«ព្រះនរាយណ៍ផ្ទំពីសំរឹទ្ធ» របស់ខ្មែរធំជាងគេនៅអាស៊ីអាគ្នេយ៍ នឹងបង្ហាញក្នុងសារមន្ទីដ៏ល្បីនៅបារាំង
  • ថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៣០ នាទី ល្ងាច
«ព្រះនរាយណ៍ផ្ទំពីសំរឹទ្ធ» របស់ខ្មែរធំជាងគេនៅអាស៊ីអាគ្នេយ៍ នឹងបង្ហាញក្នុងសារមន្ទីដ៏ល្បីនៅបារាំង

ភ្នំពេញ៖ ប្រតិមាព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធមកពីប្រាសាទមេបុណ្យខាងលិច គឺជាប្រតិមាដ៏ធំមហិមាមួយ ក្នុងចំណោមប្រតិមាទេពសំខាន់ៗដ៏កម្រនៃព្រហ្មញ្ញសាសនា ក្នុងឥរិយាបថផ្ទុំសណ្តូកលើដងខ្លួនខាងស្តាំ និងមានព្រហស្តបួន។ ប្រតិមានេះ ទំនងជាសិតតាមព្រះរាជបញ្ជារបស់ព្រះមហាក្សត្រ គឺព្រះបាទ ឧទ័យាទិត្យាវរ្ម័នទី២ (គ.ស ១០៥០-១០៦៦) ដើម្បីតម្កល់នៅក្នុងប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅចំកណ្តាលបារាយណ៍ធំជាងគេនៅតំបន់អង្គរ។

TTN-Free-Banner-In-Article-PC

ប្រតិមាព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធ​ ជា​បដិមា​ធំជាងគេ​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍ ដែលមាន​ប្រវែង​៦​ម៉ែត្រ​។ បដិមា​«​វិស្ណុ​ផ្ទំ​»​នេះ ត្រូវបាន​ជីក​កកាយ​ឃើញ ទាំង​មានការ​បាក់បែក ហើយ​ផ្គុំ​បានជា​បដិមា​វិស្ណុ​នេះ​ឡើង ក្នុង​ឆ្នាំ​១៩៣៦ នៅ​ប្រាសាទមេបុណ្យខាងលិច​។ ចាប់ពីឆ្នាំ១៩៥០ គេយកតែដងខ្លួនប្រតិមាព្រះនារាយណ៍ផ្ទុំប៉ុណ្ណោះ មកតាំងបង្ហាញក្នុងសារមន្ទីរជាតិកម្ពុជា។ រីឯបំណែកប្រមាណជាង៤០ផ្សេងទៀតរបស់ប្រតិមានេះ បានរក្សាទុកក្នុងឃ្លាំងរបស់សារមន្ទីរ។

ប្រតិមាព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធ កំពុងត្រូវបានជួសជុលនៅបារាំង។ រូបថត៖ AFP

បើតាម​សៀវភៅ​ប្រវត្តិសាស្ត្រ «អាថ៌កំបាំង​អង្គរ​ភាគ​២» ការរកឃើញ​បដិមា​វិស្ណុ​ផ្ទំ​នេះ មិនមែនជា​រឿង​ចៃដ​ន្យ​ទេ​។ អ្នកភូមិ​អង្គរ​ម្នាក់ បាន​សុបិន​ឃើញ​ព្រះពុទ្ធ​មួយអង្គ មក​ពន្យល់​ស​ប្តិ ឲ្យ​ទៅ​ជីក​ព្រះអង្គ​ចេញពី​ក្នុង​ដី ព្រោះ​ព្រះអង្គ​ថប់ដង្ហើម​ណាស់ ដូច្នេះ​ក៏បាន​ទៅប្រាប់​អ្នក​អភិរក្ស​ជនជាតិ​បារាំង​ម្នាក់ ឲ្យ​ទៅ​កម្ទេច​ថ្ម ហើយ​បានឃើញ​បំណែក​បដិមា​សំរឹទ្ធ យ៉ាង​អស្ចារ្យ​ផ្គាប់​មុខ​ចុះក្រោម មាន​គ្រឿង​តុបតែង​ខ្លួន ព្រមទាំង​ដៃ និង​គ្រឿង​បំណែក​ផ្សេងៗ​ផងដែរ​។ បន្ទាប់មកទៀត គេ​ក៏បាន​ផ្គុំ​បានជា​រូប​បដិមា​វិស្ណុ​ផ្ទំ​នេះ​ឡើង​។

បច្ចុប្បន្ន អ្នកជំនាញ បានជួសជុលប្រតិមាព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធមកពីប្រាសាទមេបុណ្យខាងលិច នៅមន្ទីរពិសោធន៍ដ៏ល្បី Arc'Antique ក្នុងទីក្រុង Nantes ភាគខាងលិចប្រទេសបារាំង។ ក្រោយគម្រោងអភិរក្ស និងវិភាគស្រាវជ្រាវ នេះបញ្ចប់ ប្រតិមាដ៏វិចិត្រនេះ ​នឹងជាក់តាំង​​បង្ហាញ​ក្នុងពិព័រណ៍​មិនអចិន្ត្រៃយ៍ នៅសារមន្ទីរ សិល្បៈអាស៊ីហ្គីមេ ហើយការដាក់តាំងនេះ នឹងបានបន្ថែមរូបចម្លាក់អំពីសំរឹទ្ធ ចំនួន ១២៦ ផ្សេងទៀត ដែលខ្ចីបន្ថែមពីសារមន្ទីរជាតិ​កម្ពុជា​​ ដំណាក់កាលទី២។ ប្រតិមាព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធនេះ នឹងតាំងបង្ហាញនៅសារមន្ទីរ Guimet ក្នុងទីក្រុងប៉ារីសចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២៥នេះ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី៧ ខែឧសភា បានថ្លែងថា គម្រោងនេះ មានបំណង ក្នុងការជួសជុល អភិរក្ស និងសិក្សាវិភាគ សមាសភាពផ្សំ លើប្រតិមាព្រះនារាយណ៍ថ្មី នៅ​វិទ្យាស្ថាន Centre de recherche et de restoration des musées de France (C2RMF) នៃ​ប្រទេសបារាំង ដើម្បី​ឈ្វេងយល់បន្ថែម ពីបច្ចេកទេសដ៏ប៉ិនប្រសព្វ នៃការសិតលោហៈខ្នាតធំមហាសាល ក្នុងអារ្យធម៌ខ្មែរ​នាសម័យអង្គរ។

 Relate

​«លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ នឹងបោះពុម្ពផ្សាយ យ៉ាងទូលំទូលាយដើម្បីចែករំ​លែក ពីបទពិសោធន៍ និងទេពកោសល្យ ក្នុងការសិតលោហៈ នៅក្នុងប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ»។ លោកស្រី ភឿង សកុណា បន្តដូច្នេះមុននឹងបន្ថែមថា ក្រៅពីការវិភាគបច្ចេកទេស ក្រុមអ្នកជំនាញ នឹងសាកល្បងផ្តុំបំណែកទាំង៣៩ ដែលបាន ដាច់ចេញពីដង​ខ្លួន​​អស់រយៈ​កាលជិត ១ ០០០ឆ្នាំមកហើយ និងរៀបចំផ្គុំតម្លើងជា 3D ដើម្បីបានដឹង​ពីទី​តាំង​នៃចំណែក​ទាំងនោះ។

គួររំលឹកថា តាមរយៈកំណាយនៅឆ្នាំ១៩៣៦ ដឹកនាំដោយអ្នកអភិរក្សជនជាតិបារាំង លោក ម៉ូរីស ហ្គ្លេស (Maurice Glaize) បានរកឃើញប្រតិមានេះ នៅក្នុងគំនររណ្តៅថ្មចំកណ្តាលតួប៉មប្រាសាទមេបុណ្យខាងលិច។ បើតាមមជ្ឈមណ្ឌលស្រាវជ្រាវនិងជួសជុលរបស់សារមន្ទីរនៃប្រទេសបារាំង តាមការសន្និដ្ឋាន ជាដំបូងគេវាយកំទេចប្រតិមាព្រះនារាយណ៍ផ្ទុំជាច្រើនបំណែក មុនពេលបញ្ចុះក្នុងដី ជាមួយនឹងបំណែកប្រតិមាផ្សេងទៀត៕


អ្នកសរសេរអត្ថបទ

ជម្រាបសួរមិត្តអ្នកអាន! នៅឆ្នាំ២០១៩ ខ្ញុំ សែម វណ្ណា (Sem Vanna) មានឱកាសចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ ផ្នែកផលិតវីដេអូ និងបទយកការណ៍។ បច្ចុប្បន្ន ខ្ញុំ ផ្ដោតលើព័ត៌មានបេតិកភណ្ឌ វប្បធម៌ និងសង្គម។ ក្រៅពីសរសេរព័ត៌មានសង្គមទូទៅ ខ្ញុំ ក៏បានចូលរួមផលិតវីដេអូឯកសារអំពីរមណីយដ្ឋានអង្គរផងដែរ៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម វណ្ណា