- ថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១១:១៩ នាទី ព្រឹក

យ៉ាងហោចណាស់ ៥ក្រុមពីក្របខណ្ឌ Premier League ធានាបានកៅអីប្រកួតប្រជែង UEFA Champions League រដូវកាល ២០២៥-២៦ បន្ទាប់ពី Arsenal ឈ្នះ Real Madrid ៣-០ ក្នុងជំនួបជើងទីមួយ វគ្គ៨ក្រុមចុងក្រោយ។ ខ្សែបម្រើ Declan Rice រកបាន២គ្រាប់ម្នាក់ឯងពីការស៊ុត Free Kick ដ៏អស្ចារ្យ។
នៅជំនួបជើងទី១ វគ្គ១/៤ផ្តាច់ព្រ័ត្រ នៅ Emirates រាត្រីថ្ងៃទី៨ ខែមេសា ខ្សែបម្រើអន្តរជាតិអង់គ្លេស Declan Rice ទាត់បាល់ពិន័យ Free Kick ដ៏អស្ចារ្យចំនួន២គ្រាប់សម្រេចទីទាំងពីរគ្រាប់ នៅនាទី៥៨ និង ៧០ ជួយ Arsenal នាំមុខភ្ញៀវ Real Madrid ២-០។ នៅនាទី៧៥ Mikel Merino បន្ថែមគ្រាប់ទី៣ ដើម្បីជួយក្រុមលោក Mikel Arteta ឈ្នះក្រុមដែលដឹកនាំដោយលោក Carlo Ancelotti ៣-០។
តាមរយៈជ័យជម្នះនេះ មិនត្រឹមជួយក្រុមរហស្សនាមកាំភ្លើងធំ មានភាគរយខ្ពស់ក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ ប៉ុន្តែថែមទាំងជួយកូតាក្រុមនៃលីគកំពូលអង់គ្លេសកើនយ៉ាងហោច ៥ក្រុមបានកៅអីក្រខណ្ឌកំពូលអឺរ៉ុប រដូវកាល ២០២៥-២៦។
ក្នុងប្រព័ន្ធការប្រកួតពានរង្វាន់ក្លិបតំបន់អឺរ៉ុបទាំង៣ របស់ UEFA ក្រោយដំឡើងពី ៣២ ទៅ ៣៦ក្រុមនោះ ក្រុមពីលីគកំពូលអង់គ្លេសត្រូវការឈ្នះតែមួយប្រកួត នឹងបានកៅអីបន្ថែមមួយក្នុងចំណោមពីរ។ នៅក្នុងប្រព័ន្ធនេះ ក្រុមរកបានពីរពិន្ទុសម្រាប់ការឈ្នះមួយលើក និងមួយពិន្ទុ សម្រាប់ការស្មើ។
លើសពីនេះទៅទៀត ពីអង់គ្លេសអាចនឹងមានក្រុមរហូតដល់ទៅ ៧ បានទៅលេង Champions League ប្រសិនបើ Aston Villa ឈ្នះជើងឯកនៅឆ្នាំនេះ ប៉ុន្តែបរាជ័យក្នុងការបជែងចំណាត់ថ្នាក់ Premier League ហើយ Manchester United ឬ Tottenham ឈ្នះ Europa League។
បន្ទាប់ពីអង់គ្លេសឈរលេខ១ លីគកំពូលអ៊ីតាលី Serie A ស្ថិតនៅចំណាត់ថ្នាក់លេខ២ តាមពីក្រោយដោយ La Liga របស់អេស្ប៉ាញ និង Bundesliga របស់អាល្លឺម៉ង់។
ក្រុម Liverpool និងក្រុម Arsenal ឈរនៅចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងតារាង Premier League ដោយមានពិន្ទុដាច់ ខណៈ Nottingham Forest កាន់កាប់តំណែងទី៣ បណ្តោះអាសន្នដ៏រឹងមាំ។ Chelsea, Newcastle United, Manchester City, Aston Villa, Brighton & Hove Albion និង Bournemouth សុទ្ធតែមានឱកាសប្រជែងកៅអី កំពូលអឺរ៉ុបរដូវកាលក្រោយ៕
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។
