- ថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:៣០ នាទី ព្រឹក

សៀមរាប៖ ក្រុមគ្រូពេទ្យជិត៣០០នាក់ នៃក្រុមការងារសង្រ្គោះបឋម និងបន្ទាន់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ សហការជាមួយមន្ទីរសុខាភិបាលខេត្តសៀមរាប ជួបជុំគ្នា និងរៀបចំលំហាត់សម នាថ្ងៃទី៦ ខែមេសា។ ការណ៍នេះ ធ្វើឡើងដើម្បីត្រៀមលក្ខណៈជួយសង្រ្គោះពលរដ្ឋដែលមកលេងអង្គរសង្ក្រាន្ត ខណៈនឹងប្រព្រឹត្តិឡើងនៅដើម្បីសប្តាហ៍ក្រោយ។
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្រុមការងារបានត្រៀមគ្រូពេទ្យចំនួន២៨៨នាក់ ដោយចែកចេញជា៣ក្រុមធំៗ។ បើតាមលោកសារ៉ាត់ ក្រុមនីមួយៗ គឺមានវេជ្ជបណ្ឌិត គិលានុបដ្ឋាក ឆ្មប ក្រុមអ្នកស្ម័គ្រចិត្តដែលជានិស្សិតពេទ្យចំនួន៥៤នាក់ និងក្រុមការងារ សសយក ចំនួន៣០នាក់ទៀត។ ក្រុមគ្រូពេទ្យទាំងនោះ គឺមានទាំងអ្នកប្រចាំការនៅមន្ទីរពេទ្យ, អ្នកប្រចាំការនៅតាមស្តង់ និងអ្នកចល័ត ហើយក្រុមចល័តនឹងត្រូវពាក់អាវសម្គាល់ជាអ្នកសង្រ្គោះបឋម។
ពិធីផ្សព្វផ្សាយសមាសភាពក្រុមការងារគ្រូពេទ្យសង្រ្គោះបឋម និងបន្ទាន់
ដ្បិតមានក្រុមគ្រូពេទ្យប្រចាំការ ក៏ប៉ុន្តែ លោកវេជ្ជបណ្ឌិតរូបនេះ ក៏ប្រាប់អ្នកមកលេងអង្គរសង្រ្កាន្ត ត្រូវពិសាទឹកឱ្យបានច្រើន និងរក្សាអនាម័យឱ្យបានល្អ ផងដែរ។ លោក ក្រុស សារ៉ាត់ បាននិយាយយ៉ាងដូច្នេះ៖« ដោយសារព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅសៀមរាប ធ្វើឡើងចំខែក្តៅ យើងត្រូវតែទទួលទានទឹកឱ្យច្រើន និងទទួលទានអាហារឱ្យមានអនាម័យ ដើម្បីកុំឱ្យមានជំងឺផ្សេងៗ អំឡុងពេលដើរកម្សាន្ត។»។
ជាមួយគ្នានេះ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ក៏បានក្រើនរំឭកដល់ក្រុមគ្រូពេទ្យ និងយុវជនស្ម័គ្រចិត្តទាំងអស់ ឱ្យបំពេញការងារប្រកបដោយស្មារតីយកចិត្តទុកដាក់ ដើម្បីបម្រើសេវាសុខាភិបាលសង្រ្គោះបឋម និងបន្ទាន់ ដល់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងទេសចរ ដែលនឹងមកលេងអង្គរសង្រ្កាន្ត ពីថ្ងៃទី១៤-១៦ ខែមេសា។
ក្នុងពិធីផ្សព្វផ្សាយសមាសភាពក្រុមការងារគ្រូពេទ្យសង្រ្គោះបឋម និងបន្ទាន់ ដែលធ្វើឡើងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ នាថ្ងៃទី៦ ខែមេសា លោក ក្រុស សារ៉ាត់ បានបញ្ជាក់ថា គ្រូពេទ្យ និងយុវជនស្ម័គ្រចិត្តទាំង ២៨៨នាក់នោះ នឹងដាក់ពង្រាយតាមស្ដង់សង្រ្គោះបឋម និងបន្ទាន់ ចំនួន៩ទីតាំងផ្សេងគ្នា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា។ ទីតាំងទាំងនោះរួមមាន មាត់ស្ទឹងសៀមរាបចំនួន៥ស្ដង់, តំបន់អង្គរឃ្យុងយូ ១ស្ដង់ និងនៅអង្គរវត្ត ៣ស្ដង់ ដោយនៅតាមស្តង់នីមួយៗ បានរៀបចំដាក់គ្រូពេទ្យប្រចាំការ សម្ភារៈ គ្រឿងបរិក្ខា និងថ្នាំសង្កូវផ្សេងៗ រួមនឹងរថយន្តសង្រ្គោះបន្ទាន់ផង ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ និងក៏ដូចជាភ្ញៀវវទេសចរ ដែលនឹងមកលេងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥៕
អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕
