ផ្លូវសំខាន់មួយចំនួនក្នុងក្រុងសៀមរាប នឹងបិទសម្រាប់ប្រារព្ធ«អង្គរសង្ក្រាន្ត»ខាងមុខ
  • ថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ២:៥៩ នាទី រសៀល
ផ្លូវសំខាន់មួយចំនួនក្នុងក្រុងសៀមរាប នឹងបិទសម្រាប់ប្រារព្ធ«អង្គរសង្ក្រាន្ត»ខាងមុខ
សកម្មភាពលេងល្បែងប្រជាប្រិយ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលកន្លងមក។ រូបភាពពីទំព័រហ្វេសប៊ុក ព្រឹត្តិការណ៍អង្គរសង្ក្តាន្ត៕

សៀមរាប៖ ដើម្បីបញ្ចៀសការកកស្ទះ និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខាងមុខ អាជ្ញាធរខេត្តសៀមរាប នឹងបិទកំណាត់ផ្លូវសំខាន់មួយចំនួនក្នុងក្រុង និងនៅរមណីយដ្ឋានអង្គរ។ បើតាមការជូនដំណឹងពីរដ្ឋបាលខេត្ត ការបិទ ឬបញ្ចៀសចរាចរនេះ នឹងចាប់ផ្ដើមពីម៉ោង៨ព្រឹក ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

TTN-Free-Banner-In-Article-PC

កំណាត់ផ្លូវចំនួន៨ នឹងត្រូវបិទបញ្ចៀសចរាចរមានដូចជា កំណាត់ផ្លូវរុក្ខវិថីព្រះសីហនុ ចាប់ពីចំណុចរង្វង់មូលស្ពានព្រះរាជដំណាក់ ដល់ចំណុចស្តុបសារមន្ទីរជាតិអង្គរ។ កំណាត់ផ្លូវទី២ ផ្លូវមុខសណ្ឋាគារអង្គរ (Raffles Grand Hotel D’Angkor) ចាប់ពីកំណាត់ផ្លូវបរិវេណតំបន់ព្រះរាជដំណាក់ និងកំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរណ៍ជាក់ស្ដែង។

កំណាត់ផ្លូវទី៣ គឺកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចស្តុបកោះកេរ្តិ៍ ដល់ចំណុចស្តុបស៊ីវុត្ថា។ ទី៤ កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវខាងកើតស្ទឹង) ចាប់ពីចំណុចរង្វង់មូលស្ពានថ្ម ព្រះរាជដំណាក់ ដល់ចំណុចស្ពានរាជបូណ៌ និងមួយផ្នែកទៀតចាប់ពីចំណុចស្ពានវត្តរាជបូណ៌ ដល់រង្វង់មូលនាគបាញ់ទឹក និងបណ្ដាផ្លូវច្រកចូលមកកាន់មាត់ស្ទឹងសៀមរាប។

ផែនទីបង្ហាញពីបណ្ដាកំណាត់ផ្លូវមួយចំនួនដែលនឹងត្រូវបិទ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

ទី៥ កំណាត់ផ្លូវអាចារ្យស្វា (ផ្លូវខាងកើតស្ទឹង) ចាប់ពីចំណុចផ្លូវច្រមុះជ្រូក ដល់ចំណុចស្ពានវត្តរាជបូណ៌ និងចាប់ពីស្ពានវត្តរាជបូណ៌ ដល់ស្ពានវត្តពោធិ៍លង្កា និងបណ្ដាផ្លូវច្រកចូលមកកាន់ស្ទឹងសៀមរាប។ ទី៦ កំណាត់ផ្លូវស៊ីវុត្ថា ចាប់ពីចំណុចស្តុបសម្ដេចទេពវង្ស ដល់រង្វង់មូលនាគបាញ់ទឹក និងកំណាត់ផ្លូវសំខាន់ៗចូលទៅកាន់ផ្លូវស៊ីវុត្ថា ក្នុងភូមិសាស្ត្រតំបន់ផាប់ស្ទ្រីត។ 

ទី៧ កំណាត់ផ្លូវក្នុងតំបន់ផាប់ស្ទ្រីត ផ្សារចាស់ និងកំណាត់ផ្លូវ ២ធ្នូ និងទី៨ កំណាត់ផ្លូវ​វិថី ៧មករា ចាប់ពីចំណុចស្តុបវត្តដំណាក់ ដល់ចំណុចរង្វង់មូលស្ពានវត្តដំណាក់។

ដោយឡែកនៅតំបន់រមណីយដ្ឋានអង្គរ ប្រាសាទអង្គរវត្តវិញ អ្នកដំណើរអាចធ្វើដំណើរបានធម្មតា មិនមានបិទផ្លូវធ្វើដំណើរណាមួយឡើយ។ ប៉ុន្តែអាជ្ញាធរខេត្ត ឱ្យអ្នកធ្វើដំណើរទាំងអស់ ឱ្យធ្វើដំណើរតាមទិសចរាចរ និងចតយានជំនិះឱ្យបានត្រឹមត្រូវ តាមការចង្អុលបង្ហាញរបស់កម្លាំងសមត្ថកិច្ចដែលប្រចាំការតាមគោលដៅ និងស្របតាមផែនទីបង្ហាញផ្លូវ៕

រូបភាព៖ រដ្ឋបាលខេត្តសៀមរាប


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី