ប្រាសាទដូនមារ ហ៊ុមព័ទ្ធដោយសម្រស់ព្រឹក្សាស្រស់ស្អាតនៅជិតបង្កើយ តែឆ្ងាយពីភ្នែកទេសចរ
  • ថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៦:២០ នាទី ល្ងាច
ប្រាសាទដូនមារ ហ៊ុមព័ទ្ធដោយសម្រស់ព្រឹក្សាស្រស់ស្អាតនៅជិតបង្កើយ តែឆ្ងាយពីភ្នែកទេសចរ

សៀមរាប៖ ប្រាសាទដូនមារ ស្ថិតនៅក្នុងក្រុមប្រាសាទព្រះពិធូរ ក្នុងក្រុងអង្គរធំ។ សាងសង់ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ ក្នុងសវត្សរ៍ទី១២ ប្រាសាទដូនមារ បែកបាក់ខ្លះ តែនៅមានសម្រស់ស្រស់ស្អាតមិនចាញ់បុរាណស្ថានផ្សេងទៀត។

TTN-Free-Banner-In-Article-PC

នៅក្នុងក្រុមប្រាសាទព្រះពិធូរ មានប្រាសាទដូនមារ ប្រាសាទកោសក់ ប្រាសាទជម ប្រាសាទតាទួត និងប្រាសាទសណ្ដកយក្ស ដែលទេសចរអាចចំណាយពេលប្រមាណ ១ម៉ោងជាង ទៅ២ម៉ោងប៉ុណ្ណោះ ដើម្បីទស្សនា។ ដើរទស្សនាប្រាសាទទាំងនេះ មិនសូវហត់នឿយនោះទេ ព្រោះថា ដើមឈើតូចធំ ផ្ដល់ជាម្លប់ត្រឈឹងត្រឈៃ។

បើតាមបុរាណវិទូនៃអាជ្ញាធរជាតិអប្សរា អ្នកស្រី សៀង សុផានី ប្រាសាទដូនមារ មានសិវលិង្គធំមួយនៅក្នុងប្រាសាទ និងប្រើប្រាស់ដុំថ្មធំៗ។ ពលរដ្ឋខ្មែរមួយចំនួន នៅតែមកគោរពសិវលិង្គនៅប្រាសាទដូនមារនេះ។ ជារឿយៗ គេឃើញមានដង្វាយផ្សេងៗនៅប្រាសាទដូនមារនេះ។ «សិវលិង្គនេះ តំណាងឱ្យព្រហ្មញ្ញសាសនា មានព្រះព្រហ្ម ព្រះនរាយណ៍ និងព្រះឥសូរ្យ។ សិវលិង្គនេះ មានកម្ពស់១.៥ម៉ែត្រ។» នេះបើតាមអ្នកស្រី សៀង សុផានី។

ប្រាសាទដូនមារ ត្រូវបានបារាំងជួយសង្គ្រោះបណ្ដោះអាសន្ន និងត្រូវបានអាជ្ញាធរជាតិអប្សរា ប្រើប្រាស់ឈើដើម្បីជួយទប់លំនឹងថ្មប្រាសាទនៅកន្លែងមានហនិភ័យមួយចំនួន។ ប្រាសាទដូនមារនេះ នឹងត្រូវបានជួលជុលនាពេលក្រោយ បន្ទាប់ពីក្រុមការងារកំពុងជួសជុលប្រាសាទជម នៅក្នុងក្រុមប្រាសាទព្រះពិធូរនេះ។

ដើម្បីលើកកម្ពស់ និងបង្កើនការយល់ដឹងអំពីប្រាសាទខ្មែរ ទេសចរជាតិគួរទស្សនាប្រាសាទតូចៗនៅក្នុងរមណីយដ្ឋានអង្គរ ព្រោះថា ប្រាសាទតូចៗទាំងនោះ មិនសូវមានទេសចរជាតិទៅទស្សនាច្រើននោះទេ។ ប្រាសាទតូចៗទាំងនោះ មិនសូវមានខ្មែរស្គាល់ផងដែរ៕


អ្នកសរសេរអត្ថបទ

ជម្រាបសួរមិត្តអ្នកអាន! នៅឆ្នាំ២០១៩ ខ្ញុំ សែម វណ្ណា (Sem Vanna) មានឱកាសចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ ផ្នែកផលិតវីដេអូ និងបទយកការណ៍។ បច្ចុប្បន្ន ខ្ញុំ ផ្ដោតលើព័ត៌មានបេតិកភណ្ឌ វប្បធម៌ និងសង្គម។ ក្រៅពីសរសេរព័ត៌មានសង្គមទូទៅ ខ្ញុំ ក៏បានចូលរួមផលិតវីដេអូឯកសារអំពីរមណីយដ្ឋានអង្គរផងដែរ៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម វណ្ណា