«អង្គរសង្ក្រាន្ត» ឆ្នាំនេះ មានអ្វីពិសេសខ្លះ?
  • ថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:០០ នាទី ព្រឹក
«អង្គរសង្ក្រាន្ត» ឆ្នាំនេះ មានអ្វីពិសេសខ្លះ?
ទិន្នភាពមួយចំនួននៃការរៀបចំសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅប្រាសាទអង្គរវត្ត និងក្នុងក្រុងសៀមរាប។

សៀមរាប៖ បាំងតែជាងមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍វប្បធម៌ «អង្គរសង្ក្រាន្ត» នឹង មកដល់។ អង្គរសង្ក្រាន្តឆ្នាំនេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ក្រោមប្រធានបទ «ញញឹមសាទរអង្គរសង្ក្រាន្ត»។ តើព្រឹត្តិការណ៍នៅឆ្នាំនេះ មានអ្វីពិសេស ខ្លះ? 

ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖ 

បន្ទាប់ពីអាក់ខានកាលពីឆ្នាំ២០២៣ ព្រឹត្តិការណ៍វប្បធម៌ «អង្គរសង្ក្រាន្ត» បានវិលបានវិញ នឹងធ្វើឡើងធំ ជាងឆ្នាំមុនៗទៅទៀត។ ឆ្នាំនេះនឹង​មានកម្មវិធីធំៗចំនួន​៣៨ ដែលរួម​មាន​កម្ម​វិធី​​កម្សាន្ត ប្រពៃណី វប្បធម៌ និងពិព័រណ៍ជាដើម។ កម្មវិធី​ទាំងនោះ នឹងរៀបចំឡើងនៅ​ ៦ទីតាំងខុសៗគ្នា គឺ​នៅបរិវេណ​មុខប្រាសាទ​អង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹង​សៀម​​រាប, បណ្ដោ​យ​ផ្លូវ King’s Road, តំបន់ផាប់ស្ទ្រីត និងអង្គរឃ្យុងយូ។

នៅបរិវេណមុខប្រាសាទអង្គរវត្ត បែងចែកជាតំបន់សំខាន់ៗដូចជាតំបន់ «ភូមិខ្ញុំ» ដែលស្ថិត​នៅជ្រុងនិរតីនៃប្រាសាទអង្គរវត្ត។ នៅទីនេះត្រូវបានរៀបចំឡើង បង្ហាញពីសំណង់​លំនៅ​ដ្ឋានខ្មែរជាច្រើនប្រភេទ ហើយនៅទីនេះជាកន្លែងសម្ដែងទស្សនីយភាពសិល្បៈ, កម្មវិធី​អុក​ចត្រង្គ, ផ្សារភូមិ, សាលាឆទាន, ផ្ទះភ្លេង, ផ្ទះនំ, សម្ដែងភូមិ, ផ្ទះសេដ្ឋី, ស្តង់អាហារ, កម្មវិធី​រាំកម្សាន្ត និងល្បែងប្រជាប្រិយផងដែរ។ 

ទីតាំងមួយទៀត «ភូមិត្នោត» ដែលស្ថិតនៅឯត្រពាំងសេស ខាងកើតនៃច្រកចូលខាង​លិច​ប្រា​សាទអង្គរវត្ត។ នៅភូមិត្នោតនេះ នឹងមានការរៀបចំលក់ម្ហូបអាហារ បង្អែម ភេសជ្ជៈ សម្ភារៈ​ប្រើប្រាស់គ្រប់ប្រភេទ ដែលផលិតពីត្នោត ព្រមទាំងផ្ទះខ្មែរសង់ពីត្នោត ទូកត្នោត និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ 

ក្រៅពីភូមិត្នោត នៅជុំវិញត្រពាំងសេសនេះ ក៏មានការរៀបចំនូវទីតាំងកម្សាន្តនានាទៀត​ផង​ដែរដូចជា ភូមិរចនា, កន្លែងលែងទឹក «តស់ៗលេងទឹក», ឆាកតន្ត្រី ជាដើម។ 

ចំណែកនៅក្នុងសួនបដិសណ្ឋារកិច្ច អង្គរប៉ាវីសវិញ នឹងជារៀបចំជាសួនកុមារ និងតន្ត្រីស្គរ​ដៃ។ ហួសមកខាងត្បូង ជាប់នឹងស្ពានហាលប្រាសាទអង្គរវត្ត នឹងត្រូវរៀបចំជាកន្លែង បណ្ដែតគោម បួងសួងចម្រើនសេចក្ដីសុខ។ 

ដោយឡែកនៅក្នុងក្រុងសៀមរាបវិញ តាមបណ្ដោយស្ទឹងសៀមរាបវិញ នឹងមានកម្មវិធីផ្សារ​ស្ទឹងសៀមរាប ដែលមានកម្មវិធីសប្បាយៗលើផ្ទៃទឹក និងតាមបណ្តោយផ្លូវសងខាងដង​ស្ទឹងសៀមរាបដូចជា ការជិះទូកលេងម្សាន្ត កម្មវិធីពិព័រណ៍ផលិតផល ផ្សារបណ្តែតទឹក ការ​សម្តែងសិល្បៈ និងការប្រគំតន្ត្រីបណ្តែតទឹកផងដែរ។

ដោយឡែកសួនច្បារនៃខាងកើតព្រះរាជដំណាក់ នឹងមានកម្មវិធីដូចជា តស់ៗលេងទឹក, សួនមុនីហទ័យ, កម្មវិធីស្រង់ព្រះ និងកន្លែងលែងល្បែងប្រជាប្រិយជាដើម។ ក្រៅពីនេះ​ក៏​មានការរៀបចំសកម្មភាពសប្បាយៗផ្សេងទៀតផងដែរនៅតំបន់ផាប់ស្ទ្រីត និងតំបន់ King’s Road។ 

ចំពោះទីតាំងចុងក្រោយគឺ អង្គរឃ្យុងយូ ផ្លូវ៦០ម៉ែត្រ នឹងរៀបចំការប្រកួតប្រណាំងរទេះគោ ក្របី ប្រណាំងសេះ និងកីឡាប្រពៃណីវាយត្រដំផងដែរ។ គួរបញ្ជាក់ផងដែរថា ក្នុង​ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅឆ្នាំ «ពិធីទទួលទេវតាឆ្នាំថ្មី» នឹងត្រូវរៀបចំឡើងនៅ​ខាងកើត​ប្រា​សាទ​បាយ័ន៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី