- ថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១១:៣០ នាទី ព្រឹក

ភ្នំពេញ៖ ព្រឹត្តិការណ៍«សង្រ្កាន្តកំពង់ចាម» និង«សង្រ្កាន្តនៅតាមស្រុក» នឹងត្រូវរៀបចំឡើងក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា។ ក្នុងព្រឹត្តិការណ៍ប្រពៃណីនេះ ក្រៅតែពីមានកម្មវិធីកម្សាន្តសប្បាយនានាហើយនោះ រដ្ឋបាលខេត្ត គឺបានត្រៀមលៀសហាលចំនួន៣តោន សម្រាប់អ្នកមកលេងសង្ក្រាន្ត ថែមទៀត។
បើតាមលោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម លៀសហាល ជាផលិតផលអត្តសញ្ញាណមួយប្រចាំខេត្តកំពង់ចាម ដែលមានរសជាតិឆា្ងញ់។ ផលិតផលនេះ ត្រូវបានអាជីវករនានាដាក់លក់នៅតាមបណ្តាខេត្តនានា ដោយបានបញ្ជាក់ពីរសជាតិ និងឈ្មោះលៀសហាលកំពង់ចាម។
ការណ៍នេះហើយ បានជារដ្ឋបាលខេត្តកំពង់ចាម សម្រចរៀបចំលៀសហាល ចំនួន៣តោន សម្រាប់ទទួលអ្នកមកលេងសង្ក្រាន្តកំពង់ចាម។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) លោក សុភ័ក្រ្ត បានបញ្ជាក់ថា ៖ « សង្រ្កាន្តកំពង់ចាម នឹងរៀបចំលៀសហាល ក្នុងបរិមាណ ៣តោន ដែលមានប្រវែង១០០០ម៉ែត្រ ដើម្បីទទួលពលរដ្ឋមកលេងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ។ នេះជាគោលបំណងរបស់អភិបាលខេត្តយើង។ លៀសហាលនេះ នឹងរៀបចំឡើងនៅកោះពេជ្រ មាត់ទន្លេក្រុងកំពង់ចាម ដែលជាទីតាំងលក់ភូមិមួយ ផលិតផលមួយ មានជាង១០០ស្តង់ ដោយមានរយៈពេល ៧ថ្ងៃ»។
សូមជម្រាបថា ព្រឹត្តិការណ៍«សង្រ្កាន្តកំពង់ចាម» និង«សង្រ្កាន្តនៅតាមស្រុក» នឹងមានកម្មវិធីសប្បាយជាច្រើន រួមទាំងពិធីសាសនា និងការលេងល្បែងប្រជាប្រិយ ជាដើម។
បើតាមរដ្ឋបាលខេត្តកំពង់ចាម «សង្រ្កាន្តកំពង់ចាម» នឹងរៀបចំនៅក្រុងកំពង់ចាម ដោយមានកម្មវិធីទទួលទេវតា, ការប្រកួតប្រដាល់គុនខ្មែរ, ការលេងល្បែងប្រជាប្រិយខ្មែរ, ការតាំងពិព័រណ៍ផលិតផល, ពិធីស្រង់ព្រះនៅខាងមុខសាលាខេត្ត រួមទាំងការប្រគំតន្រ្តីខ្នាតធំជាដើម។
រដ្ឋបាលខេត្តបញ្ជាក់ថា ស្រុកកំពង់សៀម នឹងរៀបចំសង្រ្កាន្ត នៅឆ្នេរខ្សាច់កោះប៉ែន, ប្រាសាទនគរបាជ័យ និងភ្នំហាន់ជ័យ។ ស្រុកព្រៃឈរ នឹងរៀបចំនៅរមណីយដ្ឋានប្រាសាទទឹកឆា, ស្រុកកងមាស នឹងរៀបចំនៅវត្តកោះតាង៉ោ, ស្រុកជើងព្រៃ នឹងរៀបចំនៅវត្តស្ដើងជ័យ, ស្រុកបាធាយ នឹងរៀបចំវត្តបាធាយ។
រីឯស្រុកចំការលើ នឹងរៀបចំនៅវត្តភ្នំទ្រែតក្នុង, ស្រុកកោះសូទិន នឹងរៀបចំនៅវត្តមហាលាភ និងស្រុកស្ទឹងត្រង់ នឹងរៀបចំនៅវត្តស្ទឹងត្រង់។ ចំពោះស្រុកស្រីសន្ធរ នឹងរៀបចំនៅវត្តកោះកែវ និងមានកម្មវិធីប្រណាំងរទេះគោ-ក្របី នៅឃុំបារាយណ៍ ក្នុងថ្ងៃឡើងស័ក៕
អ្នកសរសេរអត្ថបទ
កញ្ញា ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។
