ផ្ទៃដីជាង៧០ហិកតានៅកប់ស្រូវ នឹងក្លាយជាសួនសាធារណៈសម្រាប់រាជធានីភ្នំពេញ
  • ថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៣៥ នាទី ព្រឹក
ផ្ទៃដីជាង៧០ហិកតានៅកប់ស្រូវ នឹងក្លាយជាសួនសាធារណៈសម្រាប់រាជធានីភ្នំពេញ

ផ្ទៃដីប្រមាណ ៧០ហិកតា នៅតំបន់កប់ស្រូវ ​នឹងត្រូវរៀបចំជាសួនសាធារណៈ សម្រាប់រាជធានីភ្នំពេញ។ នេះគឺជាការអះអាងរបស់ សម្តេច ហ៊ុន ម៉ាណែត ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាសមរតកតេជោ ដែលជាស្ពានអាកាសទី៨របស់កម្ពុជា នៅថ្ងៃទី៧ ខែមេសានេះ។
TTN-Free-Banner-In-Article-PC


សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ដូច្នេះ៖ «នៅរាជធានីភ្នំពេញនេះ ខ្ញុំឱ្យរៀបចំនៅកន្លែងផ្លូវកប់ស្រូវ ត្រៀមប្រហែលជាង ៧០ហិកតា ដើម្បីធ្វើសួនសាធារណៈ ឱ្យអ្នកភ្នំពេញតែម្តង។ មានគេមក Calculate (គណនា) ថាបង អាហ្នឹង១(ម៉ែត្រ)ការ៉េ គិតមើល ៧០ហិកតា បាន៧០លាន (ដុល្លារ) បងឯងយកអភិវឌ្ឍន៍អីផ្សេង ខ្ញុំថាអត់ទេ អភិវឌ្ឍន៍កន្លែងនេះ យើងទុក៧០ហិកតាយកធ្វើសួនសាធារណៈ ឱ្យអ្នករាជធានីភ្នំពេញ។»។

បើតាមសម្តេច ហ៊ុន ម៉ាណែត រដ្ឋបាលរាជធានីភ្នំពេញ ក៏កំពុងបណ្តុះកូនឈើជាច្រើនដើម សម្រាប់ដាំនៅសួនសាធារណៈនេះ ខណៈជំរុញឱ្យបណ្តាខេត្តផ្សេងៗទៀត ប្រជែងគ្នា ក្នុងការរៀបចំសួនសាធារណៈនៅក្នុងក្រុង សម្រាប់ការដើរកម្សាន្តរបស់ពលរដ្ឋផងដែរ។

«ទៅថ្ងៃក្រោយ កណ្តាលក្រុងធំៗ ត្រូវតែមានទីលាន ទីធ្លាទូលំទូលាយសម្រាប់សាធារណៈ ជូនប្រជាពលរដ្ឋរបស់យើង។ ហើយខេត្តខ្លះ ក្រុងខ្លះ បើនៅកណ្តាលក្រុងអត់មាន នៅជិតក្រុងហ្នឹង ខ្ញុំឱ្យយោបល់ ត្រៀមទុកទៅ១០០ -២០០ហិកតា បម្រុងទុកទៅ (ទុករៀប) ជាសួនសាធារណៈសម្រាប់គាត់(ពលរដ្ឋ)ទៅ។ ឥឡូវយើងគិតថាឆ្ងាយសម្រាប់ខេត្តខ្លះ តែតិចទៀតអត់ឆ្ងាយទេ ព្រោះក្រុងនឹងរីក។ អ៊ីចឹងយកដីហ្នុងទុកឱ្យហើយទៅ សម្រាប់ធ្វើទីលានសាធារណៈ សម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋ។»។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ដូច្នេះ មុននឹងជំរុញ បានគាំទ្រឱ្យបណ្តាខេត្តផ្សេងៗទៀត ប្រជែងគ្នា ក្នុងការរៀបចំសួនសាធារណៈនៅក្នុងក្រុង និងខេត្តខ្លួនឱ្យបានល្អ៕



 

អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា