វេទិកា«ទំនាក់ទំនងកម្ពុជា-ចិនក្រោមស្ថានការណ៍ថ្មី» នឹងជួយពង្រឹងវិស័យសេដ្ឋកិច្ច ទេសចរណ៍ ប្រទេសទាំង២
  • ថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៣៣ នាទី ព្រឹក
វេទិកា«ទំនាក់ទំនងកម្ពុជា-ចិនក្រោមស្ថានការណ៍ថ្មី» នឹងជួយពង្រឹងវិស័យសេដ្ឋកិច្ច ទេសចរណ៍ ប្រទេសទាំង២

ភ្នំពេញ៖ កម្ពុជា-ចិន បានរៀបចំវេទិកា «ទំនាក់ទំនងកម្ពុជា-ចិនក្រោមស្ថានការណ៍ថ្មី»  ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ វេទិកានេះ បង្ហាញពីពង្រឹងមិត្តភាពដែកថែប និង​ការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីរួមចំណែកកសាង​សហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។

TTN-Free-Banner-In-Article-PC

វេទិកានេះ រៀបចំឡើងនាថ្ងៃទី៧ នៅអគារ Morgan Tower កោះពេជ្រ ដែលរៀបចំដោយ​សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន។ កិច្ចពិភាក្សានេះ មានការចូលរួមពី ភាគីក្រសួង នៃ​រដ្ឋាភិបាល អ្នកវិនិយោគចិន អ្នកសារព័ត៌មានចិន និងកម្ពុជាផងដែរ។ 

លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងថា ផ្តើម​ចេញពីកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ បានធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា មានការ​រីក​ចម្រើនជាលំដាប់។ ចិន ជាទីផ្សារទេសចរណ៍ធំបំផុតសម្រាប់កម្ពុជា និង​ជា​ទីផ្សារ​ទេសចរណ៍ធំសម្រាប់ពិភពលោក។​ រដ្ឋលេខាធិការរូបនេះ បន្ថែមថា ​ប្រទេសទាំង២ កម្ពុជា-ចិន បានរួមគ្នាបង្កើតវេទិកាទេសចរណ៍ទៅវិញទៅមក ដូចជាការពិព័រណ៍ ការផ្សព្វផ្សាយ​ទេសចរណ៍រួមគ្នា ការផ្លាស់ប្តូរយោបល់នៃអ្នកជំនាញទេសចរណ៍ អ្នកធុរកិច្ចជាដើម។


លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម

អ្នកស្រី ហ៊ុន ដានី​ បញ្ជាក់បែបនេះ៖ «ការសហការនេះ ធ្វើឱ្យកម្ពុជាមានកំណើន​ទេសចរ​ចិន។ មុនបរិបទកូវីដ-១៩ យើងទទួលបានទេសចរចិន ចំនួន ២លាន៤សែននាក់។ ដូច្នេះ​វាជាកំណើនមួយគួរឱ្យកត់សម្គាល់ ដែលកើតចេញពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់​ជ្រុង​ជ្រោយ។ ក្រោយបរិបទកូវីដ-១៩ ទេសចរចិន ​បានធ្លាក់ចុះជាយ៉ាងកំហក។ ការធ្លាក់នេះ​មិនមែនតែទេសចរចិនឡើយ គ្រប់ជាតិសាសន៍ទាំងអស់ ប៉ុន្តែយើងបានស្តារមកវិញហើយ ។ នៅឆ្នាំ២០២៥នេះ យើងរំពឹងថា នឹងទទួលបានទេសចរចិន ចំនួន១លាននាក់ ឱ្យ​ស្រប​នឹងយុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៥ផងដែរ។»។

ស្ថិតក្នុងវេទិកា​នេះ​ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជ​កម្ម បានរៀបរាប់ថា ទំនាក់ទំនងរវាងកម្ពុជា-ចិន គឺជាសហគមន៍រួមវាសនាតែមួយ សំដៅ​ដល់ការចែករំលែកទស្សនៈ ចែករំលែកការរីកចម្រើន និងវប្បធម៌។ ដោយឡែកការ​រីក​ចម្រើននេះ ក៏ជាផ្នែកមួយដែលបង្ហាញពីលទ្ធផល នៃការចុះ​ហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី​រវាង​កម្ពុជា និង​ចិន ព្រមទាំងអនុវត្តបានដោយជោគ​ជ័យ។ 


លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម

កន្លងមកតួលេខពាណិជ្ជកម្ម កាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ ដែលតួនេះ បង្ហាញ​ឱ្យ​ឃើញថា ការចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី​រវាង​កម្ពុជា និង​ចិន គឺជាសក្ខីភាព សម្តែងនូវទំនាក់ទំនងទ្វេភាគី ដែលមានលក្ខណៈល្អប្រសើរ ហើយ​បន្តរីកចម្រើនទៅទៀតនាថ្ងៃអនាគត។

 រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បែបនេះ៖ «ក្នុងឆ្នាំ២០២៤​កន្លងទៅនេះ កំណើននៃទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន ​មានជាង១៥ពាន់លានដុល្លារ ដែល​នេះមានកំណើនខ្ពស់ រហូតដល់ ២៣,៨៤ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ​ទំនិញ​សំខាន់ៗ ដែលកម្ពុជានាំចេញទៅលក់នៅចិន មានដូចជា អង្ករ ស្វាយចន្ទី ដំឡូងមី ត្រីសាច់​ជាដើម។

សម្រាប់លោក ប៉ែន សុវិជាតិ ទំហំពាណិជ្ជកម្មនេះ គឺបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ​ដ៏ល្អ​រវាងកម្ពុជា-ចិន ខណៈប្រទេសទាំង២ ប្តេជ្ញាជំរុញឱ្យមានការកែច្នៃបន្ថែមទៀត ដើម្បីទទួល​បានកំណើនទំហំពាណិជ្ជកម្ម និងស្របតាមតម្រូវការទីផ្សារ។ បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម កំពុងជំរុញនូវម៉ាកសញ្ញាកម្ពុជា ដើម្បីលើកតម្កើងម៉ាកយីហោទំនិញ ដែលផលិតនៅកម្ពុជា​។»។



លោក លីវ ស៊ាវគ័ង អនុប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន

លោក លីវ ស៊ាវគ័ង អនុប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន  បានលើកឡើងថា ឆ្នាំនេះ គឺជាឆ្នាំទេសចរណ៍កម្ពុជា-ចិន។ ស្របពេលដែលប្រធានាធិបតីចិន លោក ស៊ី ជីន ពីង នឹងបំពេញទស្សនកិច្ច​នៅកម្ពុជា ក្នុងពេលឆាប់ៗនេះនោះ លោក លីវ ស៊ាវគ័ង ជឿជាក់​ថា វត្តមានរបស់ថ្នាក់ដឹកនាំកំពូលចិននាពេលនេះ នឹងក្លាយទៅជាព្រឹត្តិការណ៍​ដ៏មានសារៈ​សំ​ខាន់ មួយទៀតក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក៏ប្រាកដជា​នឹង​ជំរុញមិត្តភាព កម្ពុជា-ចិន ឱ្យឈានឡើងកាន់តែខ្ពស់ថែមមួយកម្រិត​ទៀត៕


អ្នកសរសេរអត្ថបទ

កញ្ញា  ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហេង ស្រីលីន