ហេតុអ្វីលោក ត្រាំ មិនដាក់ពន្ធគយលើរុស្ស៊ី ដូចបណ្តាប្រទេសដទៃ?
  • ថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៥៩ នាទី ព្រឹក
ហេតុអ្វីលោក ត្រាំ មិនដាក់ពន្ធគយលើរុស្ស៊ី ដូចបណ្តាប្រទេសដទៃ?
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក។ រូបភាព X_POTUS

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី៧ ខែមេសា បានបញ្ជាក់ពីមូលហេតុ ជុំវិញអាម៉េរិកមិនដាក់ពន្ធគយលើរុស្ស៊ី ក្នុងពេលអាម៉េរិកដាក់ពន្ធគយលើបណ្តាប្រទេសជាច្រើន។ បើតាមលោក ត្រាំ អាម៉េរិក គ្មានពាណិជ្ជកម្មធំដុំជាមួយរុស្ស៊ីឡើយ ដ្បិតប្រទេសនោះ កំពុងតែមានសង្រ្គាម។

TTN-Free-Banner-In-Article-PC

អាម៉េរិក នៅថ្ងៃទី២ ខែមេសា បានប្រកាសដាក់ពន្ធគយលើបណ្តាប្រទេស និងដែនដីលើសពី១០០ ប៉ុន្តែមិនមានរុស្ស៊ីឡើយ។ បើតាមលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ការដាក់ពន្ធគយនេះ គឺដោយសារប្រទេសទាំងនោះ យកពន្ធគយពីប្រទេសរបស់ខ្លួនខ្ពស់។ 

ពាក់ព័ន្ធការមិនយកពន្ធគយលើរុស្ស៊ីបែបនេះ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា ដោយសារក្រុងវ៉ាស៊ីនតោន គ្មានជំនួញធំដុំជាមួយក្រុងមូស្គូ។ 

«ហេតុផល ដែលខ្ញុំមិននិយាយពីពន្ធគយជាមួយរុស្ស៊ី ដោយសារយើងមិនមានពាណិជ្ជកម្មធំៗជាមួយរុស្ស៊ីឡើយ ហើយពួកគេកំពុងស្ថិតនៅក្នុងសង្រ្គាម»។​ ប្រធានាធិបតីអាម៉េរិក បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានបែបនេះ នៅថ្ងៃទី៧ មេសា។ 

ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងនៅឆ្នាំ២០២២ អាម៉េរិក និងបណ្តាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មជាច្រើនលើរុស្ស៊ី ដោយរាប់ចាប់តាំងពីវិស័យធនាគារ ដល់ការនាំចេញប្រេង។ ក្នុងពេលបច្ចុប្បន្ន ពាណិជ្ជកម្មរុស្ស៊ីមួយភាគធំ មិនអាចធ្វើជាមួយអាម៉េរិក និងលោកខាងលិចបានឡើយ។ 

ទំហំពាណិជ្ជកម្មរវាងអាម៉េរិក និងរុស្សី មានត្រឹមតែ ៣,៥ពាន់លានដុល្លារប៉ុណ្ណោះ នៅក្នុងឆ្នាំ២០២៤ ពោលគឺធ្លាក់ចុះខ្លាំង បើធៀបនឹងឆ្នាំ ២០២១ ដែលមានរហូតដល់ ៣៦ពាន់លានដុល្លារ។ 

ជុំវិញសង្រ្គាមនៅអ៊ុយក្រែន លោក ត្រាំ បានបង្ហាញការខកចិត្តយ៉ាងខ្លាំង ដ្បិតរុស្ស៊ី នៅតែបន្តវាយប្រហារលើអ៊ុយក្រែន តាមរយៈមីស៊ីល និងដ្រូន ស្របពេលកិច្ចចរចាលើបទឈប់បាញ់ កំពុងតែរៀបចំ។ បើតាមលោក ត្រាំ កិច្ចចរចាបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី ជិតដល់ពេលឯកភាពហើយ៕


អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ