- ថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី ព្រឹក

សៀមរាប៖ យុវជនបោះបង់ការសិក្សា២០០នាក់ ត្រូវបានជ្រើសរើសឱ្យចូលរៀនជំនាញបដិសណ្ឋារកិច្ច នៅសមាគមក្លឹបទេសចរណ៍សៀមរាប (STC)។ វគ្គបណ្ដុះបណ្ដាលជំនាញ វគ្គទី៣ រយៈពេល៨ខែ មានគោលដៅតម្រង់ទិសសិក្ខាកាមទាំង២០០នាក់ ឱ្យទទួលបានទាំងជំនាញ និងការងារធ្វើក្នុងវិស័យសណ្ឋាគារ ស្របពេលអ្នកជំនាញក្នុងផ្នែកទាំងនោះ កំពុងមានតម្រូវការខ្ពស់។
ព័ត៌មានពិស្ដារសូមលោកអ្នកនាងទស្សនាកិច្ចសម្ភាសដូចខាងក្រោម៖
ចាប់ផ្ដើមក្នុងឆ្នាំ២០២៣ វគ្គបណ្ដុះបណ្ដាលជំនាញបដិសណ្ឋាកិច្ច បានផ្ដល់ឱកាសដល់យុវជនជនខេត្តសៀមរាប ជាច្រើនរយនាក់ ឱ្យពួកគេមានអាជីពមួយច្បាស់លាស់ ក្នុងវិស័យទេសចរណ៍។ កាលពីដើមខែមេសានេះ សិក្ខាកាម២០០នាក់បន្ថែម ត្រូវបានជ្រើសរើសឱ្យចូលសិក្សាជំនាញគេហកិច្ច ការិយាល័យជួរមុខ ចុងភៅ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នៅសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប។
យុវជនដែលអាចជាប់ជាបេក្ខភាពចូលរៀននៅ STC បាន ពួកគេជាសិស្សដែលបោះបង់ការសិក្សា មកពីគ្រួសារខ្វះខាត និងមិនទាន់មានជំនាញសម្រាប់ជីវិតពួកគេ។ សិក្ខាកាមទាំងអស់ដែលបានមកសិក្សានៅទីនេះ ត្រូវបានជួយទំនុកបម្រុងទាំងថ្លៃសិក្សា, អាហារ, កន្លែងស្នាក់នៅ, ប្រាក់ឧបត្ថម្ភប្រចាំខែ និងអត្ថប្រយោជន៍នានាផ្សេងទៀត។
សិក្ខាកាមជំនាញបដិសណ្ឋារកិច្ចផ្នែកចុងភៅ នៅសមាគមទេសចរណ៍ STC។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Thmey Thmey នាយកប្រតិបត្តិការសមាគមក្លឹបទេសចរណ៍សៀមរាប (STC) លោក សុខុម សំអុល លើកឡើងថា ជំនាញបដិសណ្ឋាកិច្ចជាជំនាញសំខាន់មួយ ក្នុងវិស័យទេសចរណ៍ ស្របពេលអ្នកជំនាញក្នុងវិស័យបានបោះបង់ បន្ទាប់ពីវិបត្តិសកលជំងឺឆ្លងកូវីដ-១៩។
លោក សុខុម សំអុល បន្ថែមថា បច្ចុប្បន្នអ្នកជំនាញបដិសណ្ឋារកិច្ចទាំងនេះកំពុងមានតម្រូវការខ្លាំងលើទីផ្សារជាពិសេសរាជធានី និងតំបន់សមុទ្រ។
លោក សុខុម សំអុលនាយកប្រតិបត្តិការសមាគមក្លឹបទេសចរណ៍សៀមរាប (STC) ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Thmey Thmey។
នាយកប្រតិបត្តិការសមាគមក្លឹបទេសចរណ៍សៀមរាប បន្ថែមទៀតថា ការរៀនជំនាញបដិសណ្ឋារកិច្ច STC ជាជំនាញល្អសម្រាប់អនាគតយុវជន ដែលមកពីគ្រួសារខ្វះខាត បោះបង់ការសិក្សា និងមិនទាន់មានជំនាញច្បាស់លាស់សម្រាប់អនាគត។ លោកបន្តទៀតថា ការរៀនជំនាញនេះចំណាយពេលរៀនខ្លី និងទទួលបានឱកាសការងារធ្វើក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល។
គួរជម្រាបផងដែរថា វគ្គបណ្ដុះបណ្ដាលជំនាញបដិសណ្ឋារកិច្ចនេះ ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០២៣ នៅពេលដែលវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ចាប់ផ្តើមងើបឡើងវិញបន្តិច ក្រោយវិបត្តិជំងឺកូវីដ-១៩។ បច្ចុប្បន្នវិស័យនេះ ទទួលបានទេសចរឡើងវិញបន្តិច ប៉ុន្តែខ្វះកម្លាំងពលកម្ម ដោយសារអ្នកបម្រើក្នុងវិស័យទេសចរណ៍មួយចំនួនធំក្នុងខេត្ត បានបោះបង់ការងារ និងមួយចំណែកទៀតប្ដូរទៅចាប់អាជីពផ្សេងា។
ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល វគ្គបណ្ដុះបណ្ដាលទី១ និងទី២ ដែលរៀបចំឡើងដោយ STC បានបញ្ចប់ដោយជោគជ័យ ក្នុងការបណ្ដុះបណ្ដាលយុវជន យុវតីសរុប៥០០នាក់។ បច្ចុប្បន្ន ពួកគេក្លាយជាក្រុមកម្លាំងជំនាញ ចាក់បញ្ចូលទៅក្នុងវិស័យទេសចរណ៍ ក្នុងបណ្ដាខេត្តគោលដៅទេសចរណ៍នានាក្នុងប្រទេស៕
សិក្ខាកាមបដិសណ្ឋារកិច្ច កំពុងរៀនទ្រឹស្តីក្នុងថ្នាក់។
អ្នកសរសេរអត្ថបទ
