កម្ពុជា មានអាល់ហ្វីសប៉ាណូជាង១៤ម៉ឺន ដើម្បីផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងផលិតផលនានា
  • ថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៥៩ នាទី ល្ងាច
កម្ពុជា មានអាល់ហ្វីសប៉ាណូជាង១៤ម៉ឺន ដើម្បីផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងផលិតផលនានា
លោក​ នេត្រ ភក្តា្រ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) រវាងក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី៧ ខែមេសា។ រូបថត៖ ក្រសួងព័ត៌មាន

ភ្នំពេញ៖ កម្ពុជា មានអាល់ហ្វីសប៉ាណូជាង១៤ម៉ឺនប៉ាណូ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មទាំងគ្រឿងស្រវឹង និងទាំងផលិតផលនានា។ លោក​ នេត្រ ភក្តា្រ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងបែបនេះក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) រវាងក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា (Cambodia Association of Media Advertising Agencies) នាថ្ងៃទី៧ ខែមេសា។

TTN-Free-Banner-In-Article-PC

បើតាមលោក នេត្រ ភក្ត្រា ដែលជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង ការផ្សាយពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង ផងនោះ ចំនួនអាល់ហ្វីសប៉ាណូដែលកម្ពុជាមានជាង១៥ម៉ឺននេះ គឺគិតនៅត្រឹមខែមីនា ឆ្នាំ២០២៥។​

លោកបាននិយាយយ៉ាងដូច្នេះ ៖ «នៅត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ នៅកម្ពុជា មានអាល់ហ្វីសប៉ាណូ ដែល ផ្សព្វផ្សាយពាណិជ្ជកម្មទាំងគ្រឿងស្រវឹង និងមិនមែនជាគ្រឿងស្រវឹង ចំនួន១៤ម៉ឺន ប៉ាណូ ទាំងតូច ទាំងធំដែលយើងគិតចាប់ពី ៤ម៉ឺនឡើងទៅ ដោយមិនរាប់បញ្ចូលយីហោ ស្លាកតូចៗនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ»។ 

បើតាមលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន កម្ពុ​ជាមាន​ក្រុមហ៊ុន​ផ្តល់​សេវា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ផ្ទាំង​ប៉ាណូ​​​ចំនួន​១៧ ដែល​ផ្ដោតលើ​៣ទម្រង់​ នៅ​ទូទាំង​ប្រទេស។ ក្នុងនោះ មានការដាក់​​ផ្ទាំង​ប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មនៅមុខ​ហាង និង​មុខផ្ទះ​ប្រជាពលរដ្ឋ,​ នៅតាម​ទីតាំង​សា​ធា​រណៈ និងតាម​ដងផ្លូវ​សាធារណៈ ឬ​ចំណីផ្លូវ។

បច្ចុប្បន្ន​ កម្ពុជាមាន​រោងចក្រផលិត​ស្រា​បៀរ​ធំៗ​ចំនួន​៧​ ដែលក្នុងនោះមាន ៥​ជា​កម្មសិទ្ធិ​របស់​អ្នកស្រុក ខណៈ២ទៀតជាក្រុមហ៊ុន​បរទេស​។​ ​ដើម្បី​ពង្រឹង​សណ្តាប់ធ្នាប់ និង​គ្រប់ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងទាំង​នេះ​ឱ្យ​បានល្អ លោក នេត្រ ភក្ត្រា​ បានដឹកនាំ​ជា​យុទ្ធសាស្ត្រ តម្រង់ទិស​ក្នុងការ​រៀបចំ​យន្តការ​អនុវត្ត និង​បទដ្ឋាន​បច្ចេកទេស កំណត់​វិធានការ​ច្បាប់ និង​វិធានការ​បច្ចេកទេសនាន ដើម្បីធានាបាននូវ​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ជុំរុញ​ការប្រកួតប្រជែង​ប្រកបដោយ​សុចរិត។

ជាមួយគ្នានេះ ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង ការផ្សាយពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង បានរៀបចំ​សណ្តាប់ធ្នាប់​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង តាម​គ្រប់​មធ្យោបាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​ដាក់តាំង​បង្ហាញ​នៅ​គ្រប់​ទីកន្លែង ដើម្បី​លើកកម្ពស់​សោភ័ណភាព​ និង​ចូលរួម​ពង្រឹង​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​។​ លោក នេត្រ ភក្ដ្រា ​បានអះអាងថា​ ​កិច្ចការទាំងនេះ គឺធ្វើយ៉ាងណា​ដើម្បី​ជំរុញ និង​លើកកម្ពស់​សុខុមាលភាព​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យ​កាន់តែ​ល្អប្រសើរ តាមរយៈ​ការគ្រប់គ្រង​ការផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង ក៏ដូចជា​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ប៉ាណូ និង​អា​ហ្វី​ស​ផ្សេងៗ​ទៀត ឱ្យមាន​សណ្តាប់ធ្នាប់​ល្អ។ ការណ៍ពង្រឹងបែបនេះ គឺដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​តាមរយៈ​រូបភាព និង​សារ​ផ្សេងៗ។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងតាមផ្ទាំងប៉ាណូនៅតាមទីសាធារណៈ កន្លងមក ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន ម៉ាណែត បានណែនាំឱ្យកាត់បន្ថយការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈផ្ទាំងប៉ាណូធំៗ ឱ្យមកនៅត្រឹមតែ៥០ភាគរយប៉ុណ្ណោះ​ នៃចំនួនផ្ទាំងប៉ាណូផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងសរុបនៅទូទាំងប្រទេស។ ការណែនាំ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥៕ 


អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន