បញ្ហាខ្យល់ពុល! ​វៀតណាម បញ្ជាឱ្យកែលម្អគុណភាពខ្យល់នៅក្រុងហាណូយ និងហូជីមិញ
  • ថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៧:២៩ នាទី ល្ងាច
បញ្ហាខ្យល់ពុល! ​វៀតណាម បញ្ជាឱ្យកែលម្អគុណភាពខ្យល់នៅក្រុងហាណូយ និងហូជីមិញ
រូបភាព Vietnam Express

ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Tran Hong Ha បានបញ្ជាឱ្យអភិបាលក្រុងហាណូយ និងអភិបាលក្រុងហូជីមិញ កែលម្អគុណភាពខ្យល់ ដើម្បីសុវត្ថិភាពសាធារណៈ ស្របពេលទីក្រុងទាំង២របស់វៀតណាម តែងប្រឈមបញ្ហាខ្យល់ពុល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express នៅថ្ងៃទី៨ ខែមេសា។

TTN-Free-Banner-In-Article-PC

តាមការវាយតម្លៃរបស់វេបសាយគុណភាពខ្យល់ IQAir នៅរសៀលថ្ងៃទី៨ ខែមេសា ទីក្រុងហាណូយមានគុណភាពខ្យល់១៦៧ ខណៈទីក្រុងហូជីមិញ មានគុណភាពខ្យល់ ១០៥។ ស្របពេលគុណភាពខ្យល់នៅក្នុងក្រុងទាំងពីរមិនល្អ វៀតណាម បានបញ្ជាឱ្យរដ្ឋបាលក្រុងហាណូយ និងក្រុងហូជីមិញ ដាក់ចេញវិធានការមួយចំនួន ដើម្បីកែលម្អគុណភាពខ្យល់។ 

តាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលវៀតណាម ចេញនៅសប្តាហ៍មុន គុណភាពខ្យល់នៅក្នុងទីក្រុងហូជីមិញ និងក្រុងហាណូយ មានស្ថានភាពអាក្រក់យ៉ាងខ្លាំង ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងសុខភាពសាធារណៈ។ មូលហេតុដែលបង្កឱ្យមានគុណភាពខ្យល់ពុលបែបនេះ គឺបណ្តាលមកពី ធូលី, ការបញ្ចេញសារធាតុបំពុលចេញពីរថយន្ត, ឧស្សាហកម្មសំណង់ និងកសិកម្ម ដែលកើនឡើងយ៉ាងខ្លាំង ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ។ 

តាមបញ្ជារបស់រដ្ឋាភិបាលវៀតណាម ក្រុងហាណូយ និងក្រុងហូជីមិញ ត្រូវតែអភិវឌ្ឍផែនការប្រចាំឆ្នាំ និងផែនការ ៥ឆ្នាំ ដោយអមជាមួយគោលដៅច្បាស់លាស់ និងកិច្ចការត្រឹមត្រូវ ដើម្បីកាត់បន្ថយជាលក្ខណៈកូតា លើការបំពុលខ្យល់ ក្នុងមួយឆ្នាំៗ។ 

ទន្ទឹមនេះ ក្រុងទាំង២ ត្រូវតែបង្កើតយន្តការ ក្នុងការជួយគាំទ្រលើការប្រមូល និងការឆ្នៃឡើងវិញ លើសំណល់សំណង់, លើកទឹកចិត្តឱ្យប្រើប្រាស់មធ្យោបាយសាធារណៈ, ជំរុញឱ្យប្រើប្រាស់រថយន្តបញ្ចេញការបំពុលទាប ហើយដាក់ចេញស្តង់ដារសម្រាប់ឧស្ម័នកាបូន។ លើសពីនេះ វៀតណាម នឹងបង្កើតស្ថានីយតាមដានគុណភាពខ្យល់ ដើម្បីពិនិត្យលើស្ថានភាពខ្យល់ ក្នុងអំឡុងពេលផ្លាស់ប្តូររដូវកាល៕ 


អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ