- ថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៣:២០ នាទី រសៀល

ក្រសួងបរិស្ថាន រកឃើញជាលើកទី២ ចំពោះរោងចក្រកែច្នៃស្បែកសត្វជ្រូក របស់ក្រុមហ៊ុន CS TAN CO., LTD. នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបានបញ្ចេញសំណល់រាវ ពុំបានសម្អាតត្រឹមត្រូវ និងលើសកម្រិតស្តង់ដា ចូលទៅព្រែកកន្លង់ និងសមុទ្រ។ ក្រោយរកឃើញបែបនេះ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចំណាត់ការច្បាប់ភ្លាមៗចំពោះក្រុមហ៊ុននេះ តាមក្រមបរិស្ថាននិងធនធានធម្មជាតិ។

ក្រុមការងារសុក្រិត្យកម្មបរិស្ថានកិច្ច នៃក្រសួងបរិស្ថាន បានចុះត្រួតពិនិត្យជាថ្មីម្តងទៀតលើរោងចក្រកែច្នៃស្បែកជ្រូករបស់ក្រុមហ៊ុន CS TAN CO., LTD. ដែលមានទីតាំង នៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ការចុះពិនិត្យនេះ ក្រសួងរកឃើញក្រុមហ៊ុនបានដកទុយោ HDPE ដែលពីមុនបានជីក បង្កប់ក្នុងដី ដើម្បីបង្ហូរសំណល់រាវ ចេញទៅតំបន់ទឹកធម្មជាតិ (ព្រែកកន្លង់) ក្នុងចម្ងាយប្រមាណ៧០០ម៉ែត្រ នៅខាងក្រោយរោងចក្រ។
ក៏ប៉ុន្តែ ក្រុមហ៊ុន បានកាយប្រឡាយដីជំនួសវិញ ដើម្បីឱ្យទឹក ដែលដក់នៅផ្នែកខ្លះក្បែរទីតាំងរោងចក្រកែច្នៃស្បែកសត្វជ្រូក គឺមិនសម្អាតបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសទេ។ ហើយ ថែមទាំងលើសស្តង់ដា ឱ្យបន្តហូរចូលព្រែកន្លង់នេះ ដដែល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន។
បន្ទាប់ពីរកឃើញបែបនេះ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាឱ្យក្រុមហ៊ុន CS TAN CO., LTD. បញ្ឈប់សកម្មភាពជាបន្ទាន់នូវការបង្ហៀរសំណល់រាវនោះ ដែលបង្កឱ្យមានការបំពុលប្រភពទឹកស្អាត។ ទន្ទឹមនេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានលើកឡើងចំណាត់ការច្បាប់មិនលើកលែង ចំពោះក្រុមហ៊ុននេះ ដែលធ្វើប៉ះពាល់បរិស្ថាន និងធម្មជាតិក្នុងប្រភពទឹកសាធារណៈ។ ពោល ក្រសួងបរិស្ថាន នឹងអនុវត្តន៍វិធានការច្បាប់លើក្រុមហ៊ុន ដែលល្មើសទៅនឹងមាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ មាត្រា២៨៨ មាត្រា២៨៩ មាត្រា២៩០ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
ករណីមិនបញ្ឈប់ក្នុងការបង្ហៀរសំណល់រាវ បំពុលតំបន់ទឹកសាធារណៈ និងមិនបានអនុវត្តតាមបទដ្ឋានបច្ចេកទេសនៃការគ្រប់គ្រងសំណល់រាវឱ្យបានត្រឹមត្រូវ ក្រសួងបរិស្ថាននឹងតម្រូវឱ្យក្រុមហ៊ុនផ្អាកសកម្មភាពផលិតកម្មជាបណ្តោះអាសន្ន។ ជាមួយគ្នានេះ សមត្ថកិច្ចអាចឃាត់ខ្លួនម្ចាស់រោងចក្រ សហគ្រាស ដើម្បីជៀសវាងការបង្ហូរសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុន បង្កឱ្យមានការបំពុលបរិស្ថាន ជាបន្តទៀត យោងតាម មាត្រា៨២៤និងមាត្រា៨២៥ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
គួររំលឹកថា ក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន រកឃើញរោងចក្រខាងលើប្រព្រឹត្តល្មើសច្បាប់បរិស្ថាន និងធនធានធម្មជាតិលើកទី១ កាលពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ពេលនោះ រោងចក្រនេះ បានបញ្ចេញសំណល់រាវចេញពីរោងចក្រ ចូលព្រែកកន្លង់ និងបានបូមបន្តដើម្បីចាក់ ចូលទៅសមុទ្រ ដោយក្រសួងបានពិនិត្យអន្តរការណ៍ផងដែរ៕
អ្នកសរសេរអត្ថបទ
ជម្រាបសួរមិត្តអ្នកអាន! នៅឆ្នាំ២០១៩ ខ្ញុំ សែម វណ្ណា (Sem Vanna) មានឱកាសចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ ផ្នែកផលិតវីដេអូ និងបទយកការណ៍។ បច្ចុប្បន្ន ខ្ញុំ ផ្ដោតលើព័ត៌មានបេតិកភណ្ឌ វប្បធម៌ និងសង្គម។ ក្រៅពីសរសេរព័ត៌មានសង្គមទូទៅ ខ្ញុំ ក៏បានចូលរួមផលិតវីដេអូឯកសារអំពីរមណីយដ្ឋានអង្គរផងដែរ៕
