- ថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៨:០០ នាទី ព្រឹក

សៀមរាប៖ ធម្មជាតិបានផ្តល់អត្ថប្រយោជន៍ច្រើនលើសលុបដល់មនុស្ស សត្វ។ ក្រៅពីផ្តល់ជាខ្យល់ ម្លប់ ក្នុងនោះដើមឈើខ្លះក៏បានផ្តល់ជាផ្លែផ្កាសម្រាប់មនុស្ស សត្វ បរិភោគទៀតផង។ តួយ៉ាងព្រៃឈើនៅតំបន់អង្គរ និងតំបន់ជុំវិញ ក៏កំពុងហុចផលដល់ពលរដ្ឋនៅទីនោះជាច្រើនផងដែរ។
នៅលើកកំណាត់ផ្លូវកែងប្រាសាទព្រះខ័ន និងផ្លូវឆ្ពោះទៅឃុំលាងដៃ ស្រុកអង្គរធំ អ្នកភូមិភ្លង់ ប្រមាណ៣០គ្រួសារ កំពុងដាក់លក់អនុផលព្រៃឈើច្រើនមុខតាមបែបលក្ខណៈគ្រួសារ។ នៅទីនោះ ខ្ញុំបានជួបលោកស្រី ម៉ន ពេជ្រ វ័យ៦១ឆ្នាំ កំពុងរៀបចំផ្លែឈើ និងអនុផលព្រៃឈើខ្លះទៀត ដើម្បីលក់ជូនអ្នកដំណើរ ក៏ដូចជាទេសចរដែលឆ្លងកាត់។ ផ្លែឈើព្រៃ ដែលសាធារណជន ក៏ដូចជាទេសចរអាចរកទិញបាននារដូវនេះ ឬអំឡុងពេលមកលេងអង្គរសង្រ្កាន្តឆ្នាំ២០២៥ រួមមាន៖
ផ្លែគុយ
ផ្លែគុយ ដែលរុក្ខជាតិវល្លិមានដុះច្រើននៅព្រៃ ឬភ្នំ ហើយមានរសជាតិផ្អែមលាយជូរ ដែលពលរដ្ឋខ្មែរនិយមបរិភោគ។ ឆ្នាំនេះ គុយចាប់ផ្តើមទុំនៅពាក់កណ្ដាលខែ មីនា។ នៅដើមរដូវ ផ្លែគុយលក់បានមួយគីឡូក្រាម ៦ម៉ឺនរៀល។ ដល់ខែមេសានេះ គុយចាប់ផ្តើមទុំច្រើន និងសម្បូរជាងទៅឆ្នាំទៅមិញ ដែលតម្លៃទូទៅដែលអាជីវករលក់នៅលើទីផ្សារ មានតម្លៃចន្លោះពី២ម៉ឺន ទៅ២,៥ម៉ឺនរៀលក្នុងមួយគីឡូក្រាម។
សិរមាន់
ផ្លែស្រដៀងនឹងផ្លែគូលែន តែតូចៗជាង និងមានរសជាតិរៀងជូនបន្តិច។ គេអាចបរិភោគបានដោយផ្ទាល់ ឬខ្លះនិយមហូបលាយជាមួយទឹកត្រី ដែលមានដាក់ស្ករបន្ថែម។ សិរមាន់ មានតម្លៃ១គីឡូក្រាម ១៣,០០០រៀល។
ផ្លែគូលែន
មានផ្លែស្រដៀងសិរមាន់ដែរ តែរៀងធំៗជាង និងមិនសូវជូរទៀត។ គូលែនព្រៃ មានរសជាតិជូអែម និងខ្លះក៏មានផ្អែមផងដែរ។ ឆ្នាំនេះ នៅភ្នំគូលែន ដើមគូលែនមានផ្លែច្រើន ដែលជាទូទៅ វាផ្កាក្នុងរយៈពេល២ទៅ៣ឆ្នាំម្ដងតែប៉ុណ្ណោះ។ ផ្លែគូលែនព្រៃ លក់បានក្នុងតម្លៃចាប់ពី១ម៉ឺនរៀល ទៅ២,៥ម៉ឺនរៀលក្នុងមួយគីឡូក្រាម។
ផ្លែដូនកាយ
មានពណ៌ក្រម៉ៅ ផ្លែតូចៗរៀងទ្រវែងបន្តិច រសជាតិផ្អែមលាយចត់បន្តិច។ ចងជាចង្កោមៗ ដាក់លក់នៅលើទីផ្សារ។ មួយចង្កោមតម្លៃ២ពាន់ ឬ៣ពាន់រៀល។
ផ្លែកកោះ
គេយកគ្រាប់វាទីលីងឱ្យឆ្ងុយ រួចដាំទឹកផឹក ដែលពលរដ្ឋជឿថាអាចព្យាបាលជំងឺក្រពេះ ពោះវៀនបានយ៉ាងល្អ។ ផ្លែដែលដាំទឹករួចនោះ គេអាចយកវាដែលរីកទន់ លាយជាមួយស្ករ ឬទឹកដោះគោ ធ្វើជាបង្អែមបានយ៉ាងឆ្ងាញ់ពិសា។
ផ្លែព្នៅ
មានទឺកផ្លែក្រៀម និងផ្លែទុំស្រស់។ ផ្លែទុំមានក្លិនឆ្ងុយ ហើយសាច់វារសជាតិផ្អែម។ ព្នៅក្រៀម គេអាចយកទៅដាំទឹកក៏បាន ឬបេះជាចំណិតៗ លាយទឹកក្តៅក៏បាន ដែលអាចប្រើជាទឹកតែ ឬថ្នាំក្រពេះ ពោះវៀន។
ផ្លែសេដា
មានពណ៌លឿងដូចមាស សាច់ទុំរមួត ផ្អែមឆ្ងាញ់។ ពលរដ្ឋនៅតំបន់អង្គរ ឬនៅតំបន់ជុំវិញ និយមដាំនៅតាមផ្ទះ តែមិនសូវសម្បូរប៉ុន្មានទេនាពេលបច្ចុប្បន្ន។ ផ្លែនេះមានតម្លៃ៥ពាន់រៀល ក្នុង១គីឡូក្រាម៕
អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕
