ការហៅ «ព្រះបរមវិស្ណុលោក» និងប្រាសាទ «អង្គរវត្ត» ឬ«នគរវត្ត»
- ថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:៤០ នាទី ព្រឹក

ប្រជាជន សំពះប្រាសាទអង្គរវត្ត។ រូបថត៖ យសោធរ
តើប្រាសាទអង្គរវត្តមានឈ្មោះដើមអ្វី? ជាការពិត អ្នកជំនាញបុរាណវិទ្យា មិនអាចអះអាងថា ប្រាសាទអង្គរវត្ត មានឈ្មោះដើមអ្វីច្បាស់នោះទេ ដោយសារមិនមានសិលាចារឹកណាមួយបញ្ជាក់ពីឈ្មោះប្រាសាទ។ ប៉ុន្តែអ្នកជំនាញបុរាណវិទ្យា បានសន្និដ្ឋានដោយផ្អែកលើមរណនាមរបស់ព្រះបាទសូរ្យវរ្ម័នទី២ ថា «ព្រះបរមវិស្ណុលោក» ក្រោយពីព្រះអង្គសោយទិវង្គតទៅភ្លាម។

បើតាម យសោធរ មរណនាមនេះ អាចជាឈ្មោះនៃប្រាសាទអង្គរវត្តដែរ ដោយឃើញទម្លាប់បែបនេះនៅតាមប្រាសាទឯទៀតដ៏ច្រើន។ ឧទាហរណ៍ ប្រាសាទព្រះគោនៅតំបន់រលួស កាលជំនាន់បុរាណមានឈ្មោះថា វ្រះបរមេឝ្វរ «ព្រះបរមេសូរ» ដែលជាមរណនាមនៃព្រះបាទជ័យវរ្ម័នទី២ ដ្បិតព្រះរូបដែលសំខាន់ជាងគេនៅទីនោះ កាលជំនាន់នោះ គឺរូបសំណាកព្រះរាជាអង្គនេះឯង ដែលគេឆ្លាក់ឡើងក្នុងទម្រង់ជាព្រះឥសូរ។
ជួលកាល មិនមានមរណនាម គឺគេយកព្រះនាមព្រះរាជាពេលនៅមានព្រះជន្មទៅភ្ជាប់នឹងឈ្មោះទេពណាមួយ ដែលព្រះអង្គគោរពបូជាជាធំ ដើម្បីដាក់ឈ្មោះប្រាសាទដែលព្រះអង្គបានសាងឡើងសម្រាប់កិច្ចបូជានោះ។ ឧទាហរណ៍ ប្រាសាទបាគងក្នុងតំបន់រលួសដដែល មានឈ្មោះនៅជំនាន់នោះថា ឥន្ទ្រេឝ្វរ «ឥន្ទ្រេសូរ» ពោលគឺ ឥន្ទ្រ ដែលជាព្រះនាមនៃព្រះរាជាដែលសាងប្រាសាទបាគងនោះ បូកនឹង ឦស្វរ ដែលសព្វថ្ងៃយើងថា «ឥសូរ»។
បើតាមលោកសាស្រ្តាចារ្យ អាំង ជូលាន នៅប្រាសាទអង្គរវត្ត មានសិលាចារឹកចំនួនប្រមាណ៤០ ដែលចារពីសត្សរ៍ទី១៦ ដល់សត្សរ៍ទី១៨។ កាលណាសិលាចារឹកទាំងនោះនិយាយឈ្មោះប្រាសាទនេះ គឺគេប្រើពាក្យថា «ព្រះពិស្ណុលោក» ស្ទើរតែទាំងអស់ ពោលគឺភាគតិចបំផុតដែលប្រើពាក្យថា «ព្រះអង្គរវត្ត»។
បើតាមសិលាចារឹកពីរ នៅឆ្នាំ ១៥៤៦ និងមួយទៀតឆ្នាំ ១៥៦៤ គេសរសេរព្រះនាមព្រះរាជា ដែលបានសាងថា «វ្រះបាទមហាវិឝ្ណុលោក» និងមួយទៀតគេសរសេរ «ព្រះបាទមហាពិឝ្ណុលោក» គឺសំដៅព្រះនាមព្រះរាជាតែមួយ។ ពាក្យថា «បរម» កាលពីសវត្សរ៍ទី១២ និង ពាក្យ «មហា» សវត្សរ៍ទី១៦ គ្រាន់តែជាពាក្យដាក់ពីមុខប៉ុណ្ណោះ។ ចំឯពាក្យដែលសំខាន់នោះគឺ វិឝ្ណុលោក (ពិស្ណុលោក) ពោលគឺឈ្មោះអង្គរវត្ត ដែលហៅនៅសម័យកណ្តាលនោះតែម្តង។
«អង្គរ» បានអានក្លាយមកពីសំស្រឹ្កតថា «នគរ» ប្រែថា ក្រុង ឬរាជធានី។ អង្គរប្រៀបដូចនឹងវត្ថុបុរាណមួយដែលមានប្រវត្តិសាស្រ្តយូរអង្វែង ដែលបានវិវឌ្ឍន៍តាមសូរស័ព្ទនៃភាសាសាស្រ្ត។ ការហៅអង្គរវត្ត បានវិវត្តតាមការហៅនិងអានពីពាក្យថា «នគរវត្ត»។ សំនៀងនៃការអាន និងហៅនេះ បានប្រែពី នគរវត្ត មកជាអង្គរវត្ត។ ការហៅនគរវត្ត ឬអង្គរវត្ត មិនមានមួយណាខុសនោះទេ។
«នគរ ប្រែថា ក្រុង។ នៅស្រុកខ្មែរ មាននគរច្រើនកន្លែង។ បើក្រុងហ្នឹងកាន់តែធំផង មានស្ដេចធ្លាប់គង់នៅ គេហៅមហានគរ ព្រោះជាទីក្រុងធំ។ ឧទាហរណ៍ បន្ទាយស្រីនគរ នគរមានច្រើនណាស់នៅខ្មែរដូចជា នគរបុរី ឬអង្គរបុរី។» នេះបើតាមសាស្រ្តាចារ្យ អាំង ជូលាន។
វចនានុក្រមខ្មែរ បានបញ្ជាក់ថា អង្គរ (អង់-គ) នាមសព្ទ ពាក្យប្រើឃ្លាតក្លាយមកពី នគរ «ក្រុង, រាជធានី» ហៅចំពោះតែក្រុង និងសិលាប្រាសាទបុរាណខ្លះ ឬទីតំបន់ជាដើមខ្លះក្នុងកម្ពុជរដ្ឋ ដូចជា អង្គរធំ នគរធំ ( មហានគរបុរាណក្នុងខែត្រសៀមរាប ) ។ អង្គរបុរី ( នគរបុរី ) ឈ្មោះទីក្រុងចាស់តូចមួយក្នុងស្រុកព្រៃកប្បាសខែត្រតាកែវ ។ អង្គរព្រះជ័យ ឬ អង្គរព្រះជ័យព្រះអារ្យ ( នគរ— ) ឈ្មោះប្រាសាទបុរាណ នៅខាងលិចជិតកំពង់ចាមក្រុង ។
វចនានុក្រមខ្មែរ សម្ដេចសង្ឃរាជ ជួនណាត បានបញ្ជាក់ថា នគរវត្ត (ន-គ-វ័ត) នាមសព្ទ ឈ្មោះប្រាសាទបុរាណមួយកន្លែងនៅក្នុងខែត្រសៀមរាប ជាមហាមន្ទីររុងរឿងដោយលម្អគ្មានពីរ (ហៅក្លាយមកជា អង្គរវត្ត) ។
ពាក្យ នគរ នេះច្រើនតែមានសំឡេងក្លាយឃ្លាតជា អង្គរ ដូច្នេះឯង, ដូចជា នគរបាល, នគរបុរី, នគរយមរាជ, នគរវត្ត ក្លាយជា អង្គរបាល, អង្គរបុរី, អង្គរជមរាជ, អង្គរវត្ត ជាដើម; សម្តីត្រឹមត្រូវខ្ពង់ខ្ពស់ដែលក្លាយឃ្លាតជាសម្តី សាមញ្ញ គ្មានអត្ថន័យបែបនេះពុំមែនត្រឹមតែ នគរ ជា អង្គរ ប៉ុណ្ណោះទេ មានពាក្យឯទៀតៗខ្លះក៏ក្លាយឃ្លាតពីរូបដើមពីសំឡេងដើមដូច្នោះដែរ ដូចជា នង្គ័ល, បទុម, បព្វជិត, បព៌ត, បពិត្រ, មច្ឆា, សុខតម ក្លាយជា អង្គ័ល, បូទុម, បុព្វជិត, បរិពត, បូពិត្រ មេឆា; សុខដុម ជាដើម ក៏សុទ្ធតែក្លាយឃ្លាតដូចគ្នាដែរ។
ការក្លាយបែបនេះមកពីអ្នកនិយាយប្រហែសធ្វេស ចេះតែថា ចេះតែសរសេរៗទៅ ពុំគិតដល់ការរក្សាភាសាជាតិ, យូរៗតៗមក ក៏ទៅជាសម្តីឥតន័យទៅអស់, នាំឲ្យអ្នកអក្សរសាស្ត្រមានការលំបាកនឹងកែតម្រូវ៕
អ្នកសរសេរអត្ថបទ
ជម្រាបសួរមិត្តអ្នកអាន! នៅឆ្នាំ២០១៩ ខ្ញុំ សែម វណ្ណា (Sem Vanna) មានឱកាសចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ ផ្នែកផលិតវីដេអូ និងបទយកការណ៍។ បច្ចុប្បន្ន ខ្ញុំ ផ្ដោតលើព័ត៌មានបេតិកភណ្ឌ វប្បធម៌ និងសង្គម។ ក្រៅពីសរសេរព័ត៌មានសង្គមទូទៅ ខ្ញុំ ក៏បានចូលរួមផលិតវីដេអូឯកសារអំពីរមណីយដ្ឋានអង្គរផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: