- ថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១២:០៥ នាទី រសៀល

ភ្នំពេញ៖ «មន្ទីរពេទ្យ ប្រៀបដូចជារូបរាងកាយរបស់មនុស្ស ខណៈដែលលោកគ្រូ អ្នកគ្រូពេទ្យ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃវិស័យសុខាភិបាល គឺជាឆ្អឹងខ្នងដែលទ្រទ្រង់រូបរាងកាយនោះ»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី នាពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល នៅថ្ងៃទី៧ ខែមេសា។
ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល បានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល ដើម្បីពិភាក្សា កែលម្អ និងបំពេញបន្ថែមនូវចំណុចខ្វះខាត ក្នុងទិសដៅធ្វើឱ្យសេចក្តីព្រាងព្រះរាជក្រឹត្យ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
ថ្លែងក្នុងពិធីបិទសិក្ខាសាលានេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ចាត់ទុកមន្ទីរពេទ្យ គ្រូពេទ្យ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ជាដៃគូក្នុងការជួយសង្រ្គោះជីវិតមនុស្ស។ លោក ហ៊ុន ម៉ានី បន្តថា ហេតុនេះ ការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យសុខាភិបាល តាមអភិក្រម «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ» តាមរយៈការគ្រប់គ្រង ការផ្ទេរមន្ត្រី ការលើកទឹកចិត្ត ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាព ត្រូវតែគិតគូររៀបចំឱ្យបានច្បាស់លាស់។ ការធ្វើបែបនេះ នឹងធានាឱ្យប្រព័ន្ធសុខាភិបាលកម្ពុជា អាចពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន និងជាពិសេសអាចគ្រប់គ្រងនូវវិបត្តិសុខភាពសាធារណៈ ជាយថាហេតុណាមួយ នាពេលអនាគត។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានលើកពាក់ព័ន្ធនឹងយុទ្ធសាស្រ្តបញ្ចកោណ ដែលប្រមុខរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសចំពោះវិស័យសុខាភិបាល គឺអាទិភាពទី១ មុំទី២។
លោក ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា ឈរលើមូលដ្ឋានទាំងអស់នេះ កន្លងមក ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល បានសហការគ្នាក្នុងក្របខណ្ឌនៃការគ្រប់គ្រងធនធានមនុស្ស, អភិវឌ្ឍសមត្ថភាពមន្ត្រី និងពង្រឹងសមត្ថភាព ក្នុងការផ្តល់សេវាសុខាភិបាលនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកជាដើម។
ពាក់ព័ន្ធនឹងការរៀបចំសេចក្ដីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាលនេះ លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា ការរៀបចំដោយជោគជ័យនៃព្រះរាជក្រឹត្យនេះ អាចនឹងផ្តល់ជាផលរំពឹងទុកមួយចំនួន គឺចូលរួមលើកកម្ពស់គុណតម្លៃបុគ្គលិកសុខាភិបាល តាមរយៈការពង្រឹង ការបណ្តុះបណ្តាល ការបន្តអភិវឌ្ឍសមត្ថភាពមន្ត្រី ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តការងារ រួមជាមួយការលើកទឹកចិត្ត ឱកាស និងការវិវឌ្ឍអាជីពជាមន្ត្រីសុខាភិបាល។
លើសពីនេះ នឹងចូលរួមការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យកាន់តែល្អប្រសើរ ដើម្បីអាចពង្រឹងគុណភាពក្នុងការផ្ដល់សេវាសុខាភិបាល ឱ្យកាន់តែល្អ និងខិតជិតប្រជាពលរដ្ឋ ស្របតាមការវិវត្តថ្មីៗចំពោះមុខ។ ម៉្យាងវិញទៀត ក៏ជួយបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលក្នុងវិស័យសុខាភិបាល ប្រកបដោយផលិតភាព វិន័យ និងសីលធម៌វិជ្ជាជីវៈ ដើម្បីធានាឱ្យបាននូវការបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យសុខាភិបាលកម្ពុជា។
សូមបញ្ជាក់ថា កន្លងមក ការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលក្នុងវិស័យសុខាភិបាល អនុលោមតាមព្រះរាជក្រឹត្យចំនួន៣ ដែលកំពុងស្ថិតនៅជាធរមានរួមមាន ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌមន្ត្រី សុខាភិបាលជាន់ខ្ពស់, ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌមន្ដ្រីសុខាភិបាលមធ្យម និង ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌមន្ត្រីសុខាភិបាលបឋម ដែលព្រះរាជក្រឹត្យទាំងនេះត្រូវបានដាក់ឱ្យអនុវត្តតាំងពីឆ្នាំ២០០១៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
