សម្តេច ហ៊ុន ម៉ាណែត លើកទឹកចិត្ត​យុវជន ចងក្រងគ្នាជា«ក្រុម​ជួយសង្គម» តែហាម ​បង្កើត«ក្រុមបងធំ»
  • ថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី យប់
សម្តេច ហ៊ុន ម៉ាណែត លើកទឹកចិត្ត​យុវជន ចងក្រងគ្នាជា«ក្រុម​ជួយសង្គម» តែហាម ​បង្កើត«ក្រុមបងធំ»
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ នៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និង មហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន នាថ្ងៃទី៧មេសា ឆ្នាំ២០២៥។ រូបពី STPM

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជំរុញឱ្យយុវជន ចងក្រងគ្នាជាក្រុមជួយ កិច្ចការសង្គម មិនមែនចងគ្នាជាក្រុមបងធំ បង្កអសន្តិសុខឡើយ។ សម្តេចក៏ព្រមានឃាត់​ខ្លួនក្រុមក្មេងទំនើង ដាក់ពន្ធនាគារដែរ ដើម្បីឱ្យពួកគេ ពិចារណាកែខ្លួនជា​ធនធាន​មនុស្ស​ល្អប្រសើរក្នុងសង្គមឡើងវិញ។

TTN-Free-Banner-In-Article-PC

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ តម្លៃជិត៣៧លានដុល្លារ នាព្រឹកថ្ងៃទី៧មេសា សម្ដេច ហ៊ុន ម៉ាណែត ណែនាំឱ្យសមត្ថកិច្ចបន្តបង្ក្រាបក្រុមក្មេងទំនើង ឱ្យដូចភ្លៀងរលឹម។ យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី ក៏បានឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងប៉ូលិសតាមរាជធានី-ខេត្ត រួមទាំងស្ថាប័នតុលាការ ដែលបង្ក្រាបក្រុមក្មេងទំនើងនាពេលកន្លងមកនេះ។ 

ទន្ទឹមនឹងនេះ សម្ដេច ហ៊ុន ម៉ាណែត សរសើរយុវជនមួយចំនួន ដែលបានចងក្រងគ្នា​ជា​ក្រុម ជួយកិច្ចការសង្គម ដូចជាការប្រមូលសំរាមចេញពីទន្លេ និងប្រឡាយទឹកស្អុយ។ ជុំវិញ​ការជួយកិច្ចសង្គមនេះ សម្ដេច សង្កត់ធ្ងន់ថា៖ «ចងគ្នាជាក្រុមហ្នឹង(ជួយកិច្ចសង្គម) ខ្ញុំលើក​ទឹកចិត្ត ហើយយុវជនរបស់យើងចងជាក្រុមដោយស្ម័គ្រចិត្ត ដើម្បីជួយការងារសង្គម ជួយ​គ្រួសារ ឪពុកម្ដាយ ខ្ញុំសូមអរគុណណាស់! សូមសរសើរ! តែបើចងក្រងជាបងធំ កុំឱ្យ​សោះ»។ 

ទាក់ទិននឹងការបង្ក្រាបក្រុមក្មេងទំនើង សម្ដេចបានពន្យល់ពីចំណាត់ការយ៉ាងតឹងរ៉ឹងនេះ មិនមែនចាត់យុវជនជាសត្រូវឡើយ គ្រាន់តែកម្ចាត់សកម្មភាពមិនល្អរបស់យុវជនប៉ុណ្ណោះ។ លើសពីនេះ ការឃាត់ខ្លួន យុវជនដែលប្រព្រឹត្តបទល្មើស និងបង្កចលាចល ក្នុងសង្គម គឺដើម្បីឱ្យកែប្រែចិត្តគំនិតធ្វើជាមនុស្សល្អឡើងវិញ។ សម្ដេច ហ៊ុន ម៉ាណែត ជំរុញឱ្យរួមគ្នា ខិតខំកែលម្អសង្គម ហើយអាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់លើគោលនយោបាយភូមិឃុំសុវត្ថិភាព ពិសេស ពាក់ព័ន្ធនឹងរឿងគ្រឿងញៀន និងក្មេងទំនើង។

ប្រមុខថ្នាក់ដឹកនាំ ចង្អុលបង្ហាញពីការរស់នៅដោយសេចក្ដីថ្លៃថ្នូរ គឺរស់នៅដោយគោរពគ្នា ប្រកាន់សីលធម៌ គុណធម៌ ទើបជាសង្គមស៊ីវីល័យ៕ 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី