បំណុលពន្ធ​នឹងត្រូវបានលើកលែង ចំពោះអាជីវកម្មនៅខេត្តភាគឦសានដែលស្ម័គ្រចុះបញ្ជីពន្ធដារ នៅឆ្នាំនេះ
  • ថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៥២ នាទី ព្រឹក
បំណុលពន្ធ​នឹងត្រូវបានលើកលែង ចំពោះអាជីវកម្មនៅខេត្តភាគឦសានដែលស្ម័គ្រចុះបញ្ជីពន្ធដារ នៅឆ្នាំនេះ

ប្រមុខរាជរដ្ឋាភិបាល បានប្រកាសលើកលែងទោសទណ្ឌ បំណុលពន្ធ និងការផាកពិន័យទាំងឡាយ ចំពោះធុរកិច្ចដែលកំពុងមានដំណើរការនៅក្នុងបណ្តាខេត្តភាគឦសាន ប្រសិនអាជីវកម្មទាំងនោះស្ម័គ្រចិត្តចុះបញ្ជីពន្ធដារ នៅក្នុងឆ្នាំ២០២៥នេះ។ ការប្រកាសបែបនេះ របស់សម្តេច ហ៊ុន ម៉ាណែត ធ្វើឡើងនៅក្នុងពិធីប្រកាសសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន» នៅថ្ងៃទី៩ ខែមេសានេះ។

TTN-Free-Banner-In-Article-PC

សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ដូច្នេះ៖«សម្រាប់សកម្មភាពធុរកិច្ចដែលកំពុងដំណើរការនៅក្នុងខេត្តទាំង៤ ដែលពុំទាន់ចុះបញ្ជីពន្ធដារ អាចចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត នៅក្នុងឆ្នាំ២០២៥នេះ ហើយទទួលបាននូវការលើកលែងទោសទណ្ឌ បំណុលពន្ធ និងការផាកពិន័យជាប្រាក់ ចំពោះការមិនបំពេញអនុលោមភាពកន្លងមកផងដែរ។»។

បន្ទាប់ពីចុះបញ្ជីរួច ធុរកិច្ចទាំងនោះ ក៏អាចស្នើសុំការលើកទឹកចិត្តបន្ថែម តាមរយៈការទៅចុះបញ្ជីក្នុងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ​​ដែលហៅកាត់ថា គ.​ល.គ បានផងដែរ។

បើតាមសម្តេច ហ៊ុន ម៉ាណែត នេះជាគឺជាលក្ខណៈពិសេសមួយ នៅក្នុងចំណោមលក្ខណៈពិសេស ក៏ដូចជាការលើកទឹកចិត្តផ្សេងៗទៀត នៅក្នុងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍនៅខេត្តភាគឦសាននេះ។

 ក្រៅពីការលើកលែងបំណុលពន្ធ សម្តេច ហ៊ុន ម៉ាណែត ក៏បញ្ជាក់ដែរថា រដ្ឋបានបង្កើតនូវយន្តការច្រកចេញចូលតែមួយ ដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែង ដូចនឹងយន្តការដែលរាជរដ្ឋាភិបាលបានអនុវត្តជោគជ័យកន្លងមកនៅក្នុងខេត្តព្រះសីហនុដែរ នោះគឺការបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន។ តាមរយៈក្រុមការងារនេះ វិនិយោគិនអាចដាក់ពាក្យស្នើសុំការអនុម័តគម្រោង និងលិខិតស្នាមផ្សេងៗ ដោយពុំចាំបាច់ឆ្លងនីតិវិធី ដោយឡែកតាមក្រសួង ស្ថាប័ននីមួយៗ។ ករណីជួបបញ្ហា វិនិយោគិន ក៏អាចស្នើការសម្របសម្រួល ដោះស្រាយពីក្រុមការងារនេះដោយផ្ទាល់បានដែរ​។

ទន្ទឹមនឹងនេះ ដើម្បីលើកទឹកចិត្តវិនិយោគិនក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម រាជ​រដ្ឋា​ភិបាល ក៏បានសម្រេចបន្ធូរបន្ថយលក្ខខណ្ឌសម្រាប់ធុរកិច្ចដែលទំហំទុនវិនិយោគអប្បបរមាចាប់ពី១០ម៉ឺនដុល្លារឡើងទៅ អាចស្នើសុំគោលការណ៍វិនិយោគពីគណៈកម្មការ ជំរុញអភិវឌ្ឍន៍ធុរកិច្ចភាគឦសាននេះ ដើម្បីសុំចុះបញ្ជី គ.ល.គ. បាន។ រដ្ឋាភិបាល ក៏ត្រៀម​ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប សម្រាប់​ធុរកិច្ច នៅខេត្តភាគឦសានផងដែរ។ នេះបើតាមប្រមុខរាជរដ្ឋាភិបាល ដែលបន្ថែមថា នេះគឺ​ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ចំ​ពោះ​ធុរកិច្ច លើសពីច្បាប់វិនិយោគរបស់កម្ពុជា៕


អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា