ចូលឆ្នាំ៖ក្រសួងមហាផ្ទៃ ឱ្យខេត្តជាប់ព្រំដែនថៃ ត្រៀមកម្លាំងជួយសម្រួលការឆ្លងដែនរបស់ពលរដ្ឋខ្មែរ
  • ថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៣ នាទី ល្ងាច
ចូលឆ្នាំ៖ក្រសួងមហាផ្ទៃ ឱ្យខេត្តជាប់ព្រំដែនថៃ ត្រៀមកម្លាំងជួយសម្រួលការឆ្លងដែនរបស់ពលរដ្ឋខ្មែរ
ពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសថៃ បានមកលេងស្រុកកំណើតក្នុងឱកាសចូលឆ្នាំ។ រូបភាព៖ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

លោក ស សុខា បានណែនាំឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រៀមកងកម្លាំងមានសមត្ថកិច្ច ក្នុងការជួយអន្តរាគមន៍ និងជួយសម្របសម្រួលដល់ ការឆ្លងដែនរបស់ពលរដ្ឋខ្មែរ ដែលវិលមកស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំនេះ។
TTN-Free-Banner-In-Article-PC


នៅក្នុងលិខិតចុះថ្ងៃទី៨ ខែមេសា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក៏ប្រាប់ឱ្យរដ្ឋបាលខេត្តទាំងនោះ ដាក់ចេញនូវវិធានការដោះស្រាយតាមករណីជាក់ស្តែងចំពោះបញ្ហា ឬបាតុភាពដែលអាចកើតមានឡើងជាយថាហេតុ។

ទន្ទឹមការសម្រួលការចេញ-ចូល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏រំឭកដល់រដ្ឋបាលខេត្តជាប់ព្រំដែនថៃ ឱ្យពិនិត្យ និងវាយតម្លៃនូវស្ថានភាពរួម នៃការចេញចូលឆ្លងដែនរបស់ពលរដ្ឋខ្មែរ ក្នុងអំឡុងពេលមុន និងក្រោយបុណ្យចូលឆ្នាំនេះដែរ  ដើម្បីចាត់វិធានការឱ្យបានសមស្របដើម្បី ធានាថែរក្សាការពារសន្តិសុខ សុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅតាមច្រកទ្វារព្រំដែននីមួយៗឱ្យបានល្អ។

«ត្រូវសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា កុំឱ្យមានការកកស្ទះនៅទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែន ដោយអាចបង្កើនចំនួនមន្ត្រីប្រថាប់ត្រាផ្តល់ទិដ្ឋាការចេញ ចូលឆ្លងដែន ឬអាចពិភាក្សាជាមួយភាគីថៃដើម្បីបន្ថែមម៉ោងចេញចូលឆ្លងដែនទៅតាម ស្ថានភាពជាក់ស្តែង»។ នេះជាការណែនាំរបស់ លោក ស សុខា ដោយលោករដ្ឋមន្ត្រី ក៏ដាស់តឿន ឱ្យអាជ្ញាធរ ត្រូវបង្ការ ទប់ស្កាត់ និងចាត់វិធានការចំពោះបុគ្គលណាដែលទាមទារកម្រៃសេវាក្រៅផ្លូវការ ពីពលរដ្ឋខ្មែរនៅពេលឆ្លងដែន។ 

បើតាម លោក ស សុខា រដ្ឋបាលខេត្តខ្មែរដែលនៅជាប់ព្រំដែនថៃ ក៏ត្រូវណែនាំដល់ ម្ចាស់អាជីវកម្ម និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរ កុំឱ្យដំឡើងថ្លៃសេវាដឹកជញ្ជូននៅ ក្នុងឱកាសបុណ្យចូលឆ្នាំ។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ណែនាំ ឱ្យអាជ្ញាធរខ្មែរ ត្រូវសហការ និងសម្របសម្រួលជាមួយអាជ្ញាធរថៃ អំពីការលើកលែងថ្លៃ ទិដ្ឋាការចេញចូល (Re-Entry Permit) ជូនពលរដ្ឋខ្មែរនៅពេលចេញចូលឆ្លងដែន ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការលើកលែងថ្លៃទិដ្ឋាការនេះ។

សូមជម្រាបថា ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ពលរដ្ឋខ្មែរ ដែលស្នាក់នៅ និងធ្វើការស្របច្បាប់នៅប្រទេស នឹងទទួលបានការលើកលែងថ្លៃទិដ្ឋាការចេញចូល (Re-Entry Permit) ចំនួនមួយដង នៅតាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ៕



 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ថ្មីៗ