ប្រមុខរដ្ឋស្តីទី ​លើកលែងទោសឱ្យទណ្ឌិត សម សេរី ៦ករណី
  • ថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៣០ នាទី រសៀល
ប្រមុខរដ្ឋស្តីទី ​លើកលែងទោសឱ្យទណ្ឌិត សម សេរី ៦ករណី

សម្ដេច ហ៊ុន សែន ដែលជាប្រមុខរដ្ឋស្ដីទី សម្រេចលើកលែងទោសឱ្យទណ្ឌិតលោក សម សេរី ប្រធានរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេសទាំង៦ករណី នាថ្ងៃទី៦ ខែមេសានេះ។ ការលើកលែងទោសនេះ គឺធ្វើឡើងបន្ទាប់ពី ទណ្ឌិតរូបនេះ បានចេញលិខិតសុំការលើកលែងទោសពីសម្ដេច ហ៊ុន សែន និងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។  នេះបើតាមព្រះរាជ្យក្រឹត្យ នៅថ្ងៃទី៦ ខែមេសានេះ។

TTN-Free-Banner-In-Article-PC


នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥   លោក សម សេរី  បានប្រកាសរំលាយចោល «រណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស» ដែលមានលោកជាប្រធាន និងសុំការលើកលែងទោស ពីរដ្ឋាភិបាលក្នុងស្មារតីរួមសាមគ្គីការពារសន្តិភាព។ «ខ្ញុំបាទសូមប្រកាស រំលាយចោលនូវ រណសិរ្យ រំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរ និរទេស ចាប់ពីពេលនេះតទៅ»។ នេះជាសំណេរសុំទោស និងរំលាយចលនារបស់លោក សម សេរី។
 
លោក សម សេរី ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសលោក សម សេរី ហៅ សុខ ស៊ុយ ហៅ យាន យៀប ហៅ សំភិន ហៅ ស ធម្មរង្សី ហៅ សាភិន ហៅ សម នីរ័ត្ន ហៅ ស សរី ភេទប្រុស កើតឆ្នាំ ១៩៨០ សំណុំរឿង ៦ករណី ដែលស្មើ នឹង ៤៤ឆ្នាំ ៦ខែ។  សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៤ បានសម្រេចផ្ដន្ទាទោសលោក សម សេរី ដាក់ពន្ធនាគារកំណត់ ៩ឆ្នាំ។ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៧ ខែឆ្នូ ឆ្នាំ ២០១៦ បានសម្រេចផ្ដន្ទាទោសលោក សម សេរី ដាក់ពន្ធនាគារកំណត់ ៩ឆ្នាំ។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ បានសម្រេចផ្ដន្ទាទោសលោក សម សេរី ដាក់ពន្ធនាគារកំណត់ ៩ឆ្នាំ។ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ បានសម្រេចផ្ដន្ទាទោសលោក សម សេរី ដាក់ពន្ធនាគារកំណត់ ៨ឆ្នាំ។ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសលោក សម សេរី ចំនួន២ករណី ដាក់ពន្ធនាគារ ១៨ខែ និង ៨ឆ្នាំ។ 

ប៉ុន្តែ ចាប់ពីពេលនេះទៅ លោក សម សេរី មានសេរីភាពឡើងវិញ ក្រោយសម្ដេច ហ៊ុន សែន ដែលជាប្រមុខរដ្ឋស្ដីទី សម្រេចលើកលែងទោសជាផ្លូវការ។ 
 
«ខ្ញុំ សម សេរី ពិតជារំភើបរីករាយឥតឧប្បមានៅថ្ងៃនេះ ដែលទទួលបានលើកលែងទោសជាផ្លូវការដោយប្រមុខរដ្ឋស្តីទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា។»។ លោក សម សេរី បានសរសេរបែបនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក។
 
លោកបានចាត់ទុក សម្ដេច ហ៊ុន សែន ជាព្រឹទ្ធាចារ្យ ស្រឡាញ់ប្រទេសជាតិ និងសន្តិភាព ទឹកចិត្តប្រកបដោយគុណធម៌សណ្តោសប្រណីលើកលែងទោសដល់លោកនិងសមាជិក។ លោក សម សេរី ក៏មិនភ្លាមអរគុណដល់រដ្ឋាភិបាលប្រទេសដាណឺម៉ាក សហភាពអឺរ៉ុប អាម៉េរិក អង់គ្លេស ដែលបានជួយគាំទ្រលោកកន្លងមក ផងដែរ៕
 
 
 
 
 

 


អ្នកសរសេរអត្ថបទ

ជម្រាបសួរមិត្តអ្នកអាន! នៅឆ្នាំ២០១៩ ខ្ញុំ សែម វណ្ណា (Sem Vanna) មានឱកាសចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ ផ្នែកផលិតវីដេអូ និងបទយកការណ៍។ បច្ចុប្បន្ន ខ្ញុំ ផ្ដោតលើព័ត៌មានបេតិកភណ្ឌ វប្បធម៌ និងសង្គម។ ក្រៅពីសរសេរព័ត៌មានសង្គមទូទៅ ខ្ញុំ ក៏បានចូលរួមផលិតវីដេអូឯកសារអំពីរមណីយដ្ឋានអង្គរផងដែរ៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សែម វណ្ណា