- ថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ២:២៩ នាទី រសៀល

ដោយមានការគាំទ្រពីគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត Cristiano Ronaldo អាចនឹងទិញយកក្លិប Valencia CF នៃលីគកំពូល La Liga ពីមហាសេដ្ឋីសិង្ហបុរីលោក Peter Lim។ ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌសំខាន់មួយ។
Ronaldo បានចំណាយពេល ៩ ឆ្នាំនៅលីគកំពូលអេស្ប៉ាញ ដោយរកបាន ៤៥០គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៣៨លើកឱ្យ Real Madrid មុនពេលចាកចេញនៅឆ្នាំ ២០១៨។ ជិត៧ឆ្នាំក្រោយ ខ្សែប្រយុទ្ធវ័យ ៤០ ឆ្នាំ គ្រោងត្រឡប់ទៅទឹកដីអេស្ប៉ាញវិញ ដោយលើកនេះអាចជាម្ចាស់ក្លិប Valencia។
ជុំវិញព័ត៌មានពីការទិញដូរក្លិប Valencia ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ អាចទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត ជាពិសេសពីព្រះអង្គម្ចាស់ Mohammed bin Salman (MBS) ឬមូលនិធិវិនិយោគសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ។
ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងអាចធ្វើទៅបាន ក៏អាស្រ័យលើ Valencia ត្រូវនៅលីគកំពូលអេស្ប៉ាញផងដែរ។ បច្ចុប្បន្ន Valencia ឈរនៅលេខរៀងទី១៥ ក្នុងតារាង La Liga ដោយមាន ៣៤ ពិន្ទុដាច់ពីក្រុមនៅតំបន់កាត់ចោល ៧ពិន្ទុ ខណៈនៅសល់ ៨ប្រកួត នឹងបញ្ចប់រដូវកាលនេះ។
បើតាមការផ្សាយរបស់កាសែត Mundo Deportivo ដោយសារទំនាក់ទំនងជិតស្និទ្ធរវាង Ronaldo និង លោក Peter Lim ដែលជាម្ចាស់ក្លិប Valencia បច្ចុប្បន្ន ការទិញលក់ក្លិបនេះអាចនឹងកើតឡើង។ ទោះជាយ៉ាងណាក៏ដោយ មហាសេដ្ឋីសិង្ហបុរី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីកាលពីខែមុនថាខ្លួនគ្មានបំណងលក់ Valencia ទេ។
នៅឆ្នាំ ២០២៣ ទស្សនាវដ្ដី Forbes បានវាយតម្លៃថាក្លិប Valencia មានតម្លៃ ២១៧ លានដុល្លារ ដោយរាប់បញ្ចូលទាំងប្រាក់ចំណូលប្រចាំថ្ងៃ សិទ្ធិផ្សាយ សកម្មភាពពាណិជ្ជកម្ម តម្លៃម៉ាកយីហោ ប្រាក់ចំណូលប្រតិបត្តិការ បំណុល និងបំណុលពហុកីឡដ្ឋាន។
សម្រាប់ Ronaldo វិញ ចាប់តាំងពីចូលរួមជាមួយ Al Nassr រូបគេទទួលបានប្រាក់បៀវត្សរ៍កប់ពពក បំបែកកំណត់ត្រា ២០០ លានដុល្លារក្នុងមួយឆ្នាំ។ នៅចុងឆ្នាំ ២០២២ អតីតកីឡាករ Real Madrid, Manchester United និង Juventus រូបនេះ បានប្រែក្លាយមុខមាត់លីគបាល់ទាត់កំពូលអារ៉ាប៊ីសាអូឌីតកាន់តែមានប្រជាប្រិយភាពមកទល់សព្វថ្ងៃ។ មិនតែប៉ុណ្ណោះ រូបគេតែងតែចូលរួមក្នុងព្រឹត្តិការណ៍ប្រដាល់ធំៗ និងគុនចម្រុះ UFC ជាទៀងទាត់ និងកាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយ ព្រះអង្គម្ចាស់ Bin Salman ផង
ប្រសិនបើកិច្ចព្រមព្រៀងនេះកើតឡើងមែន Ronaldo មិនចាំបាច់រង់ចាំការចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ដើម្បីជាម្ចាស់ក្លិបនោះទេ។ បទប្បញ្ញត្តិរបស់ La Liga និង សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) មិនរារាំងកីឡាករ កាន់កាប់ក្លិបនៅលីគផ្សេងទៀតនោះឡើយ។
Ronaldo ក៏ធ្លាប់លើកឡើងដែរថា រូបគេមិនមានបំណងក្នុងការក្លាយជាគ្រូបង្វឹក ឬប្រធានក្លិបបន្ទាប់ពីចូលនិវត្តន៍ពីកីឡាករបាល់ទាត់នោះទេ ប៉ុន្តែមានក្តីប្រាថ្នាចង់ក្លាយជាម្ចាស់ក្លិបបាល់ទាត់ធំមួយ៕
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។
