- ថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ម៉ោង ២:២៩ នាទី រសៀល

ភ្នំពេញ៖ នាពេលថ្មីៗ ទោះបីកម្ពុជា រងឥទ្ធិពលរញ្ជួយដីតិចតួចក្ដី ក៏សម្ដេច ហ៊ុន ម៉ាណែត បញ្ជាទៅមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ , មន្ទីររៀបចំដែនដី អាជ្ញាធរតាមមូលដ្ឋាន រួមជាមួយវិស័យឯកជន យកចិត្តទុកដាក់លើគុណភាពសំណង់ ពិសេសអគារចាស់ៗ និងអគារខ្ពស់។ ការបញ្ជាបែបនេះ របស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើង ដើម្បីធានាសុវត្ថិភាព ដល់សាធារណជន។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ នៅថ្ងៃទី៧ ខែមេសា សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ស្ថាប័នពាក់ព័ន្ធ ត្រូវសហការ និងពង្រឹកការអនុវត្ត ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទាំងក្នុងវិស័យរដ្ឋ និងឯកជន ដើម្បីកាត់បន្ថយបញ្ហាប្រឈមនានា ឱ្យបានខ្ពស់បំផុត។ ជាមួយគ្នាដែរ សម្ដេច អះអាងកម្ពុជាប្រឈមនឹងហានិភ័យទាប។ ជាក់ស្ដែង នាយករដ្ឋមន្ត្រី លើកពីករណីរញ្ជួយដីដែលកើតមាននៅមីយ៉ាន់ម៉ា កម្ពុជាក៏រងឥទ្ធិពលតិចតួច។
យ៉ាងណាក្ដី សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់បែបនេះ៖ «ប៉ុន្តែទោះជាយ៉ាងណាវាជាសញ្ញា(ករណីរញ្ជួយដី) ត្រូវការគិតគូរ ការរៀបចំសំណង់ ពិសេសសំណង់ខ្ពស់ៗ ត្រូវគិតគូរ អំពីកម្រិតណាមួយ! អំពីគុណភាពនៃសំណង់ ហើយជាពិសេស ដែលខ្ញុំបានឱ្យគោលការតាំងពីដើមអាណត្តិមកឱ្យគោលការទៅក្រសួងដែនដី ពិនិត្យមើលអគារចាស់ ដែលចាស់ខ្លាំងមែនទែន! ក្នុងរាជធានីភ្នំពេញ»។
ពាក់ព័ន្ធនឹងអគារចាស់មួយកន្លែង ដែលបន្សល់ទុកតាំងពីសម័យបារាំង មន្ត្រីជំនាញបានចរចាឱ្យពលរដ្ឋចាក់ចេញជិតអស់ហើយ ដោយសារព្រួយបារម្ភពីសុវត្ថិភាពរបស់ពលរដ្ឋ។ នេះជាការលើកឡើងនាយករដ្ឋមន្ត្រី ហើយសម្ដេចក៏បានស្នើបន្ថែមយ៉ាងដូច្នេះ៖ «ខ្ញុំសូមអំពាវនាវឱ្យជាង និងក្រុមហ៊ុនសំណង់ទាំងអស់ថា ការយកចំណេញគឺត្រូវតែចំណេញហើយ តែកុំកាត់បន្ថយពីការចំណេញ ទៅកាត់បន្ថយគុណភាពសំណង់ឱ្យសោះ។ រឿងចរចាតម្លៃជាមួយអ្នកធ្វើ ធ្វើចុះ ប៉ុន្តែគុណភាពសំណង់កុំ»។
ការអំពាវនាវរបស់សម្ដេចខាងលើ ក៏ព្រោះឃើញសាធារណាជនមួយចំនួនបានបង្ហាញលើបណ្ដាញសង្គមពីកម្រិតគុណភាពសំណង់ផ្ទះ ដែលពួកគេបានទិញ ក្នុងរយៈពេលខ្លី បានរងការខូចខាត។ នាយករដ្ឋមន្ត្រី ជំរុញឱ្យមានការទទួលខុសត្រូវ ទោះបីជាក្រុមហ៊ុនសំណង់នោះ ត្រូវប្រកួតប្រជែងពេលវេលាសាងសង់ក៏ដោយ។ ដូច្នេះ ដើម្បីធានាពីគុណភាពសំណង់ សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យមន្ត្រីជំនាញនៃក្រសួងនិងមន្ត្រីរៀបចំដែនដី វិស័យឯកជន រួមជាមួយអាជ្ញាធរថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ សង្កាត់ ត្រូវតែធ្វើការឱ្យបានហ្មត់ចត់ លើគុណភាពសំណង់។ ប្រមុខថ្នាក់ដឹកនាំ ពន្យល់បន្ថែម សំណង់អគារមួយៗ មិនមែនប្រើប្រាស់៣ទៅ៥ឆ្នាំឡើយ គឺប្រើប្រាស់បន្តជំនាន់។
«ខ្ញុំសុំឱ្យអនុវត្តឱ្យបានម៉ឺងម៉ាត់ ទៅលើការការពារ លើការបង្ការគ្រោះថ្នាក់អាយុជីវិត ប្រជាពលរដ្ឋរបស់យើង។ ចំណេញលុយកាក់ក៏ចំណេញចុះ តែកុំចំណេញអ្វី ដែលដាក់អាយុជីវិតពលរដ្ឋ ក្នុងហានិភ័យ»។ សម្ដេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់បែបនេះ។
ការព្រួយបារម្ភ និងបញ្ជាឱ្យយកចិត្តទុកដាក់លើវិស័យសំណង់ របស់នាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីឃើញ មីយ៉ាន់ម៉ារងគ្រោះខ្លាំងពីការរញ្ជួយដី បន្ទាប់មកប្រទេសថៃ ខណៈកម្ពុជាក៏រងឥទ្ធិពលតិចតួចពីករណីនេះដែរ កាលពីថ្ងៃទី២៨មីនា៕
អ្នកសរសេរអត្ថបទ
