អាម៉េរិកបង្កើនពន្ធគយលើចិនដល់ ១០៤ភាគរយ ក្រោយចិនប្តេជ្ញាតតាំង
  • ថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១០:១២ នាទី ព្រឹក
អាម៉េរិកបង្កើនពន្ធគយលើចិនដល់ ១០៤ភាគរយ ក្រោយចិនប្តេជ្ញាតតាំង
លោក ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅថ្ងៃទី៨ ខែមេសា។ រូបភាព សេតវិមាន

អាម៉េរិក នៅថ្ងៃទី៨ ខែមេសា បានប្រកាសដាក់ពន្ធគយលើចិន ៥០ភាគរយបន្ថែម ដោយចូលជាធរមាននៅថ្ងៃទី៩ ខែមេសា (ម៉ោងនៅអាម៉េរិក)។ នៅពេលពន្ធគយនេះ ចូលជាធរមាន ពន្ធគយរបស់អាម៉េរិកសរុបលើចិន នឹងកើនដល់ ១០៤ភាគរយ។

TTN-Free-Banner-In-Article-PC

សង្រ្គាមពាណិជ្ជកម្មជំនាន់ទី២ ដែលទើបចាប់ផ្តើម កាន់តែមានភាពតានតឹង ក្រោយចិន បានប្តេជ្ញាតតាំង និងដាក់ពន្ធគយឆ្លើយតបលើទំនិញអាម៉េរិក។ តាមការប្រកាសរបស់អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt នៅថ្ងៃទី៨ ខែមេសា អាម៉េរិក នឹងដាក់ពន្ធគយលើចិន ៥០ភាគរយបន្ថែម ដោយពន្ធគយសរុបលើទំនិញចិន នឹងកើនដល់ ១០៤ភាគរយ។ 

កន្លងមក លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធគយចំនួន ៣៤ភាគរយលើចិន ពាក់ព័ន្ធនឹងពន្ធគយទៅវិញទៅមក, ១០ភាគរយ នៅក្នុងខែកុម្ភៈ និង១០ភាគរយ បន្ថែមនៅក្នុងខែមីនា។ 

ការដាក់ពន្ធគយ ៥០ភាគរយបន្ថែមនេះ ធ្វើឡើងក្រោយក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃទី៨ ខែមេសា បានប្តេជ្ញាតទល់លើប្រធានបទពន្ធគយជាមួយអាម៉េរិករហូតដល់ទីបញ្ចប់ ហើយជំរុញឱ្យក្រុងវ៉ាស៊ីនតោន ដកពន្ធគយរបស់ខ្លួនវិញ ប្រសិនបើមិនចង់រងវិធានការធ្ងន់ធ្ងរ។ 

ក្រោយអាម៉េរិកដាក់ពន្ធគយលើខ្លួនចំនួន ៣៤ភាគរយ ក្រុងប៉េកាំង នៅថ្ងៃទី៤ ខែមេសា បានដាក់ពន្ធគយឆ្លើយតបលើទំនិញអាម៉េរិក ៣៤ភាគរយវិញ ដោយចូលជាធរមាននៅថ្ងៃទី១០ ខែមេសា។ ពន្ធគយទៅវិញទៅមករបស់អាម៉េរិកលើបណ្តាលប្រទេសដទៃ រួមទាំងចិន និងកម្ពុជា ចូលជាធរមាននៅថ្ងៃទី៩ ខែមេសា។ 

ជុំវិញការដាក់ពន្ធគយទៅវិញទៅមកលើប្រទេសប្រមាណ ៩០នេះ គឺបើកចំហរឱ្យមានការចរចា ជាមួយដៃគូពាណិជ្ជកម្មអាម៉េរិក។ លោកស្រី Leavitt អ្នកនាំពាក្យសេតវិមាន បានបញ្ជាក់ថា ការបន្ធូរបន្ថយពន្ធ អាចធ្វើឡើង លុះត្រាតែមានការការពារផលប្រយោជន៍កម្មករអាម៉េរិក។ 

នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៨ ខែមេសា មន្រ្តីសេតវិមានរូបនេះ បានបង្ហាញទិន្នន័យប្រទេសចំនួន ៧០ បានប្រកាសចង់ចរចាជាមួយអាម៉េរិក ដើម្បីកាត់បន្ថយពន្ធគយ តាមរយៈការធ្វើសម្បទានដល់ខ្លួន៕​


អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ