- ថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៣:១៩ នាទី រសៀល

ភ្នំពេញ៖ ក្រសួងបរិស្ថាន ឱ្យមន្ទីរបរិស្ថានគ្រប់រាជធានី-ខេត្ត សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរថ្នាក់ក្រោមជាតិ ចាត់វិធានការច្បាប់លើអ្នកកាប់ផ្តួលដើមសំរង។ ការដាក់ចេញនេះ ធ្វើឡើងក្នុងទិសដៅការពារដើមសំរងកុំឱ្យផុតពូជពីព្រៃធម្មជាតិ ស្របពេលសកម្មភាពកាប់រំលំដើម ឬដុតគល់ ពីសំណាក់ពលរដ្ឋដែលជាអ្នកប្រមូលផលកំពុងកើនឡើង។
តាមការប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាននៅថ្ងៃទី៧ ខែមេសា ការប្រមូលផលផ្លែសំរងដោយកាប់ផ្តួលដើមនៅឧទ្យានជាតិ និងតាមតំបន់ព្រៃសហគមន៍នានា កំពុងកើនឡើង។ ក្រសួងចាត់ទុក សកម្មភាពនេះ គឺជាការបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងសភាពធ្ងន់ធ្ងរ រហូតឈានទៅរកការផ្ដាច់ពូជសំរងទាំងស្រុង ដែលល្មើសទៅនឹងច្បាប់នៃមាត្រា៣៨៤ និងមាត្រា៣៨៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
ជុំវិញបញ្ហានេះ ក្រសួង បានស្នើឱ្យពលរដ្ឋដែលកំពុងរកអនុផលព្រៃឈើ បញ្ឈប់បន្ទាន់រាល់សកម្មភាពកាប់ដើមសំរង ដើម្បីប្រមូលផ្លែ។ ទន្ទឹមនោះ ក្រសួងបរិស្ថាន ក៏ណែនាំឱ្យមន្ទីរបរិស្ថានគ្រប់រាជធានី-ខេត្ត សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរថ្នាក់ក្រោមជាតិ ចាត់វិធានការច្បាប់ឱ្យបានម៉ឹងម៉ាត់ ចំពោះអ្នកកាប់ផ្តួលដើមសំរងគ្រប់រូបភាព។
សំរង ស្ថិតក្នុងប្រភេទរុក្ខជាតិកម្រ ហើយផ្លែរបស់វាលក់បានតម្លៃថ្លៃបំផុតនៅលើទីផ្សារ។ ផ្លែរុក្ខជាតិនេះ អាចធ្វើឱសថព្យាបាលជម្ងឺ កែឆ្នៃជាម្ហូបអាហារ និងនំចំណី ជាដើម។ នៅចន្លោះខែកុម្ភៈ និងខែមេសា ជារដូវប្រមូលផ្លែសំរង ដែលដុះនៅព្រៃជ្រៅនៃភូមិភាគឦសាន ក្នុងខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងមួយផ្នែកនៃខេត្តកោះកុង៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។
