រដ្ឋសម្រេចមិនយកពន្ធប្រាក់ចំណូល១២ឆ្នាំ ដើម្បីជំរុញការវិនិយោគនៅភាគឦសាន
  • ថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
រដ្ឋសម្រេចមិនយកពន្ធប្រាក់ចំណូល១២ឆ្នាំ ដើម្បីជំរុញការវិនិយោគនៅភាគឦសាន
តំបន់ទេសចរណ៍នៅភូមិភាគឦសាន។

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា សម្រេចលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើ ប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល១២ឆ្នាំ ដើម្បីជំរុញឱ្យមានការវិនិយោគលើ វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ក្នុងភូមិភាគឦសាន ដែលមានខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ នេះបើយោងតាមកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨។

TTN-Free-Banner-In-Article-PC

កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ត្រូវបានសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចឱ្យអនុវត្តកាលពីថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២៥។ កម្មវិធីនេះ ផ្ដោតសំខាន់លើវិធានការ និងលក្ខខណ្ឌវិនិច្ឆ័យទទួលបានការគាំទ្រនិងជំរុញការវិនិយោគ។ 

 វិធានការផ្នែកពន្ធដារ និងពន្ធគយលើគម្រោងវិនិយោគ ក្នុងវិស័យអាទិភាព 

វិស័យអាទិភាព ក្នុងការលើកលែងពន្ធ មានវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ មានដូចជា បង្កើតតំបន់ទេសចរណ៍អត្តសញ្ញាណពិសេស តំបន់អេកូទេសចរណ៍ សួនសត្វ រមណីយដ្ឋាន សណ្ឋាគារ សួនកម្សាន្ត កន្លែងហាត់កីឡាជាដើម។ វិស័យទាំងនេះ នឹងទទួលបានការលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល១២ឆ្នាំ ដោយគិតចាប់ពីឆ្នាំ ដែលគម្រោងវិនិយោគ មានចំណូលពីសកម្មភាពអាជីវកម្មដំបូង។ 

ចំពោះ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ របស់សហគមន៍កសិកម្មទំនើប ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលនាំចូលសម្ភារៈសាងសង់ បរិក្ខាសំណង់ សម្ភារៈបរិក្ខាផលិតកម្ម និងធាតុចូលផលិតកម្ម រដ្ឋជាអ្នកទទួលបន្ទុកលើពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម។ រដ្ឋ សម្រេចលើកលែងពន្ធកាត់ទុកលើការជួយអចលនទ្រព្យ ពន្ធលើផ្ទាំងផ្សព្វផ្សាយ និង​ពន្ធប៉ាតង់រយៈពេល៣ឆ្នាំផងដែរ។ 

ពាក់ព័ន្ធនឹង ការលើកលែងពន្ធនេះ ដល់គម្រោងវិនិយោគនៅភាគឦសាននេះ លោក ​មាស សុខសេនសាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​ជាអ្នកនាំពាក្យ ពន្យល់ពីជំហរ រដ្ឋចង់តម្រង់ទិស និងផ្ដោតចំណាប់អារម្មណ៍របស់​វិនិ​យោ​គិន ឱ្យ​ងាកទៅសំឡឹងមើលតំបន់​ដែល​មិនសូវមានការចាប់អារម្មណ៍ពីវិនិយោគិនទូទៅ ប៉ុន្តែ​ជាតំបន់ដែលមានសក្តានុពលធំ។

អ្នកនាំពាក្យរូបនេះ ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ បន្ថែមយ៉ាងដូច្នេះ៖ «យើងរំពឹងថាតាមរយៈកម្មវិធីពិសេសនេះ វិនិយោគិនជាតិ និងអន្តរជាតិ នឹងទាញយកអត្ថប្រយោជន៍ជាអតិបរមា ដើម្បីជំរុញការអភិវឌ្ឍជាវិជ្ជមានដល់តំបន់ភូមិភាគឦសាន ដែល​ជាទូទៅនៅឆ្ងាយពីមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ច»។ 

ចំណែក គម្រោងវិនិយោគទូទៅវិញ នឹងទទួលបានការលើកលែងពន្ធប្រាក់ចំណូល ប្រាក់​រំ​ដោះប្រាក់ចំណូល និងពន្ធអប្បបរមារយៈពេល៣ឆ្នាំបន្ថែម រួមទាំងពន្ធកាត់ទុក​លើ​ការ​ជួល​អចលនទ្រព្យ ពន្ធលើផ្ទាំងផ្សព្វផ្សាយ និងពន្ធប៉ាតង់៣ឆ្នាំដែរ។ 

ទាក់ទិននឹងការជំរុញការវិនិយោគនេះដែរ រដ្ឋបានដាក់ចេញនូវកម្មវិធីហិរញ្ញប្បទាន​ ក្រោម អត្រាការប្រាក់សមរម្យ ដោយផ្ដោតលើសហគ្រាសធុនតូច និងមធ្យម, សហគមន៍​កសិកម្ម​ទំនើប និងសហគមន៍ទេសចរណ៍ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង​ធនាគារសហគ្រាសធុនតីច និងមធ្យមកម្ពុជា (SME Bank) ដើម្បីផ្ដល់ឥណទាន។ ការ​ផ្ដល់នេះ ធ្វើឡើងក្នុងគោលបំណងគាំទ្រដល់ការវិនិយោគ ការពង្រីកអាជីវកម្ម ការប្រមូល​ទិញ ឬស្តុកផលិតផលទុក និងជំរុញការអាជីវកម្មកែច្នៃ ឬវេចខ្ចប់។ 

ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ មានផ្ទៃដីសរុបជាង៥៦ម៉ឺនហិកតា ដែលសម្បូរ​ដោយដំណាំកសិកម្ម ក្នុងនោះ កៅស៊ូមានជាង១៧តោន, ស្វាយចន្ទីជាង ១៨ម៉ឺនតោន, ដំឡូងមីជាង ២,៨ លានតោន និងចេកអំបូងលឿងជាង ២៥ម៉ឺនតោន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ​២០២៣។ 

ក្រៅពីនេះ តំបន់ភូមិភាគឦសាន សម្បូរទៅដោយតំបន់ទេសចរណ៍ មានផ្សោតទឹកសាប សត្វទោចថ្ពាល់លឿង ស្វាកន្ទុយស សត្វត្មាត តំបន់រ៉ាមសារ វប្បធម៌ជនជាតិដើមភាគតិចជាដើម៕ 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី