ពន្ធគយទៅវិញទៅមករបស់លោក ត្រាំ ចូលជាធរមានហើយ
  • ថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៤៩ នាទី ព្រឹក
ពន្ធគយទៅវិញទៅមករបស់លោក ត្រាំ ចូលជាធរមានហើយ
លោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី៨ ខែមេសា។ រូបភាព សេតវិមាន

ការដាក់ពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លើប្រទេសជាច្រើន ដែលមានទំហំចាប់ពី១០ភាគរយ ដល់ ៥០ភាគរយ បានចូលជាធរមានហើយ នៅថ្ងៃទី៩ ខែមេសា។ ចាប់ពីពេលនេះ អាម៉េរិក ចាប់ផ្តើមយកពន្ធគយ ដូចការប្រកាសរបស់លោក ត្រាំ នៅថ្ងៃទី២ ខែមេសា។

TTN-Free-Banner-In-Article-PC

អត្ថបទទាក់ទង

ប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី២ ខែមេសា បានប្រកាសដាក់ពន្ធគយលើប្រទេសប្រមាណ ៩០ ដោយក្នុងនោះ កម្ពុជារងពន្ធគយចំនួន ៤៩ភាគរយ ខណៈចិន ត្រូវបានអាម៉េរិកដំឡើងដល់ ១០៤ភាគរយ។ ការដាក់ពន្ធគយទៅវិញទៅមក បានចូលជាធរមាននៅថ្ងៃទី៩ ខែមេសា (ម៉ោងនៅក្រុងវ៉ាស៊ីនតោន)។ 

ស្របពេលការដាក់ពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលជាធរមាន ទីភ្នាក់ងារការពារព្រំដែន និងគយអាម៉េរិក បានត្រៀមខ្លួនជាស្រេច ក្នុងការអនុវត្តតាមចំណាត់ការរបស់លោក ត្រាំ។ 

«ទីភ្នាក់ងារការពារព្រំដែន និងគយអាម៉េរិក នឹងប្រមូលពន្ធបន្ថែមក្រោមច្បាប់សេដ្ឋកិច្ចអាសន្នអន្តរជាតិ (IEEPA) លើប្រទេសនីមួយៗ ដែលរងពន្ធគយពី១១ភាគរយ ដល់៥០ភាគរយ នឹងចូលជាធរមាននៅថ្ងៃទី៩ ខែមេសា»។ សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារការពារព្រំដែន និងគយអាម៉េរិក បានបញ្ជាក់បែបនេះ នៅថ្ងៃទី៩ ខែមេសា។ 

តាមសំណើចរចារបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត ទៅអាម៉េរិក កម្ពុជា បានប្តេជ្ញាបង្កើនការនាំចូលទំនិញពីអាម៉េរិក តាមរយៈការកាត់បន្ថយពន្ធគយភ្លាមៗលើទំនិញចំនួន ១៩ប្រភេទ ពី ៣៥ភាគរយ មកត្រឹម ៥ភាគរយ។ ទន្ទឹមនេះ កម្ពុជា នឹងបញ្ជូនឧបនាយករដ្ឋមន្ត្រី១រូប និងរដ្ឋមន្រ្តី ១រូប ​ដើម្បីធ្វើការជាមួយតំណាងពាណិជ្ជកម្មអាម៉េរិកផងដែរ។ 

ក្រៅពីកម្ពុជា បណ្តាប្រទេសអាស៊ានដូចជាថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី នឹងស្វះស្វែងរកការចរចាជាមួយរដ្ឋបាលលោក ត្រាំ ដើម្បីបន្ធូរបន្ថយពន្ធគយ ដែលមានចាប់ពី ១០ភាគរយ ដល់ ៤៩ភាគរយ។ ចំណែក ចិន បានប្រកាសតតាំងជាមួយអាម៉េរិក ដល់ទីបញ្ចប់ ដែលធ្វើឱ្យអាម៉េរិកបន្ថែមពន្ធកើនដល់ ១០៤ភាគរយឯណោះ។ 

នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៨ ខែមេសា អ្នកនាំពាក្យសេតវិមានអាម៉េរិក លោកស្រី Karoline Leavitt បានបង្ហាញទិន្នន័យប្រទេសចំនួន ៧០ ដែលបានប្រកាសចង់ចរចាជាមួយអាម៉េរិក ដើម្បីកាត់បន្ថយពន្ធគយ តាមរយៈការធ្វើសម្បទានដល់ខ្លួន៕​


អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ