- ថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៨:០០ នាទី យប់

ភ្នំពេញ៖ កម្ពុជា កំពុងអភិវឌ្ឍន៍ខ្លួនក្នុងវិស័យអាកាសចរណ៍ស៊ីវិល លើការជំរុញការតភ្ជាប់ទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងស្រុកនិងអន្តរជាតិ។ ជាមួយគ្នានេះ កម្ពុជា មានផែនការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសឱ្យបាន២៥លាននាក់ និងដឹកជញ្ជូនទំនិញតាមផ្លូវអាកាសឱ្យបាន២០៥ពាន់តោន ក្នុងឆ្នាំ ២០៣៥។
ផែនការនេះ មាននៅក្នុងក្របខណ្ឌយុទ្ធសាស្ត្រថ្មី នៃគោលនយោបាយជាតិស្ដីពីការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្នាំ២០២៥-២០៣៥។ សេចក្តីព្រាងគោលនយោបាយជាតិ ស្ដីពី ការដឹកជញ្ជូនតាមផ្លូវអាកាសនេះ ត្រូវបានអង្គគណៈរដ្ឋមន្ត្រីពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។
ដើម្បីនូវគោលដៅដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសឱ្យ២៥ លាននាក់ និងដឹកជញ្ជូនទំនិញតាមផ្លូវអាកាសឱ្យបាន២០៥ពាន់តោន ក្នុងឆ្នាំ២០៣៥ រដ្ឋាភិបាលបានកំណត់នូវ យុទ្ធសាស្ត្រស្នូលចំនួន ៧។ ក្នុងនោះមាន ៖ សេរីភាវូបនីយកម្មសិទ្ធិហោះហើរ គោលដៅហោះហើរ និងចំណុះដឹកជញ្ជូន, សេរីភាវូបនីយកម្មនៃសញ្ជាតិលើម្ចាស់ភាគហ៊ុន និងការគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍, សេរីភាវូបនីយកម្ម សេវាកម្មគាំទ្រការដឹកជញ្ជូនតាមផ្លូវអាកាស។ ការប្រកួតប្រជែងស្មើភាព និងតម្លៃសេវាកម្មប្រកួតប្រជែង, ការសម្របសម្រួល និងការប្រើប្រាស់បច្ចេកវិទ្យា, សមាហរណកម្មគោលនយោបាយជាតិនេះ ជាមួយនឹង គោលនយោបាយទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌។ និង យុទ្ធសាស្ត្រទី៧ គឺ ការពង្រឹងគុណភាពសេវាកម្ម និងកិច្ចគាំពារអ្នក ដំណើរតាមផ្លូវអាកាស។
គោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្នាំ២០២៥-២០៣៥ គឺជាក្របខ័ណ្ឌមួយ នៃផែនការយុទ្ធសាស្ត្រអាកាសចរណ៍ស៊ីវិល។ គោលនយោបាយជាតិនេះ ត្រូវបានរៀបចំឡើងដើម្បីអភិវឌ្ឍការ ដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងភាពធន់ តាមរយៈគោលនយោបាយ បង្កើនការតភ្ជាប់ជើងហោះហើរ តាមផ្លូវអាកាសនៅក្នុងស្រុក តំបន់ និងសកលលោក។ លើសពីនេះ គឺបង្កើនអត្ថប្រយោជន៍ដល់ ការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស និងបង្កើតឱកាសអាជីវកម្មដែលមានការប្រកួតប្រជែងស្មើភាព។
សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៤ ខែមេសា បានបញ្ជាក់ថា គោលនយោបាយជាតិនេះ ផ្តោតសំខាន់លើការខំអនុវត្តជាបន្តនូវគោលនយោបាយ «បើកចំហជើងមេឃ»។ ពោល រដ្ឋាភិបាល នឹងខំ ជំរុញវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជាឱ្យកម្ពុជាកាន់តែរីកចម្រើន ជាមួយនឹងការជំរុញការតភ្ជាប់ទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងស្រុកនិងអន្តរជាតិ វិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម និងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ផងដែរ។
តាមរយៈពេលគោលនយោបាយជាតិថ្មីនេះ រដ្ឋាភិបាល នឹងព្យាយាមពង្រីកជើងហោះហើរបន្ថែមទៀត ពីលើអ្វីដែលកម្ពុជាកំពុងមាន។ បច្ចុប្បន្ន កម្ពុជា បានតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់ ១២ប្រទេស និងតំបន់រដ្ឋបាល ពិសេសហុងកុង និងកោះតៃវ៉ាន់ ឬភ្ជាប់ជើងហោះហើរទៅកាន់រាជធានី/ទីក្រុង ចំនួន ៣៤ ក្នុងតំបន់និងសកលលោក តាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិសរុបចំនួន ៣១ក្រុមហ៊ុន។ ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស ចំនួន ៦,២៤លាននាក់ កំណើន ២២ភាគរយ និងទំនិញតាមផ្លូវអាកាស ចំនួន ៧៧,៨ពាន់តោន កើន៤០ភាគរយ បើធៀបនឹងឆ្នាំ២០២៣។
ជាមួយគ្នានេះ រដ្ឋាភិបាល នឹងបន្តគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ស៊ីវិល ដែលបានសាងសង់រួច រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិតេជោ អង្គរ-សៀមរាប និងតារាសាគរ ជាដើម។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលសង្ឃឹមយ៉ាងមុតមាំថា តាមរយៈគោលនយោបាយជាតិនេះ វិស័យ ដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា នឹងមានការរីកចម្រើនយ៉ាងខ្លាំង ដោយជំរុញការតភ្ជាប់ទីផ្សារអាកាសចរណ៍ ក្នុងស្រុកនិងអន្តរជាតិ និងធានាបាននូវចីរភាពនៃការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជា។
កាលឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦ ៧០០ ១២៥ នាក់ កើន ២២,៩ ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ភ្ញៀវទេសចរអន្តរជាតិទាំងនេះ បាននាំមកនូវចំណូលចំនួន ៣ ៦៣៧ លានដុល្លារ ក្នុងចរន្តសេដ្ឋកិច្ចជាតិ ដែលស្មើនឹង ៩,៤ ភាគរយ នៃផលិផលក្នុងស្រុកសរុប(GDP)ប្រចាំ ឆ្នាំ៕ ស
អ្នកសរសេរអត្ថបទ
កញ្ញា ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។
