ៖ កូនផ្សោតដែលទើបកើត១ក្បាលទៀត ត្រូវបានក្រុមការងារស្រាវជ្រាវ នៃរដ្ឋបាលជលផល និង​អង្គការ WWF ប្រទះឃើញ នៅអន្លង់កាំពី  ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី៤ ខែមេសា។ បើតាមអ្នកជំនាញ កូនផ្សោតនេះ ទើបតែកើតបានប្រមាណ៤ថ្ងៃប៉ុណ្ណោះ។​

TTN-Free-Banner-In-Article-PC

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ កូនផ្សោតមួយក្បាលនេះកើតពីមេផ្សោត ​ដែល​មានលេខកូដ១៣៥ ។

គិតចាប់ពីថ្ងៃទី១ ខែមករា មកដល់ថ្ងៃទី ៥ ខែមេសា កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ៦ក្បាលហើយ។  ក្នុងនោះ មាន៤ក្បាល នៅខេត្តក្រចេះ និង២ក្បាលនៅខេត្តស្ទឹងត្រែង។  បើតាមក្រសួងកសិកម្ម បច្ចុប្បន្ន វត្តមានសត្វផ្សោតទន្លេមេគង្គកម្ពុជា មានចំនួន ១១០ក្បាល។ 

សត្វផ្សោតទន្លេមេគង្គ គឺជាសត្វផ្សោត​មួយ​ប្រភេទ ក្នុងចំណោមសត្វផ្សោតទឹកសាបតែ៦ប្រភេទគត់ នៅក្នុងពិភពលោក ហើយវា​ត្រូ​វ​បាន​ចាត់ថ្នាក់ ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។ សត្វផ្សោតប្រភេទនេះ មានរស់នៅតែក្នុងប្រព័ន្ធទន្លេទន្លេចំនួន៣ប៉ុណ្ណោះ ក្នុងពិភពលោក រួម​មានទន្លេមេគង្គ (កម្ពុជា) ទន្លេអាយ៉េវ៉ាឌី (មីយ៉ាន់ម៉ា) និងទន្លេមហាកាម (ឥណ្ឌូណេស៊ី)​។

បន្ថែមពីនេះ ផ្សោតទន្លេមេគង្គ ក៏ជារតនសម្បត្តិជាតិមានជីវិត ក្រសួងកសិកកម្ម អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃ៕ 


អ្នកសរសេរអត្ថបទ

កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២  កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។  បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥  ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។ 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម ប្រាក់ដាវ